header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

សៀមរាបៈ «ទិសដៅ យុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាលនៅក្នុងការកំណែទម្រង់កងទ័ព តួនាទីភារកិច្ចកងទ័ពនៅក្នុងកងយុទ្ធពលខេមរៈភូមិន្ទ ពង្រឹងសមត្ថភាព ត្រៀមលក្ខណៈប្រយុទ្ធត្រៀមយកឈ្នះលើសមរភូមិក្នុងការការពារបូរណភាពទឹកដី ឈ្នះទៅលើការការពារសុខសន្តិភាពជូនប្រជាជន ឈ្នះលើសត្រូវគ្រប់បែបយ៉ាង ។ ដូច្នេះ ការកសាងសមត្ថភាពនេះ គឺត្រូវធានាប្រតិបត្តិករនៅក្នុងអង្គភាពនីមួយនីមួយមានសមត្ថភាព គឺឆ្លុះបញ្ចាំងពីការដឹកនាំអង្គភាពមួយមានសមត្ថភាព មានរបៀបរៀបរយក្នុងការដឹកនាំអង្គភាពចំណុះ ។ ដូច្នេះការជ្រើសរើសមេដឹកនាំអង្គភាពនីមួយនីមួយគឺសំខាន់ណាស់ » ។ នេះជាប្រសាសន៍លើកឡើងរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងនៅក្នុងពិធីប្រកាសតែងតាំងមុខងារ មេបញ្ជាការ និង នាយសេនាធិការយោធភូមិភាគទី៤ នៅទីបញ្ជាការយោធភូមិភាគទី៤ ខេត្តសៀមរាប កាលពីថ្ងៃសៅរ៍ ទី១ ខែធ្នូ​ ឆ្នាំ២០១៨ ។

លោកហ៊ុន ម៉ាណែត បានសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះមរណភាពរបស់សព លោក ឧត្តមសេនីយ៍ ជា ម៉ន មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការ យោធភូមិភាគទី៤ ដែលនេះគឺជាការបាត់បង់មួយដ៏ធំធេងមួយចំពោះជាតិ និងប្រជាជនកម្ពុជា ។ លោក គឺជាមេបញ្ជាការមួយរូបដែលស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងជាមេបញ្ជាការដ៏អង់អាចក្លាហានដែលបានចូលរួមចំណែកយ៉ាងក្លៀវក្លាក្នុងការសហការប្រយុទ្ធរំដោះប្រជាជនកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការការពារការវិលត្រលប់មកវិញនៃរបបអាវខ្មៅដ៏សាហាវយង់ឃ្នងនេះ ។

ឧត្តមសេនីយ៍ឯក បានសូមនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករឭកប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងខ្លួនខ្ញុំផ្ទាល់ ផ្ញើជូនចំពោះលោកមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ដែលមានវត្តមាននៅទីនេះ ក៏ដូចជានៅទូទាំងយោធភូមិភាគទី៤ ក្នុងសេចក្តីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅជាទីបំផុត រួមជាមួយនឹងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការលះបង់ និងការខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចក្នុងការការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងការធានានូវសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ ព្រមទាំងការចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍជាតិ ។

លោកអគ្គមេបញ្ជាការរងកងយោធពលខេមរមិន្ទ សន្តិភាព វិបុលភាព និងការអភិវឌ្ឍសព្វថ្ងៃនៅកម្ពុជា គឺជាជ័យជម្នះដ៏ធំធេងបំផុតដែលបានផ្តល់ឲ្យប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយយុទ្ធសាស្ត្ររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងស្ថានភាពនេះ រាជរដ្ឋាភិបាលមិនអនុញ្ញាតឲ្យបរទេស ក្រុម ឬជនណាមួយធ្វើសកម្មភាពបំផ្លាញសន្តិភាព និងសមិទ្ធផលដែលសម្រេចបានដោយពលិកម្មអាយុជីវិត តាមរយៈការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង ដែលអាចធ្វើឲ្យកម្ពុជាធ្លាក់ចូលក្នុងភ្លើងសង្រ្គាមសារជាថ្មីទៀតឡើយ ។ ដូច្នេះ អនុលោមតាមរដ្ឋធម្មនុញ្ញ និងនយោបាយការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ការបន្តការពារអធិតេយ្យ និងបូរណភាពទឹកដី និងការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងធានាសណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ គឺជាកិច្ចការស្នូលអាទិភាពចាំបាច់ និងមានសារៈសំខាន់ផុត ដែលកងយោធពលខេមរភូមិន្ទ ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្តប្រកបដោយភាពម៉ឺងម៉ាត់ ដាច់ខាត និងការទទួលខុសត្រូវពេញទំហឹង ដើម្បីធានាបានទាំងស្រុងនូវសន្តិភាព ស្ថិរភាព និងសន្តិសុខស្ថិតស្ថេរយូរអ្វែង និងការកសាងឱកាសសម្រាប់ការអភិឌ្ឍន៍ជាតិ ។

ពិសេសជាងនេះទៀត មុំមួយនៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ទាមទារនូវការឆ្លើយតបយ៉ាងមានប្រសិទ្ធភាពពីសំណាក់កងយោធពលខេមរភូមិន្ទ នៅក្នុងការកែទម្រង់របស់ខ្លួន ដើម្បីធានាឲ្យបានទាំងស្រុងនូវសន្តិភាព ស្ថិរភាព សន្តិសុខ អធិបតេយ្យភាព បូរណភាពទឹកដី និងការអភិវឌ្ឍប្រទេសជាតិ ។ នៅក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណទាំង៣ ដំណាក់កាលកន្លងមក រាជរដ្ឋាភិបាលសម្រេចបានវឌ្ឍនភាពជាមូលដ្ឋាននៅក្នុងការធ្វើទំនើបកម្មប្រព័ន្ធអភិបាលកិច្ច តាមរយៈយន្តការជាច្រើន ក្នុងនោះ រួមមានការកែទម្រង់កងកម្លាំងប្រដាប់អាវុធផងដែរ ។ ដូច្នេះ ដើម្បីបង្កើនល្បឿននៃការកែទម្រង់អភិបាលកិច្ច កងយោធពលខេមរភូមិន្ទ ត្រូវបន្តដំណើរទៅមុខប្រកបដោយប្រសិទ្ធភាពលើការកែទម្រង់របស់ខ្លួន តាមរយៈ៖ ១) ពង្រឹងការដឹកនាំ ការគ្រប់គ្រង និងខែ្សរយៈចាត់តាំង; ២) ការអភិវឌ្ឍធនធានមនុស្ស និងបង្កើតសមត្ថភាពយោធិន ដោយបង្កើនគុណភាពហ្វឹកហ្វឺន បំពាក់បច្ចេកវិទ្យាសមស្រប និងកសាងជួរកងម្លាំងបន្តវេន; ៣) ការលើកកម្ពស់សមត្ថភាពក្នុងការរក្សាសន្តិសុខ ការបន្តជំរុញកងទ័ព និងគ្រួរសារកងទ័ពឲ្យរស់នៅតាមបណ្តោយព្រំដែន, ការប្រយុទ្ធប្រឆាំងភេរវកម្ម ដើម្បីធានាបាននូវព្រំដែន សន្តិភាព និងការអភិវឌ្ឍ, សុវត្ថិភាពជាតិ និងគ្មានការគំរាមកំហែងពីអំពើភេរវកម្ម; ៤) ការពង្រឹងសមត្ថភាព ក្នុងការចូលរួមពង្រីក និងពង្រឹងទំនាក់ទំនងសហប្រតិបត្តិការអន្តរជាតិ ពិសេសការចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពនៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ និង ៥) ការលើកកម្ពស់សមត្ថភាព ចូលរួមគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការការពារបរិស្ថាន និងធនធានធម្មជាតិ, ការធ្វើអន្តរាគមន៍ក្នុងពេលមានគ្រោះធម្មជាតិ, ការបំពេញប្រតិបត្តិការមនុស្សធម៌ និងការជួយបង្កបង្កើនផលកសិកម្មដល់ ប្រជាជន ។

លោកមេបញ្ជាការកងទ័ពជើងគោក សង្កត់ធ្ងន់ថា ក្នុងនាមក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក ខ្ញុំសូមកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះយោធភូមិភាគីទី៤ ដែលបានខិតខំបំពេញភារកិច្ចក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន និងការបំពេញកិច្ចសហការជាមួយអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ក្នុងការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពបានល្អប្រសើរជូនប្រជាជន ទាំងនៅមុនពេលបោះឆ្នោត ក្នុងពេលបោះឆ្នោត និងរហូតមកដល់បច្ចុប្បន្ន ក៏ដូចជាការការពារសុវត្ថិភាពជូនភ្ញៀវទេសចរ ថ្នាក់ដឹកនាំជាតិ និងអន្តរជាតិ ដែលបានមកទស្សនាកំសាន្ត និងចូលរួមកិច្ចប្រជុំនានានៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ។ ក្រៅពីនេះ យោធភូមិភាគទី៤ ក៏បានបំពេញកិច្ចការផ្សេងៗទៀត ស្របតាមតួនាទីរបស់កងយោធពលខេមរភូមិន្ទ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រការពារជាតិដែលបានកំណត់ ។ ទន្ទឹមនឹងនេះដែរ ខ្ញុំសូមសម្តែងនូវក្តីសប្បាយរីករាយ និងចូលរួមអបអរសាទរចំពោះ លោក ឧត្តមសេនីយ៍ទោ ពៅ ហេង ដែលទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ ចំពោះការតែងតាំងតួនាទីជាមេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការ យោធភូមិភាគទី៤ និង លោក ឧត្តមសេនីយ៍ទោ សុខ រីនណា ក្នុងតួនាទីជាមេបញ្ជាការរង និងជានាយសេនាធិការយោធភូមិ ភាគទី៤ ដែលត្រូវបានប្រកាសជាផ្លូវការក្នុងឱកាសនេះ ។ ខ្ញុំមានសុទិដ្ឋិនិយមថា លោកមេបញ្ជាការ និងមេបញ្ជាការរង នឹងរួមសាមគ្គីឯកភាពផ្ទៃក្នុង បន្តខិតខំបន្ថែមទៀតដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងភារកិច្ចដែលថ្នាក់លើបានប្រគល់ឲ្យ និងយកចិត្តទុកដាក់សិក្សារៀនសូត្រជំនាញបន្ថែម ដើម្បីក្លាយជាមេបញ្ជាការប្រកបសមត្ថភាព និងវិជ្ជាជីវៈពិតប្រាកដ ប៉ិនប្រសប់ក្នុងការគ្រប់គ្រង ដឹកនាំ បញ្ជា អប់រំ និងហ្វឹកហ្វឺនកងទ័ព ។

លោឧត្តមសេនីយ៍ឯកថ្លែងទៀតថា ការតែងតាំងមុខងារតួនាទីថ្មីនេះគឺបានឆ្លងកាត់ការត្រួតពិនិត្យ វាយតម្លៃ ពិភាក្សាយ៉ាងម៉ត់ចត់ពីជួរថ្នាក់ដឹកនាំកងទ័ពជើងគោក ។ តាមពិតគឺមានបេក្ខភាពនាយទាហានមួយចំនួនទៀតដែលបានស្នើសំុបំពេញភារកិច្ច ។ កន្លងទៅចំពោះនាយទាហានជាច្រើនទៀតដែលមានស្នាដៃ ប៉ុន្តែការជ្រើសរើសនាយនាហានទាំង២រូបនេះ គឺគោលការណ៍ទី១ យើងផ្ដល់អទិភាពចំពោះអ្នកនៅក្នុងអង្គភាពស្រាប់ ហើយការងារនេះគឺជាការងារដែលកងទ័ពជើងគោកនឹងខិតខំដើម្បីយកជាគោលការណ៍នៅក្នុងការតែងតាំងនៅគ្រប់អង្គភាព ។ ទី២ គឺផ្អែកទៅលើ ឆន្ទៈ សមត្ថភាពបទពិសោធន៍ អតីតភាព នៃការងារ ជាពិសេសមានភាពជាអ្នកដឹកនាំ និងការទទួលខុសត្រូវ ព្រោះការជ្រើសរើសនេះសំខាន់នៅក្នុងការតែងតាំងអង្គភាពនីមួយៗ ដែលភាពជាដឹកនាំនេះ ការទទួលខុសត្រូវ និងឯកភាពផ្ទៃក្នុងគឺសំខាន់ណាស់ ។ ការជ្រើសរើសមេបញ្ជាការដែលអាចថែរក្សាសាមគ្គីផ្ទៃក្នុងបានល្អគឺសំខាន់ណាស់ ។ នេះគឺជាគោលការណ៍សំខាន់ណាស់នៅក្នុងការដឹកនាំ ។

លោកបន្តថា ទិសដៅ យុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាលនៅក្នុងការកំណែទម្រង់កងទ័ព តួនាទីភារកិច្ចកងទ័ពនៅក្នុងកងយុទ្ធពលខេមរៈភូមិន្ទ ពង្រឹងសមត្ថភាព ត្រៀមលក្ខណៈប្រយុទ្ធត្រៀមយកឈ្នះលើសមរភូមិក្នុងការការពារបូរណភាពទឹកដី ឈ្នះទៅលើការការពារសុខសន្តិភាពជូនប្រជាជន ឈ្នះលើសត្រូវគ្រប់បែបយ៉ាង ។ ដូច្នេះ ការកសាងសមត្ថភាពនេះ គឺត្រូវធានាប្រតិបត្តិករនៅក្នុងអង្គភាពនីមួយនីមួយមានសមត្ថភាព គឺឆ្លុះបញ្ចាំងពីការដឹកនាំអង្គភាពមួយមានសមត្ថភាព មានរបៀបរៀបរយក្នុងការដឹកនាំអង្គភាពចំណុះ ។ ដូច្នេះការជ្រើសរើសមេដឹកនាំអង្គភាពនីមួយនីមួយគឺសំខាន់ណាស់ ហើយថា ការងារចាំបាច់បន្ទាប់ទៀត គឺការងារពង្រឹងសាលា ពង្រឹងគ្រូ ពង្រឹងលទ្ធភាពដើម្បីធានានូវការហ្វឹកហ្វឺន ដើម្បីបំពេញជំនាញផ្ទៃក្នុង ។ ភារកិច្ចតែមួយគ្រាន់តែខុសពេលវេលាខុសគ្នា កេរ្តិ៍ដំណែលដែលយើងបានបំពេញភារកិច្ច គឺ សល់នូវអ្វីដែលយើងបានបន្សល់ទុកនូវកេរ្តិ៍ដំណែល
ហើយយើងជំនាន់ក្រោយត្រូវរួមគ្នាធ្វើបន្តទៀត ។ ទៅថ្ងៃខាងមុខ រួមមានការងារការពារសុខសន្តិភាព ការងារគ្រប់គ្រង អប់រំចិត្តសាស្រ្តគ្រប់គ្រងសតិអារម្មណ៍កងទ័ព ការងារសាមគ្គីភាពផ្ទៃក្នុងអង្គភាព ការលើកស្ទួយជីវភាពរស់នៅរបស់កងទ័ព ។ នេះហើយគឺជាអ្វីដែលសម្ដេចតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់នៅក្នុងការពង្រឹងការងារកងទ័ព ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post