
ភ្នំពេញៈ រថយន្តមួយគ្រឿងបានគេចពីក្រុមក្មេងស្ទាវ ដែលជិះម៉ូតូប្រដេញគ្នា ក៏បណ្តាលឲ្យរថយន្តបុកបង្គោលភ្លើងនៅខាងជើងផ្សារបឹងកេងកង រងការខូចខាតយ៉ាងដំណំ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២ទៀបភ្លឺ ថ្ងៃទី២៦ ខែធ្នូ នៅជើងផ្សារបឹងកេងកង ច្រកទី១០ ផ្លូវ៣៨០ កែងនឹងផ្លូវ៥៧ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមសម្ដីរៀបរាប់របស់ម្ចាស់រថយន្តខាងលើឈ្មោះ ម៉ី វិចិត្រ ជាមន្ត្រីកងយោធពលខេមរភូមិន្ទបានប្រាប់ឲ្យដឹងថា រថយន្តរបស់គាត់ម៉ាកកាម៉ារីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ២AQ-០២៥៨ តែគាត់មិនមែនជាអ្នកបើកបររថយន្តនោះទេ គឺមិត្តភក្ដិរបស់គាត់ម្នាក់ជាអ្នកបើកបររថយន្តខាងលើ ។
តាមប្រភពដដែលបានបន្តថា មុនកើតហេតុ គឺពួកគាត់នៅលេងក្នុងក្លឹបកំសាន្ត epic នៅក្រោយ jet កុងតឺន័រ រួចហើយមិត្តភក្ដិរបស់គាត់បានចេញមកមុន ដោយបើករថយន្តម៉ាកកាមរីបាឡែនចេញពីក្លិប ស្រាប់តែមានក្រុមម៉ូតូក្មេងស្ទាវជិះម៉ូតូប្រដេញគ្នាមកប៉ះរថយន្ត ធ្វើឲ្យមិត្តភក្ដិរបស់គាត់ភ័យ ក៏បើករថយន្តគេចចេញពីកន្លែងកើតហេតុ មិនដឹងជាយ៉ាងម៉េច ស្រាប់តែមកបុកបង្គោលភ្លើងបែបនេះតែម្ដង ប៉ុន្តែមិនប៉ះពាល់ដល់នណាម្នាក់ឲ្យរងរបួសទេ គឺខូចខាតតែរថយន្ត និងបង្គោលភ្លើងគាត់តែប៉ុណ្ណោះ ។
ក្រោយកើតហេតុ អ្នកបើកបររថយន្តបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ បន្សល់ទុកតែ រថយន្តនៅកន្លែងកើតហេតុ ហើយក៏មានវត្តមានម្ចាស់រថយន្តចេញមុខមកបង្ហាញអត្តសញ្ញាណខ្លួន និងបានសុំយកទ្រព្យសម្បត្តិមានតម្លៃក្នុងរថយន្តចេញ ហើយប្រគល់រថយន្តទៅឲ្យខាងសមត្ថកិច្ចវាស់វែងធ្វើតាមជំនាញ ។
បច្ចុប្បន្ន រថយន្ដបង្កខាងលើត្រូវបានខាងកម្លាំងសមត្ថកិច្ចជំនាញចរាចរធ្វើការវាស់វែងនឹងស្ទូចយកទៅរក្សាទុកនៅការិយាល័យនរគរបាលចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយគ្នាតាមក្រោយតាមផ្លូវច្បាប់ ៕




