
ភ្នំពេញៈ មន្រ្ដីជាន់ខ្ពស់រាជរដ្ឋាភិបាល បានស្នើឲ្យចិនជួយទិញផលិតផលកសិកម្មនៅកម្ពុជា បន្ថែមទៀត ដើម្បីលើកកម្ពស់ ជីវភាព ប្រជាពលរដ្ឋ ។
ក្នុងជំនួបសម្ដែងការគួរសមរវាង លោក wang wentain ឯកអគ្គរដ្ឋទូតចិនថ្មី ដែលបំពេញការងារ ប្រចាំប្រទេសកកម្ពុជា កាលពីរសៀលថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្ដីការគណៈរដ្ឋមន្រ្ដី លោកឧបនាយករដ្ឋមន្រ្ដី ហោ ណាំហុង មានប្រសាសន៍ថ្លែងអំណរគុណ ដល់រដ្ឋាភិបាលចិនដែលទិញអង្ករកម្ពុជា ៣០ម៉ឺនតោនក្នុងឆ្នាំ២០១៨ និងបានចុះអនុស្សារណៈទិញផ្លែចេកកម្ពុជាក្នុងពេលកន្លងមក ។ ជាពិសេស អ្នកទេសចរណ៍ចិនមកទស្សនាកម្ពុជាមាន១,៨លាននាក់ក្នុងឆ្នាំ២០១៨នេះ និងកើនឡើងជាង២លាននាក់ក្នុងឆ្នាំ២០២០ ។
ឆ្លៀតក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្រ្ដី បានស្នើឲ្យមិត្ដចិនជួយទិញម្រេច ស្វាយ និងផលិតផលកសិកម្មមួយចំនួនបន្ថែមទៀតពីកម្ពុជា ។
ជាការឆ្លើយតប លោក wang wentain បានសន្យានឹងយកសំណើរបស់កម្ពុជា ទៅជម្រាបជូនដល់ថ្នាក់ដឹកនាំរបស់ខ្លួន ដើម្បីពិចារណាធ្វើយ៉ាងណាជួយទិញម្រេច ស្វាយ និងផលិតផលកសិកម្មកម្ពុជាបន្ថែមទៀត ។
ក្នុងនោះ លោកបានកោតសរសើរចំពោះការរីកចម្រើនការអភិវឌ្ឍរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ។ លោកបានគាំទ្រការប្រកាសរបស់សម្ដេច អំពីការបញ្ចុះតម្លៃអគ្គិសនីនៅកម្ពុជា ក្នុងឆ្នាំ២០១៩ខាងមុខនេះ ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជា ។
លោកឧបនាយករដ្ឋមន្ត្រី ហោណាំ ហុងបានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន ដែលបានផ្ដល់ជំនួយ ឥណទាន និងការវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់មកកម្ពុជា ហើយព្រមទាំងគាំទ្រឯករាជភាព និងអធិបតេយ្យរបស់កម្ពុជាផងដែរ ៕