ភ្នំពេញៈ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៥ ធ្នូ នេះបាននឹងកំពុងបើកសម័យប្រជុំពេញអង្គ ពិភាក្សា និងអុនម័តលើសេចក្តីស្នើវិសោធនកម្មមាត្រា៤៥ថ្មី(ស្ទួន)ច្បាប់ស្តីពីគណបក្សនយោបាយ និងសេចក្តីព្រាងច្បាប់បរធនបាលកិច្ច។
សម័យប្រជុំព្រឹទ្ធសភាលើកទី២ នីតិកាលទី៤នេះ ក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងមានសមាជិកព្រឹទ្ធសភាសរុប៥៩រូបនៃចំននួសមាជិកទាំងអស់។
លោក ម៉ម ប៊ុននាង ជាអ្នកនាំពាក្យព្រឹទ្ធសភា មានប្រសាសន៍ថា ព្រឹទ្ធសភាកំណត់យកថ្ងៃទី២៥ ខែធ្នូ ដើម្បីពិនិត្យ និងឲ្យយោបល់លើសេចក្ដីស្នើច្បាប់វិសោធនកម្មមាត្រា៤៥ថ្មីនៃច្បាប់ស្ដីពីគណបក្សនយោបាយ ដើម្បីធានាភាពច្បាស់លាស់លើបុគ្គល ដែលត្រូវតុលាការសម្រេចហាមឃាត់ ការធ្វើសកម្មភាពនយោបាយ ស្របតាមគោលការនីតិរដ្ឋ លើកកម្ពស់ស្មារតីប ង្រួបបង្រួមជាតិ និងពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា សម្រាប់ថ្វាយព្រះមហាក្សត្រ ដើម្បីឲ្យពួកគេមានសិទ្ធិធ្វើនយោបាយឡើងវិញ។
លោកបន្តថា សេចក្តីស្នើច្បាប់វិសោធនកម្មច្បាប់គណបក្សនយោបាយ ត្រូវបានចុះហត្ថលេខា ដោយតំណាងរាស្រ្តចំនួន៨៧រូប ដោយធ្វើវិសោធនកម្ម ទៅលើមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដោយបន្ថែមនូវវាក្សខណ្ឌមួយថ្មីក្នុងមាត្រា៤៥ថ្មី (ស្ទួនមួយ )ដូចតទៅ៖
«បុគ្គលត្រូវបានតុលាការសម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយ មិនអាចបង្កើតគណបក្សនយោបាយ ឬចូលរួមក្នុងគណបក្សនយោបាយណាមួយ ឬឈរឈ្មោះឲ្យគេបោះឆ្នោត ឬធ្វើសកម្មភាពណាមួយគាំទ្រ ឬប្រឆាំងគណបក្សណាមួយបានឡើយ។ បុគ្គល ដែលបានតុលាការ សម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយនេះ នឹងអាចទទួលបានវិញនូវសិទ្ធិនយោបាយពេញលេញដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេល នៃការហាមឃាត់ ដែលកំណត់ដោយសាលដីការបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះត្រូវបានផ្តល់នីតិសម្បទាឡើងវិញដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្រ្តី តាមសេចក្តីស្នើសុំរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ»។
សូមជម្រាប់ថា សេចក្តីស្នើច្បាប់នេះ ត្រូវបានរដ្ឋសភាអនុម័តទាំងស្រុងដោយឥតកែប្រែ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ដោយសំឡេង១១៥ បន្ទាប់ពីពិនិត្យរួចរាល់ ដោយគណៈកម្មការជំនាញ៕