លោក គង់ គាំ អតីតទឹប្រឹក្សាគណបក្សសង្គ្រោះជាតិ បានប្រកាសច្បាស់ថាលោកនឹងធ្វើសំណើសុំចូលធ្វើនយោបាយឡើងវិញ នៅពេលវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយចូលជាធរមាន។
លោក គង់ គាំ បានអះអាងថាលោកបានវាយតម្លៃតាំងពីគណបក្សសង្គ្រោះជាតិមានបញ្ហាមកម្លេះ គណបក្សនេះមិនអាចមានវត្តមានក្នុងការធ្វើឱ្យរបបប្រជាធិបតេយ្យសេរីពហុបក្ស ហើយនិងបម្រើឆន្ទៈប្រជាពលរដ្ឋដែលចង់បានការផ្លាស់ប្តូរនោះទេ។ លោកបន្តទៀតថាលោកអន្ទះសារមែនទែន ហើយងឿយឆ្ងល់ហេតុអ្វីបានជាគាត់ត្រូវជាប់បំរាមមិនឱ្យធ្វើនយោបាយ ពីព្រោះគាត់គ្រាន់តែជាទីប្រឹក្សា មិនមានរចនាសម្ព័ន្ធក្នុងបក្សប្រឆាំងឡើយ។
អ្នកនយោបាយចាស់វស្សារូបនេះ សង្កត់ធ្ងន់ថា បើសិនលោកមានភ័ព្វសំណាងបានចូលធ្វើនយោបាយវិញ លោកនឹងទៅឈរជាទីប្រឹក្សានៃគណបក្សឆន្ទៈខ្មែរ ដែលមានកូនប្រុសលោក គឺលោក គង់ មុនីកា ជាប្រធាន ព្រោះលោកលែងមានជំនឿថាគណបក្សសង្គ្រោះជាតិអាចរស់ឡើងវិញហើយ ម្យ៉ាងវិញទៀតលោកសង្ឃឹមគណបក្សឆន្ទៈខ្មែរនឹងអាចនាំមកនូវការផ្លាស់ប្តូរតាមឆន្ទៈខ្មែរ។
ក្នុងមួយរយៈពេលចុងក្រោយនេះ អតីតទីប្រឹក្សាបក្សប្រឆាំង តែងតែវាយប្រហារមន្ត្រីជាន់ខ្ពស់អតីតបក្សប្រឆាំង ជាពិសេសលោក សម រង្ស៊ី។ លោក គង់ គាំ បានសរសេរថា៖ អនុវត្តច្បាប់គណបក្សនយោបាយ លោក សម រង្ស៊ី បានលាចេញពី CNRP (ទាំងតួនាទីប្រធាន ទាំងសមាជិកភាព) ភាពឯកជន ឯកោរបស់ សម រង្ស៊ី កាន់តែប្រឹងភ្ជាប់ជាមួយ CNRP កាន់តែបង្ហាញនូវចេតនាបំផ្លាញគេឯងដែលមិនរួមគំនិតជាមួយខ្លួន។
គួររំលឹកថាកាលពីថ្មីៗនេះ សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ អាចនឹងមានឱកាសបានវិលមកកាន់ឆាកនយោបាយវិញ នៅពេលច្បាប់ស្តីពីគណបក្សនយោបាយ ត្រូវបានធ្វើវិសោធនកម្មរួចប៉ុន្តែ អ្នកទាំងនោះត្រូវដាក់សំណើ ទៅកាន់នាយករដ្ឋមន្ត្រី ឬរដ្ឋមន្ត្រីមហាផ្ទៃជាមុនសិន ហើយបន្ទាប់មកទើបមានការពិចារណាថាឲ្យឬមិនឱ្យ។