header ads

Sponsor

រិទ្ធី

វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយដែលអាចផ្តល់ឱកាសដល់មន្ត្រីជាន់ខ្ពស់ទាំង១១៨នាក់ដែលជាប់បំរាម ឱ្យធ្វើនយោបាយវិញ ត្រូវបានរដ្ឋសភាអនុម័តទាំងស្រុង។ លោក គឹម សុខ អ្នកវិភាគនយោបាយដែលកំពុងរស់នៅបរទេស បានលើកឡើងពីហេតុផល១០យ៉ាងដែល ១១៧នាក់នៃគណបក្សសង្គ្រោះជាតិ មិនត្រូវសុំសិទ្ធិនយោបាយពីលោក ហ៊ុន សែន។

១- សិទ្ធិនយោបាយរបស់ពលរដ្ឋត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់ជាតិ។ ខ្លឹមសារច្បាប់ទាំងឡាយណា ដែលផ្ទុយពីរដ្ឋធម្មនុញ្ញត្រូវទុកជាមោឃៈ។ ការតម្រូវ​ឲ្យពលរដ្ឋសុំ​សិទ្ធិ​ធ្វើនយោបាយ​ គឺជា​ការ​កេងចំណេញ​នយោបាយ​។

២- ទាំងប្រជារាស្ត្រ គណបក្សសង្គ្រោះជាតិ និងទាំងសហគមន៏អន្តរជាតិ សុទ្ធតែដឹងច្បាស់ថាគណបក្សប្រឆាំងត្រូវតុលាការនៃលោក ហ៊ុន សែន រំលាយនិងហាមសិទ្ធិធ្វើនយោបាយនៃមន្ត្រីជាន់ខ្ពស់នោះ ជារឿងអយុត្តិធម៌បំផុត។ ហេតុនេះ ភារកិច្ចចំពោះមុខ គឺការស្រុះគ្នាទាមទារយុត្តិធម៌មកវិញ ហើយពេលនោះសិទ្ធិធ្វើនយោបាយនៃមន្ត្រីបក្ស ក៏ត្រូវបានធានាដោយស្វ័យប្រវត្តិ។ ដូច្នេះ តើមានហេតុផលអ្វីត្រូវចែកផ្លូវគ្នាសរសេរលិខិតម្នាក់មួយៗ សុំសិទ្ធិនយោបាយពីលោក ហ៊ុន សែន?

៣- បើមានអ្នកសុំសិទ្ធិនយោបាយពីលោក ហ៊ុន សែន នោះមានន័យថា អ្នកទទួលស្គាល់ការរំលាយគណបក្សសង្គ្រោះជាតិដោយដៃកខ្វក់របស់គាត់ ថាជាការត្រឹមត្រូវតាមច្បាប់។ ហើយបើអ្នកទទួលស្គាល់នូវរឿងអយុត្តិធម៌ ដែលពិភពលោកទាំងមូលដឹង និងប្រជារាស្ត្រម្ចាស់ស្រុកក៏ដឹងហើយមិនយល់ស្របទាំងរងការថ្កោលទោសផងនោះ តើអ្នកកំពុងធ្វើនយោបាយបម្រើបុព្វហេតុអ្វីឲ្យប្រាកដ? វានាំឲ្យអ្នកនយោបាយល្មើសបានចិត្តរឹតតែបំពានច្បាប់ និងទៅជា​បង្កើត​អំពើ​អយុត្តិធម៌​ បង្កើន​ចំនួន​អ្នករងគ្រោះ​ដោយ​អំណាច​ផ្ដាច់ការ​។

៤- កុំសម្រួលឲ្យសោះនូវរឿងដែលមិនត្រូវសម្រួលសោះ។ សូមគិតពិចារណា៖ សុខៗគេដុតផ្ទះអ្នក ហេតុនេះបើគេចង់សម្រួល តាមផ្លូវច្បាប់​ អ្នកត្រូវទាមទារឲ្យគេសង់ផ្ទះជូនអ្នកវិញក្នុងទ្រង់ទ្រាយដើមសិន។ អ្នកមិនអាចទៅយកការផ្តល់ឲ្យដោយគេ ជារបៀបឃុបឃិតគ្នាធ្វើជំនួញអាជីវកម្មនយោបាយខុសច្បាប់ ដើម្បីសន្សំលុយយកទៅសង់ផ្ទះនោះទេ។ បែបនេះ អ្នករងគ្រោះដោយអំពើបំពានរបស់គេហើយ អ្នកក៏ត្រូវរងការនិន្ទាថា ជាអ្នកប្រព្រឹត្តខុសច្បាប់មួយជាន់ទៀត។

៥- គណបក្សសង្គ្រោះជាតិ មិនបានទទួលស្គាល់សភាឯកបក្សសព្វថ្ងៃទេ ហេតុនេះគ្មានហេតុផលអ្វីត្រូវគោរពតាមខ្លឹមសារច្បាប់អធម្មនុញ្ញភាពនៃសភាឯកបក្សនៃរបបលោក ហ៊ុន សែន ឡើយ។

៦- បើក្នុងចំណោម១១៧នាក់ មានធ្វើលិខិតសុំសិទ្ធិនយោបាយពីលោក ហ៊ុន សែន នោះអ្នកទទួលស្គាល់ថា មាត់ហ៊ុន សែន ជាច្បាប់ (នីតិមាត់) ឬ ហ៊ុន សែន ជាជនអត្តាធិបតេយ្យ (បុគ្គល ហ៊ុន សែន ជាធំ)។ ដូច្នេះអ្នកនោះ ត្រូវឆ្លើយនឹងប្រជារាស្ត្រថា ខ្លួនជាអ្នកប្រជាធិបតេយ្យជាតិពិតមែនឬអត់? ពីព្រោះ ប្រជាធិបតេយ្យ គឺរាស្ត្រជាធំ និងយុត្តិធម៌ជាគោល ហើយក្នុងស្ថានភាពអយុត្តិធម៌បែបនេះ ប្រជារាស្ត្រទាមទារឲ្យក្រុមអ្នករួមគ្នាជាចាំបាច់ និងធ្វើសកម្មភាពស្របទិសនយោបាយជាកម្លាំងរួម។ ការធ្វើលិខិត​ទៅលោក​ហ៊ុនសែន​សុំសិទ្ធិធ្វើនយោបាយ ជាការលោត​ចូល​ក្នុង​អន្ទាក់​របស់​លោក​ហ៊ុនសែន ដែលប្រើល្បិចខូច​កម្ទេច សង្គ្រោះជាតិ មិនឲ្យ​ងើបឡើង​វិញ​បាន​។

៧- យ៉ាងណា អ្នក១១៧នាក់នៃបក្សប្រឆាំង ត្រូវទទួលស្គាល់ថា ខ្លួនជាផ្នែកដ៏សំខាន់នៃក្បាលម៉ាស៊ីនប្រជាធិបតេយ្យដើម្បីការផ្លាស់ប្ដូរតាមការចង់បានដោយទទូច​របស់​ប្រជារាស្ត្រ​ គឺ​ប្រជាជាតិ​ដែល​ត្រូវការ​ការ​សង្គ្រោះ​នេះ។ បើផ្នែកដ៏ធំនៃក្បាលម៉ាស៊ីនទៅសុំសិទ្ធិអ្នកចាំតែបំផ្លាញសិទ្ធិរបស់អ្នកហើយ នោះអ្នកកំពុងបង្កលក្ខណៈឲ្យលោក ហ៊ុន សែន ពង្រីកឱកាសកាន់តែធំសង្កត់ប្រជាធិបតេយ្យជាតិឲ្យងើបលែងរួចតែម្តង។ នេះមានន័យថា អ្នកសុំសិទ្ធិនយោបាយពីបុរសខ្លាំងខាងសម្លាប់ជាតិក្នុងសំបកប្រជាធិបតេយ្យក្លែងក្លាយ នោះជាមេទ័ពប្រជាធិបតេយ្យ ដែលគ្មានវិជ្ជាប្រជាធិបតេយ្យជាក់ស្តែង ដើម្បីសង្គ្រោះប្រទេសជាតិពីស្ថានភាពអន្តរកាលក្នុងគ្រាអាសន្នដ៏គ្រោះថ្នាក់។

៨- ទាំងប្រជារាស្ត្រ គណបក្សសង្គ្រោះជាតិ និងទាំងសហគមន៏អន្តរជាតិ ចង់បានបរិយាកាសប្រកួតប្រជែងបែបប្រជាធិបតេយ្យសេរីពហុបក្សពិតប្រាកដ ដែលអាចទទួលយកបានដោយម្ចាស់សន្លឹកឆ្នោតនិងសហគមន៍ម្ចាស់ជំនួយអន្តរជាតិ មិនមែនរបៀបបង្វិលស្ថានការណ៍ក្នុងហេតុផលដោះទ័លប្រើល្បិចដោះសាដើម្បីដោះខ្លួនពីសម្ពាធអន្តរជាតិរបស់លោក ហ៊ុន សែន ទេ។ នោះ គឺយ៉ាងហោចណាស់ មានគណបក្សប្រឆាំងមានសក្តានុពលមួយរស់ឡើងវិញ គ្រប់គ្នាមានសិទ្ធិធ្វើនយោបាយដោយគ្មានការគំរាមកំហែង និងរៀបចំបោះឆ្នោត ដែលអាចយកជាការបាន។ ហេតុនេះអ្នកទាំង១១៧ ត្រូវយល់អំពីតម្លៃនយោបាយ ដែលត្រូវដើរឲ្យស្របគោលការណ៍ដំណោះស្រាយជាសំណើពីសហគមន៍អន្តរជាតិ និងក៏ជាសេចក្តីត្រូវការដ៏ទទូចរបស់រាស្ត្រម្ចាស់ប្រទេសនិងប្រទេសជាតិនេះ។

៩- លោក ហ៊ុន សែន កំពុងប្រឡូកប្រឡាក់ខ្លួននឹងការប្លន់តួនាទីដឹកនាំជាតិដោយមិនសុចរិត ការរំលោភអំណាច ការរំលោភច្បាប់ជាដើម។ ច្បាប់​រដ្ឋធម្មនុញ្ញ​ត្រូវ​បាន​គណៈ​បក្ស​ញៀនអំណាច​របស់​លោក​ហ៊ុនសែន​កែ​តម្រូវ​តាម​ផលប្រយោជន៍​ការពារ​អំណាច​អប្រជាប្រិយ​និង​អ​ប្រជាធិបតេយ្យ​របស់ខ្លួនចំនួន​៩លើក និងកែ​ច្បាប់ប្រទេសតាម​ចំណង់​នយោបាយ​ ក្រោមពាក្យ វិសោធនកម្ម​ច្បាប់​ ជាល្បិច​បោក​បំភ័ន្ត​ប្រជារាស្ត្រ​។​ ហើយគាត់គ្មានវិធីសមរម្យនិងមានប្រសិទ្ធភាពណាមកលាងខ្លួនគាត់ឲ្យជ្រះបាត់ក្លិននយោបាយអសោចិ៍ និងរើឲ្យរួចពីការគាបសង្កត់ដោយសហគមន៍អន្តរជាតិ និងការមិនទទួលស្គាល់ដោយប្រជាពលរដ្ឋឡើយ។ ដូច្នេះ​គាត់​ដឹងក្លិន​អំពីការអាចឈានទៅដល់ការរង្គោះរង្គើផ្ទៃក្នុងបក្សរបស់គាត់ ដែលមិនសប្បាយចិត្តនឹងនយោបាយអត្តាធិបតេយ្យរបស់គាត់ដែលយកចំណងទៅពាក់កគេគ្រប់គ្នា​ផង។ ហេតុនេះ បើអ្នកណានៃ១១៧បែរជាសរសេរលិខិតសុំសិទ្ធិធ្វើនយោបាយពីលោក ហ៊ុន សែន នោះតើមិនមានន័យថា អ្នកនឹងធ្វើឲ្យអតីតមេទាហានខ្មែរក្រហម ដែល​កាសែត​បស្ចិមប្រទេស​ធ្លាប់ហៅថា​ជា​ប៉ុល​ ពត​ ទីពីរ​រូបនេះ​ ខ្ចីដៃលាងភាពអាស្រូវរបស់គាត់ទៅហើយឬ? បើហ៊ានធ្វើ អ្នកក៏នឹងប្រឡាក់ដៃដែរ។

១០- កុំភ្លេចថា បើលោក ហ៊ុន សែន ឈ្នះល្បែងនយោបាយដែលគាត់ជាអ្នករៀបចំឆាកសេណារីយ៉ូ សង្គ្រោះ​អំណាច​ផ្ដាច់ការ​ផ្ដាច់មុខ​របស់​គាត់នោះ មានន័យថា​អ្នកប្រជាធិបតេយ្យចាញ់។ បើអ្នកប្រជាធិបតេ្យចាញ់ គឺជាតិចាញ់។ បើផ្លូវសុំសិទ្ធិធ្វើនយោបាយពីលោក ហ៊ុន សែន នោះគឺជាផ្លូវនាំជាតិចាញ់ទៅហើយ ហើយអ្នកនៅតែប្រព្រឹត្ត តើអ្នកធ្វើនយោបាយដើម្បីអ្វី?​​ ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ​ ជនផ្ដាច់ការ​មិនដែល​ចេះធ្វើ​ប្រជាធិបតេយ្យ​ទេ ប៉ុន្តែ​ស្ទាត់ជំនាញ​ខាង​សម្លាប់​ប្រជាធិបតេយ្យ​ ពីព្រោះ​ប្រជាធិបតេយ្យ​គឺ​ ប្រជារាស្ត្រ​ជាធំ​ ដែលជា​សត្រូវ​របស់​អំណាច​ផ្ដាច់ការអត្តាធិបតេយ្យ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post