header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មានការរិះគន់ទៅលើលោក ពេជ្រ កែវមុន្នី ចៅហ្វាយខណ្ឌមានជ័យ យ៉ាងចាស់ដៃផ្អើលពេញបណ្ដាញសង្គមហ្វេសប៊ុក បន្ទាប់ពីប្អូនស្រីសម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលអត់ទ្រាំមិនឈឺឆ្អាលចំពោះសម្រែកទុក្ខលំបាករបស់រាស្ត្រមិនបាន។ យ៉ាងណា នៅមិនទាន់មានការឆ្លើយតបពីសំណាក់លោកចៅហ្វាយខណ្ឌនៅឡើយទេ ប៉ុន្តែមតិមហាជនបានរិះគន់លោក ពេជ្រ កែវមុន្នី ថា ឋានៈដល់ប្អូនស្រីសម្ដេចតេជោ ហ៊ុន សែន ទៅហើយ នៅទូរស័ព្ទមិនលើក ចុះទម្រាំរាស្ត្រសាមញ្ញវិញ តើពេលមានអាសន្នអន់ក្រ តើឲ្យពួកគាត់រត់រកអ្នកណាជួយ???

នៅមុននេះប៉ុន្មានម៉ោង លោកស្រី ហ៊ុន ស៊ីណាត តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន បានបង្ហោះសារមួយ ដោយបង្ហាញពីការស្ទើរអស់សង្ឃឹម ព្រោះតែលោកស្រី ព្យាយាមជួយដល់មន្ត្រីរាជការ២នាក់ប្ដីប្រពន្ធ រងគ្រោះព្រោះគេលេបត្របាក់ដីធ្លី ដែលជាកម្លាំងញើសឈាមរបស់ពួកគាត់។ សារនេះ បានធ្វើឲ្យមហាជន រិះគន់ទៅលើអាជ្ញាធរខណ្ឌមានជ័យ ជាពិសេសលោកចៅហ្វាយខណ្ឌ ពេជ្រ កែវមុន្នី តែម្ដង ដែលមិនយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់រាស្ត្រក្នុងមូលដ្ឋានរបស់ខ្លួន។

លោកស្រី ហ៊ុន ស៊ីណាត បានសរសេរយ៉ាងដូច្នេះថា “ម្សិលមិញរវល់ការចៅ តែការចៅកពិតមែន តែអារម្មណ៍របស់ខ្ញុំឮតែសំឡេងប្អូនម្នាក់ យំស្រែកហៅខ្ញុំអោយជួយរកយុត្តិធម៌នៅក្នុងដង្កាត់ចាក់អង្រែ។ រឿងរបស់លោក ចៅ លិន ជាគ្រូបង្រៀននៅវិទ្យាស្ថានជាតិអប់រំ និងប្រពន្ធឈ្មោះ ហម សូលក្ខណ៍ ជាមន្ត្រីរាជការ”

ប្រភពបន្តថា “បើតាមការរៀបរាបរបស់គាត់ ដីនេះ ទិញតាំងពីឆ្នាំ២០០៤ លុយនេះ ជាកំលាំងញើសឈាមរបស់គាត់សន្សំប្រាក់ខែជាគ្រូបង្រៀនបន្តិចបន្តួច ហើយគាត់សង្ឃឹមថា ក្នុងគ្រួសារជីវិតគ្រូបង្រៀនមួយនេះ មានដំបូលជ្រកកោន តែអនិច្ចាណាស់ ខ្ញុំបានទូរស័ព្ទជួបចៅសង្កាត់ចាក់អង្រែ កែវ សាវឿន តែគាត់ថា រឿងនេះ ថ្នាក់លើបញ្ជាមក។ ខ្ញុំទូរស័ព្ទទៅលោកអភិបាលខណ្ឌមានជ័យ ពេជ្រ កែវមុន្នី តែគាត់មិនលើក”

ចំពោះករណីជម្លោះដីធ្លីនេះ លោកស្រី បានគូសបញ្ជាក់ថា លោកស្រីមិនមែនបុគ្គលដោះស្រាយវិវាទដីធ្លីអ្វីនោះទេ តែរឿងដីលោកគ្រូនេះ លោកស្រីជឿជាក់ និងសង្ឃឹមទៅលើលោក ឃួន ស្រេង អភិបាលរាជធានីភ្នំពេញ នឹងដោះស្រាយជូនពួកគាត់ មិនឲ្យជីវិតលោកគ្រូ ត្រូវរស់នៅដោយអត់ដំបូលជ្រកអាស្រ័យឡើយ។

ជាមួយគ្នានេះ លោកស្រី ក៏លើកទឹកចិត្តដល់មន្ត្រីរាជការទាំងពីរនាក់ប្ដីប្រពន្ធថា “សូមលោកគ្រូកុំអស់សង្ឃឹមអីទីណា មានទុក្ខទីនោះមានសម្ដេចតេជោ និងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដែលជាដៃស្ដាំរបស់សម្ដេច គាត់នឹងជួយរកយុត្តិធម៌ជូនមិនខាន សូមឯកឧត្តម ឃួន ស្រេង មេត្តាជួយលោកគ្រូផង”

ដោយឡែក នៅក្នុងការបញ្ចេញមតិចំពោះខ្លឹមសាររបស់លោកស្រី មានទាំងអ្នកកាន់ជើង និងអ្នករិះគន់លោកចៅហ្វាយខណ្ឌ ព្រមៗគ្នាតែម្ដង។

គណនីហ្វេសប៊ុកឈ្មោះ LY Seyha ដែលអះអាងថា ជាជំនួយការលោកចៅហ្វាយខណ្ឌ ពេជ្រ កែវមុន្នី បានតបទៅសារបញ្ចេញមតិ( comment) របស់លោក ផែង វណ្ណៈ ដែលថា “អភិបាល​ខណ្ឌ​ស្ដេច​ត្រាញ់​ ដែលអ្នកមីង​ ទូរស័ព្ទ​ទៅហើយមិនលើកទៀត​” ថា Vannak Pheng មិនមែនបែបនេះទេបង ប្រហែលអាចជាគាត់រវល់មិនបានដឹង ដោយទុកទូរស័ព្ទចោល ណាមួយសម្បូអ្នកកាសែតមួយចំនួន តេសុំលុយច្រើន អញ្ចឹងអាចមិសស៊ីខល អ្នកមីងអាចនៅខាងក្រោម។ តែពេលនេះ គាត់និងទាក់ទងទៅអ្នកមីងវិញក្រោយចប់ប្រជុំណាបង”

ឈ្មោះ LY Seyha បញ្ជាក់ថា “ហើយរឿងនេះ ឯកឧត្តម សុយ សារិន ជាអ្នកដឹកនាំចុះរុះរើ ដោយឡែកលោកគ្រូ និងភរិយាគាត់ក៏បានមកដល់សាលាខណ្ឌ សុំអោយលោកអភិបាលជួយដែរ ក្រោយរុះរើរហើយ និងមុនរុះរើរ ហើយលោកអភិបាលក៏បានអោយគាត់ទាំពីរនាក់ ធ្វើប្រវត្តិដីមកអោយគាត់ ដោយអោយដឹងលឺពីសង្កាត់ផ្ទាល់ថា តើដីគាទិញពីពេលណា? ពីនាក់ណា? ក្នុងឆ្នាំណា?”

នៅពេលនោះ លោកស្រី ហ៊ុន ស៊ីណាត ក៏តបទៅ LY Seyha ថា “លោកក្មួយនិយាយថា សម្បូអ្នកកាសែតតេសុំលុយ ម្ចាស់ថ្លៃអើយ ចុះបើបែបនេះមែន ឲ្យរាស្ត្រសង្ឃឹមខ្យល់ទៅ ក្នុងនាមខ្លួនជាអ្នកបម្រើរាស្ត្រ មិនគួរខ្លាចក្នុងកាលើកទូរស៏ព្ទទេ មានតែមន្ត្រីគ្រាប់ល្ពៅឆៅទេ ដែលខ្លាចមិនហ៊ានលើកទូរស័ព្ទនោះ។ ខ្ញុំតេនេះ គ្រាន់តែចង់ដឹងរឿងដីលោកគ្រូប៉ុណ្ណឹងទេ តែខ្ញុំតេក្នុងថ្ងៃអាទិត្យខ្ញុំគិតថា បែបអស់លោកមិនលើកទូរស័ព្ទ ពីព្រោះថ្ងៃក្រហម...”

លោក ផែង វណ្ណៈ ក៏តបការឆ្លើយតបខាងលើ ៖ “ខ្លាចអ្នកមីងតេសុំលុយដែរទេដឹង បានមិនលើក​ ហេ​ ហេ​ ហេ​”។ ទើបលោកស្រី​បន្តថា Vannak Pheng បែបហើយក្មួយ មន្ត្រីល្អគាត់ខ្លាចរាស្ត្រតេរំខាន ម្សិលមិញម្ចាស់ដីគាត់ឆាតមកយំរហូតមីង ចង់ដឹងរឿងប៉ុណ្ណឹង មីងកតេជាមួយតាំងណៃមិត្តរបស់មីង ពីព្រោះតាំងណៃគាត់ឮសំឡែងនាងនោះយំ តែខ្ជិលប្រកាន់អីគាត់មិនលើកហើយមានតែសុំឲ្យលោកឃួន ស្រេងជួយមើល”

ទោះជាបែបណាក៏ដោយ ចំពោះករណីនេះ បានធ្វើឲ្យរាស្ត្រជាច្រើន ជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុករិះគន់យ៉ាងចាស់ដៃ ទៅលើលោក ពេជ្រ កែវមុន្នី។ ម្នាក់ៗលើកឡើងពីមតិយល់ឃើញរៀងៗខ្លួន ប៉ុន្តែក្នុងន័យថា ឋានៈដល់ប្អូនស្រីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីទៅហើយ នៅតេមិនលើកទូរស័ព្ទ ចុះទម្រាំរាស្ត្រសាមញ្ញវិញ???

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post