header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ នារីខ្មែររូបស្រស់ម្នាក់ យំ​ត្រហេបត្រហប​ ឡើងជិះ PassApp ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលផ្សារថ្មី៣ ទាំងហួសចិត្ត​​ នឹងទង្វើមិនគប្បីរបស់បុរសបរទេសម្នាក់ ដែល​បានមកចាប់ចង្កេះនាងរួចចាប់ឱបថើប តែត្រូវនាងទះមួយ​កំផ្លៀង​ ហើយជននោះរត់ចូលសង្ងំក្នុងក្លិប HEART OF DARKNESS ខណៈនារីរងគ្រោះ​ក៏ជាភ្ញៀវមួយរូបដែរ ប្រាប់ឲ្យបុគ្គលិក និងសន្តិសុខជួយរកបុរសបរទេសនោះផង បែរជាអ្នកគ្រប់គ្រង​ក្លិប និងបុគ្គលិក​ទាំងនោះ គ្មានអ្នកណា​អើពើ​ទៅលើ​បញ្ហានេះទៅវិញ ដោយទុកឱកាសឲ្យជននោះ​លួចរត់គេចខ្លួនបាត់ ដោយចាំបាត់ៗយូពេក ទើបនាងខឹងបោកកែវ ស្រែករកជនបរទេសនោះឲ្យចេញមក​ តែក៏ត្រូវបានសន្តិសុខដេញចេញមកក្រៅ​ទើបអ្នកគ្រប់គ្រងក្លិបចេញមកសុំសម្រួល​ ព្រោះមិនចង់ឲ្យមានរឿងវែងឆ្ងាយ និងខ្លាចប៉ះពាល់ដល់ក្លិប គ្រាន់តែលឺការបកស្រាយ​ នាងក៏ត្រហ៊ោយំបង្កការភ្ញាក់ផ្អើលឡើងតែម្ដង។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៤៖០៥នាទីទាបភ្លឺ​ ឈានចូលថ្ងៃទី១០ ខែធ្នូ​ ឆ្នាំ២០១៨ នៅក្នុងក្លិបមួយឈ្មោះថា "HEART of Darkness Club" ម្ដុំ​សូរិយាម៉ល ផ្លូវលេខ៥១ (ប៉ាស្ទ័រ​) ខណៈដែលភ្ញៀវជនបរទេសរូបនោះ បានចូលមកផឹកស្រាជុំមិត្តភក្ដិ នៅក្នុងក្លិបខាងលើ ហើយឆ្លៀតពេលដែលឃើញនាងឈរតែម្នាក់ឯង និងរូបសម្រស់ស្រស់នាងស្អាតទៀតនោះ ស្រាប់តែជនបរទេសនោះ បានងើបចេញពីតុផឹកស៊ី រួចដើរទៅឱបរួចចាប់ថើប ប៉ុន្តែ ត្រូវបាននាងខំរើបម្រាស់រួចចេញពីដៃ រួចក៏ទះមួយកំផ្លៀង ស្រាប់តែជននោះដើរចេញឡើងលឿន​ រួចចូលទៅ​សង្ងំខាងក្នុងបាត់​។

បើតាមសម្ដីរបស់នារីរងគ្រោះ​ ដែលស្រែកស្ដីបន្ទោសដាក់បុរសម្នាក់ ​ដែលជាអ្នកគ្រប់គ្រងក្លិបនោះនៅចំពោះមុខមហាជន​ថា រូបនាងជាជនរងគ្រោះ​ និងជាភ្ញៀវមួយរូបដែរ ក្រោយពីបុរសបរទេសនោះ​ បានមកចាប់ចង្កេះនាងរួចចាប់ឱបថើប នាងក៏ទះមួយ​កំផ្លៀង​ ហើយបរទេសរូបនោះ​ ក៏គេចចូលទៅពួន​ ទើបនាងមក​ប្រាប់ឲ្យបុគ្គលិក និងសន្តិសុខ ជួយរកបុរសបរទេសនោះផង បែរជាបុគ្គលិក​ទាំងនោះ មិនមានអ្នកណា​អើពើ​ទៅលើ​បញ្ហារបស់នាងទៅវិញ ទើបនាងខឹងបោកកែវ ស្រែករកជនបរទេសនោះឲ្យចេញមក​ ព្រោះតែការមិនឲ្យតម្លៃនាងក៏ជាភ្ញៀវមួយរូបដែរ ហេតុអ្វីនាងប្រាប់ហើយម៉េចមិនមានអ្នកណាជួយ​ដោះស្រាយ​ ឬទុកឱកាសឲ្យភ្ញៀវបរទេសនោះ ​លួចរត់គេចខ្លួនបាត់ហើយ​ បានសន្តិសុខដេញនាងឲ្យចេញមកក្រៅ​ ហើយទើបលោកដែលជាអ្នកគ្រប់គ្រងក្លិប ចេញមុខមកសុំនិយាយសម្របសម្រួល​ ព្រោះមិនចង់ឲ្យមានរឿងវែងឆ្ងាយ និងខ្លាចប៉ះពាល់ដល់ក្លិបរបស់លោកគ្រប់គ្រង? ចុះនាង​ជាមនុស្សស្រី ត្រូវ​គេមកបំពានរាងកាយក្នុងក្លិបរបស់លោក​ ហេតុអ្វីមិនជួយ? រួចបុរសដែលនាងនិយាយជាមួយថា ជាអ្នកគ្រប់គ្រងនោះបានបកស្រាយទៅវិញទៅមក​។

មួយសន្ទុះ​ក្រោយមក ​អ្នកគ្រប់គ្រង​នោះនិយាយថា​ បើអ្នកនាង​សង្ស័យថា ​ខាងក្នុងមានលាក់ទុកបុរសបរទេសនោះ ខ្ញុំនាំអ្នកនាងចូលទៅឆែករកមើលទាំងអស់គ្នា​ នាងក៏ឆ្លើយវិញថា​ ជាងមួយម៉ោងទៅហើយ​ វាហួសពេលដែលត្រូវរកហើយ​ នាងខ្ញុំសូមអរគុណលោកខ្លាំងណាស់ដែលបានជួយ ហើយក៏ត្រហ៊ោយំហៅកង់បី PassApp ឡើងជិះ​ចេញទៅ​ ហើយអ្នកយកព័ត៌មាន​ CAM POST យើងក៏បានសាកសួរឈ្មោះ នាងមិនឆ្លើយអ្វីច្រើនទេ ដោយប្រាប់មួយម៉ាត់ថា ឈ្មោះ អន​ សុខណាង​ អាយុប្រហែល៣០ឆ្នាំ ហើយក៏ទៅដាក់ពាក្យបណ្ដឹង​នៅប៉ុស្តិ៍នគរបាលផ្សារថ្មី៣ តែម្ដង។

សូមជម្រាបជូនថា​ បើយោងមាត្រា២៤៦ នៃក្រមព្រហ្មទណ្ឌ ស្តីពីបទប្រទូស្តកេរខ្មាសចែងថា គ្រប់អំពើ ប៉ះពាល់ ស្ទាប អង្អែលកេរភេទ ឬផ្នែកផ្សេងទៀតរបស់បុគ្គលដទៃតែបុគ្គលនេះ មិនស្ម័គ្រផងទេ ឬបង្ខំឲ្យបុគ្គលដទៃប្រព្រឹត្តអំពើនេះមកលើខ្លួន ឬទៅលើតតិយបុគ្គល ក្នុងគោលបំណងធ្វើឲ្យរំជួល ឬរីករាយដល់ចំណងផ្លូវភេទរបស់ជនល្មើស គឺជាអំពើប្រទូស្តកេខ្មាស ។ អំពើប្រទូស្តកេខ្មាស ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី ១ឆ្នាំទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ៦លានរៀល។

ម្យ៉ាងវិញទៀត យោងតាមច្បាប់ព្រហ្មទណ្ឌ ចំពោះបទមជ្ឍិម និងបទឧក្រិដ្ឋ បណ្តឹងអាជ្ញាមិនអាចរលត់ដោយសារការសម្របសម្រួល ឬការបង់ប្រាក់ពិន័យបានឡើយ វៀរលែងតែបទលហុ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post