
ភ្នំពេញៈ លោក តាន់ គីមសួរ ដែលប្រិយមិត្តអ្នកលេងហ្វេសប៊ុកស្គាល់ច្បាស់ថា ផលិតករមួយរូប ដែលតែងតែផលិតវិដេអូអប់រំពញ្ញាក់អារម្មណ៍ ដើម្បីឲ្យប្រជាពលរដ្ឋចេះជួយឈឺឆ្អាលគ្នាទៅវិញទៅមក នៅពេលជួបរឿងអយុត្តិធម៌ក្នុងសង្គមនាពេលកន្លងទៅនោះ លើកនេះបានចេញមុខរិះគន់អាជ្ញាធរយ៉ាងចាស់ដៃ ហើយទទួលបានការគាំទ្រច្រើនពីអ្នកគាំទ្រ។
ប៉ុន្មានខែមុននេះ លោកបានធ្វើវិដេអូដែលនិយាយពីក្មេងសុំទាននៅស្តុបផ្សារដើមគរ ដោយក្មេងៗទាំងនោះ ត្រូវបានម្តាយឪពុកបង្ខំឲ្យសុំទាន ដើម្បីយកលុយទៅចិញ្ចឹមគេ ដោយមិនឲ្យក្មេងៗទាំងនោះទៅរៀនសូត្រនោះ ដែលនេះគឺជាអំពើខុសច្បាប់ ដោយប្រើប្រាស់កុមារមិនគ្រប់អាយុ ដើម្បីបម្រើផលប្រយោជន៍របស់ខ្លួន កេងប្រវ័ញ្ចកម្លាំងពលកម្មកុមារ។
ហើយលោក តាន់ គីមសួរ ឆ្ងល់ក្មេងតូចម្នាក់ ដែលពួគគេតែងតែបីក្មេងតូចនោះ ដើរសុំទាន ដោយមិនយំ និងមិនរើបម្រាស់ទាល់តែសោះ។ លោកសង្ស័យថា ក្នុងកំប៉ុងទឺកដោះដែលឲ្យក្មេងនោះផឹក គឺមានជាតិថ្នាំងងុយគេងក្នុងហ្នឹង ដើម្បីឲ្យក្មេងមានអារម្មណ៍ងងុយគេង ងាយស្រួលបី និងឆាប់ឲ្យគេអាណិត។
កន្លងបំផុតជាច្រើនខែមក លោកក៏ប្រទះក្មេងនោះ ហើយនិងយាយនោះទៀត ដោយបានធ្វើទង្វើសុំទានបែបនេះដដែល មិនរៀងចាលទាល់តែសោះ ហើយក្នុងនោះផងដែរ យាយសុំទាននោះ ក៏បានស្រែកជេរលោក តាន់ គីមសួរ យ៉ាងខ្លាំងៗផងដែរ ព្រោះថា លោក តាន់ គីមសួរ បានបំផ្លាញមុខរបររកស៊ីរបស់គាត់។
បន្ទាប់ពីជួបរឿងបែបនេះ យប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨នេះ លោក តាន់ គីមសួរ ក៏បានបង្ហោះរូបយាយសុំទាននោះ ជាមួយនឹងក្មេងតូចនោះ ដោយភ្ចាប់សារថា «អាជ្ញាធរ អាចម៍ឆ្កែស្អីទេហា គ្រាន់តែរឿងប៉ុណ្ណឹង ធ្វើមិនបែក»៕




