ភ្នំពេញៈ បុគ្គលិកក្រុមហ៊ុន PNT ប្រើល្បិចយកលុយក្រុមហ៊ុនចំនួន៦.៣១៧ដុល្លារ ទៅចាយអស់មិនព្រមយកលុយមកប្រគល់ឲ្យក្រុមហ៊ុនវិញ ត្រូវតំណាងក្រុមហ៊ុនចាប់ប្រគល់ឲ្យសមត្ថកិច្ច ដោយចោទពីបទរំលោភលើទំនុកចិត្ត។ ករណីនេះ កើតឡើងកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង៦និង០០នាទីល្ងាច នៅចំណុចក្រុមហ៊ុន PNT ផ្លូវ១៩៧៤ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
សមត្ថកិច្ចប្រាប់ថា ជនសង្ស័យឈ្មោះ ចំរើន ចន្ទ័រិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន PNT ស្នាក់នៅផ្ទះលេខ១០៨៧ ផ្លូវ០១ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ ភ្នំពេញថ្មី(គ្មានសារធាតុញៀន)។ ចំណែកជនរងគ្រោះឈ្មោះ គង់ គន្ធារិទ្ធ ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន PNT ស្នាក់នៅផ្ទះលេខ៥៩DE0 ផ្លូវ១៤៦ សង្កាត់ផ្សាដេប៉ូ២ ខណ្ឌទួលគោក ភ្នំពេញថ្មី (តំណាងក្រុមហ៊ុន។ សម្ភារៈបាត់បង់ លុយដុល្លាចំនួន៦.៣១៧ដុល្លារ សម្ភារៈបន្សល់ទុក មានវិក័យប័ត្រទូទាត់មួយចំនួន។
ប្រភពពីតំណាងក្រុមហ៊ុន បានឲ្យដឹងថា មុនពេលកើតហេតុ ថ្ងៃទី២៩-៩-២០១៨ ជនសង្ស័យបានចូលបម្រើការងារនៅក្រុមហ៊ុនខាងលើ មានមុខងារជាតំណាងក្រុមហ៊ុន។ បន្ទាប់មក ខាងក្រុមហ៊ុនបានឲ្យជនសង្ស័យយកបញ្ជីផ្ទៀងផ្ទាត់ ទើបដឹងថា ជនសង្ស័យខាងលើ បានយកលុយពីអតិថិជនចំនួន៨៥៧.៤២ដុល្លារ មិនប្រគល់ឲ្យក្រុមហ៊ុន រួចជនសង្ស័យបានសុំក្រុមហ៊ុនឲ្យខ្លួនធ្វើការបន្ត និងសុំឲ្យក្រុមហ៊ុនកាត់ប្រាក់ខែរបស់ខ្លួនក្នុង១ខែ ចំនួន១០០ដុល្លារ រហូតដល់ថ្ងៃទី១-១២-២០១៨។ ខាងក្រុមហ៊ុន មានការសង្ស័យជាលើកទី២ បានធ្វើការឆែកឆេរបញ្ជី ហើយរកឃើញជនសង្ស័យបានយកលុយចំនួន៥៥៥៩,៦៧ដុល្លារ ពីអតិថិជនមិនប្រគល់ឲ្យក្រុមហ៊ុនទៀត។ លុះដល់ម៉ោង១៨និង០០ ថ្ងៃទី០១-១២-២០១៨ ទើបជនរងគ្រោះ(តំណាងក្រុមហ៊ុន) នាំខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ធ្វើការសាកសួរ និងបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង។
លោក យឹម ដាវុធ នាយផ្នែកនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ ប្រាប់តាមរយៈទូរស័ព្ទថា ទឹកប្រាក់ដែលជនសង្ស័យបានយកពីអតិថិជននោះ គឺមានតាមដំណាក់កាលៗ ដូច្នេះហើយទឹកប្រាក់ដែលជនសង្ស័យជំពាក់ក្រុមហ៊ុននោះ សរុបចំនួនតែ៦.៣១៧ដុល្លារទេ។ នេះបើយោងតាមចម្លើយសារភាពរបស់ជនសង្ស័យ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕