
ភ្នំពេញៈ ឆេះផ្ទះមួយល្វែង ក្នុងបុរីចំការមន បណ្ដាលឲ្យស្ត្រីម្នាក់រងរបួស និងបុរសមាឌធំម្នាក់ទៀត រលាកពេញខ្លួន ស្រែកហៅគេឲ្យជួយ ស្រាប់តែវិលមុខធ្លាក់ពីជាន់ទី២ ដឹកដល់ពេទ្យស្លាប់។
គ្រោះអគ្គិភ័យនេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃពុធ ទី៥ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅក្នុងបុរីចំការមន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សាក្សីដែលឃើញហេតុការណ៍ បានរៀបរាប់ប្រាប់ភ្នាក់ងារ ខេមប៉ុស្តិ៍ ឲ្យដឹងថា ដំបូងឡើយគេឃើញផ្ទះលេខG17 មានផ្សែងហុយចេញពីក្នុងផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលឆោឡោដល់ប្រជាពលរដ្ឋ ដែលរស់នៅជិតខាង ក៏នាំគ្នាយកបំពង់មកបាញ់អស់ចំនួន៨បំពង់ នៅតែមិនទាន់រលត់ ក៏បានទំនាក់ទំនងប្រាប់សមត្ថកិច្ចចុះមកអន្តគមន៍ និងហៅរថយន្តពន្លត់អគ្គិភ័យមកដល់កន្លែងកើតហេតុចំនួន៨គ្រឿង ហើយបានបាញ់អស់៣គ្រឿង ក៏រលត់ទៅវិញប្រើរយៈពេលជិត២ម៉ោង។
សមត្ថកិច្ច បានឲ្យដឹងថា ក្នុងហេតុការណ៍អគ្គិភ័យកំពុងឆាបឆេះខាងលើនេះ សមត្ថកិច្ចបានសម្រេចចិត្តវាយបំបែកកញ្ចក់រថយន្តទំនើបមួយគ្រឿង ហើយនាំគ្នាជួយរុញទៅអែបរបង ខណៈស្រ្តីជាប្រពន្ធម្ចាស់ផ្ទះ បានរងរបួស ត្រូវបានរថយន្តពេទ្យដឹកទៅសង្រ្គោះភ្លាមៗផងដែរ ។ ចំណែកបុរសជាប្តី សមត្ថកិច្ចរកមិនឃើញ ពេលនោះសមត្ថកិច្ចកំពុងបាញ់ និងរុករកជាន់ទី១ និងជាន់ទី៣ ក៏មិនឃើញ រីឯជាន់ទីពីរ ត្រូវបានចាក់សោពីខាងក្នុងទៀត ហើយកម្លាំងសមត្ថកិច្ច ក៏បន្តបាញ់ទឹក និងរុករក ក៏ស្រាប់តែឃើញជនរងគ្រោះ បើកទ្វារចេញមករាលហាលខាងមុខនៅជាន់ទី២ ដោយខ្លួនប្រាណត្រូវភ្លើងឆេះរោលខ្មៅពេញខ្លួន ហើយគាត់ក៏ស្រែកឲ្យគេជួយ ស្រែបានបន្តិចស្រាប់តែគាត់ទំនងអស់ខ្យល់ ក៏ដួលផ្កាប់មុខធ្លាក់មកវិលមួយជុំបោកនឹងឥដ្ឋការ៉ូខាងក្រោម បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយត្រូវរថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិកឯកជន ហុង ហាក់ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ តែអកុសល ដោយយសារតែជនរងគ្រោះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំង ហើយបានដាច់ខ្យល់ស្លាប់នៅលើរថយន្តតែម្ដង។
បច្ចុប្បន្នសាកសព មិនទាន់ស្គាល់អត្តសញ្ញាណទេ ត្រូវបានសាច់ញាតិដឹកយកទៅតម្កល់ ធ្វើបុណ្យតាមប្រពៃណី នៅវត្តសារ៉ាវត្តី ក្នុងខណ្ឌឫស្សីកែវ។
សមត្ថកិច្ចខាងពន្លត់អគ្គិភ័យក៏បានស្ដីបន្ទោសយ៉ាងខ្លាំងចំពោះសន្តិសុខយាមបុរីខាងលើ ដែលមិនអនុញាតអោយរថយន្តពន្លត់អគ្គិភ័យ ចូលទៅពន្លត់បានទាន់ពេលវេលានោះ លុះពេលចូលបានហើយផ្លូវចូលក៏ត្រូវបានម្ចាស់ផ្ទះក្នុងបុរី បានយករថយន្តមកចតពេញផ្លូវ ទើបធ្វើឲ្យមានការពិបាកដល់រថយន្តពន្លត់អគ្គិភ័យ ទម្រាំតែបានចូលទៅដល់កន្លែងកើតហេតុនោះ។
ចំពោះការខូចខាត រាល់សម្ភារៈផ្សេងៗនៅក្នុងផ្ទះ គឺត្រូវឆេះខ្ទេចស្ទើរតែទាំងស្រុង ហើយតាមសម្តីក្មួយម្ចាស់ផ្ទះបានប្រាប់ដឹងថា មូលហេតុបង្កឲ្យមានការឆេះនេះឡើង គឺមកពីឆ្លងចរន្តអគ្គីសនី៕




















