header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ស្ពឺៈ នារីវ័យក្មេងជាកម្មករកាប់អំពៅម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម ដោយសារតែសម្រាកពីការងារ ហើយចូលទៅដេកក្នុងរងអំពៅ ហើយត្រូវបានម៉ាស៊ីនកាត់ចំបណ្តាលឲ្យខ្ទេចខ្ទីសាច់អស់ ដូចកំណាត់អំពៅអីចឹង ប៉ុន្តែត្រូវបានលោក ហ៊ុន សុខហុន អធិការស្រុកថ្ពងចុះទៅដល់កន្លែងកើតហេតុភ្លាមៗ បានហាមឃាត់មិនឲ្យអ្នកណាម្នាក់ថតយករូបភាពនេះឡើយ ដើម្បីងាយស្រួលបិទបាំងរឿងមួយនេះកុំឲ្យដឹងដល់ក្រុមអ្នកសារព័ត៌មាននានា សូម្បីតែលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ ក៏លោកមិនបានដឹងរឿងនេះដែរ ។

ហេតុការណ៍ម៉ាស៊ីនកាត់អំពៅកាត់បណ្តាលឲ្យនារីម្នាក់ស្លាប់នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងចម្ការអំពៅក្នុងភូមិក្រវៀក ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

បើតាមប្រភពពីប្រជាពលរដ្ឋម្នាក់ឈ្មោះ ស៊ុន លី អាយុ ជាង៥០ឆ្នាំ រស់នៅក្នុងភូមិពាណិជ្ជ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ និងឈ្មោះរី ភេទស្រី អាយុជាង៥០ឆ្នាំ រស់នៅក្នុងភូមិពាណិជ្ជ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បាននិយាយតាមទូរសព្ទ័ឲ្យដឹងថា នារីរងគ្រោះខាងលើនោះឈ្មោះក្រៅហៅថា អិត អាយុ១៨ឆ្នាំ ជាកម្មករចម្ការអំពៅ មានម្តាយឈ្មោះវ៉ាន់ វន អាយុ៥០ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិពាណិជ្ជ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

នៅមុនពេលកើតហេតុ នារីរងគ្រោះខាងលើបានទៅបំពេញការងារជាកម្មករកាប់អំពៅដូចធម្មតា ស្រាប់តែដល់ម៉ោងសម្រាក នារីរងគ្រោះបានទៅសម្រាកនៅក្នុងរងអំពៅ លុះដល់ពេលម៉ស៊ីនកាត់អំពៅនោះចេញដំណើរធ្វើការងារមិនបានដឹង ក៏កាត់ចំនារីខាងលើកំពុងតែដេកក្នុងរងអំពៅ យ៉ាងអាណោចអាធ័ម កាត់ដាច់សាច់ជាកង់ៗ បណ្តាលឲ្យប្រឡាក់ឈាមលើរថយន្ត និងកំណាត់អំពៅ ។ ក្រោយកើតហេតុភ្លាមៗគេឃើញមានលោក ហ៊ុន សុខហុន អធិការនគរបាលស្រុកឱរ៉ាល់ចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ព្យាយាមលាក់បាំងព័ត៌មាន និងហាមមិនឲ្យកម្មករ ថតរូបផ្តេសផ្តាស់ឡើយ ។ មិនដឹងថា លោកអធិការនគរបាលស្រុកថ្ពង បានរាយការណ៍ទៅលោកស្នងការនគរបាលខេត្តឬទេ? ។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗនៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ អ្នកយកព័ត៌មានបានសួរទៅលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តលោកបានមានប្រសាសន៍ថា លោកមិនបានទទួលព័ត៌មាននោះទេ លោកអធិការមិនរាយការណ៍ឲ្យ ។ មិនដឹងថា លោកអធិការនគរបាលស្រុកថ្ពង ហ៊ុន សុខហុន មានអំណាចលើសលោកឧត្តមសេនីយ៍ទោ សម សាមួន ទៀតផងមើលទៅ បានជារឿង ករណីស្លាប់មនុស្សមួយទាំងមូល លាក់បាំងថ្នាក់លើ និងក្រុមអ្នកសារព័ត៌មាននោះ ។

គួររំលឹកផងដែរថា កន្លងមកលោក ហ៊ុន សុខហុន អធិការនគរបាលស្រុកថ្ពង ធ្លាប់មានរឿងជាច្រើនរហូតដល់សម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្រ្តី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញលិខិតបញ្ជាដកតំណែងលោកអធិការនគរបាលរូបនេះ ប៉ុន្តែមិនដឹងថា លោក ហ៊ុន សុខហុន រូបនេះអាងខ្នងបង្អែកគ្រាក់ៗប៉ុណ្ណានោះទេ ទើបដកមិនចេញពីតំណែងនោះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post