
ក្រសួងរ៉ែនិងថាមពលបានប្រកាសនៅថ្ងៃនេះថា៖ វារីអគ្គិសនីសេសានក្រោម២ ខេត្តស្ទឹងត្រែង ដែលមានអានុភាព៤០០មេហ្កាវ៉ាត់ នឹងត្រូវនឹងសម្ពោធដាក់ឱ្យដំណើរការ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ស្អែកនេះ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការវាវីអគ្គិសនីសេសានក្រោម២ អានុភាព៤០០មេហ្កាវ៉ាត់ នេះ។

គម្រោងវារីអគ្គិសនីសេសានក្រោម២ មានទីតាំងស្ថិតនៅភូមិភាគឥសាននៃប្រទេស ហើយទីតាំងទំនប់និងស្ថានីយស្ថិតនៅចម្ងាយ ១.៥ គីឡូម៉ែត្រខាងក្រោមចំណុចប្រសព្វនៃទន្លេសេសាន និងទន្លេស្រែពក និងមានអាងស្តុកទឹកលាតសន្ធឹងតាមដងទន្លេសេសានក្នុងឃុំភ្លុក ឃុំស្រែគរ និងឃុំក្បាលរមាស ស្រុកសេសាន។
សូមបញ្ជាក់ថា ក្រុមហ៊ុន Hydro Power Lower Se San 2 Co., Ltd ជាក្រុមហ៊ុនទទួលធ្វើការវិនិយោគ សាងសង់ និងធ្វើអាជីវកម្មគម្រោងនេះ តាមលក្ខខណ្ឌវិនិយោគ ដូចខាងក្រោម៖
១. រូបភាពវិនិយោគគឺ សាងសង់-ដំណើរការ-ផ្ទេរ (BOT)
២. ទុនវិនិយោគសរុប ៧៨១,៥២ លានដុល្លារអាមេរិក
៣. រយៈពេលសម្បទាន ៤៥ឆ្នាំ ក្នុងនោះ៥ឆ្នាំសម្រាប់សាងសង់ និង៤០ឆ្នាំសម្រាប់ធ្វើអាជីវកម្ម
៤. ថាមពលផលិតជាមធ្យម ១៩១២ លានគីឡូវ៉ាត់ម៉ោងក្នុង១ឆ្នាំ រួចអគ្គិសនីកម្ពុជា (EDC) ទិញថាមពលពីគម្រោងទៅតាមបរិមាណដែលក្រុមហ៊ុនផលិតបានជាក់ស្តែង។
ទោះជាយ៉ាងណា ក្រុមអភិរក្សបរិស្ថានបានព្រមានដែរថា ទំនប់វារីអគ្គិសនីសេសានក្រោមពីរ នឹងបង្កផលវិបាកអវិជ្ជមានដល់ទន្លេមេគង្គ និងជីវចម្រុះរបស់ទន្លេនេះ។ ចាប់តាំងពីបើកទំនប់វារីអគ្គិសនីនេះមក កម្ពស់ទឹកបានឡើងដល់ ៧ម៉ែត្រ។ អ្នកភូមិថា ដើមឈើ ដូចជាដើមដូង ស្វាយ ខ្នុរ ម្នាស់ ត្រូវបានបំផ្លាញទាំងស្រុង។