header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានប្រៀនប្រដៅកូនៗ កុំឲ្យតាំងខ្លួន ជាកូននាយករដ្ឋមន្រ្តី ត្រូវតាំងខ្លួនជាចៅកសិករ ពីព្រោះ ជីតា ជីដូន គឺជាកសិករ។

លោក ឆាយ សុផល សាស្រ្តាចារ្យ ផ្នែកព័ត៌មាន និង ជាអ្នកនិពន្ធសៀវភៅមួយ ដែលរៀបរាប់ពីប្រវត្តិ កូនប្រុសទាំងបី របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានលើកឡើងយ៉ាងដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មាន បង្ហាញពីស្នាដៃ ដែលលោកបានចងក្រងសៀវភៅថ្មីមួយក្បាល មានចំណងជើងថា “បងប្អូនប្រុសទាំង៣-ឈាមថ្មីក្នុងចំណោមអ្នកបន្តវេន ដែលបានបង្ហាញពីប្រវត្តិសង្ខេប កូនប្រុសទាំងបី របស់សម្តេចតេជោនាយករដ្ឋមន្រ្តី កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ នេះ។

លោក ឆាយ សុផល បានពន្យល់ថា នៅក្នុងសំនួរ និងចម្លើយជាច្រើន ដែលលោកបានជួបជាមួយបងប្អូនទាំង៣ មានចម្លើយប្រហាក់ប្រហែលគ្នា អ្វីដែលពួកគាត់ចាំមិនភ្លេចនោះ គឺបណ្តាំពុក និងម៉ែ កុំឲ្យតាំងខ្លួនជាកូននាយករដ្ឋមន្រ្តី ត្រូវតាំងខ្លួនជាចៅកសិករ។ ក្នុងន័យនេះ លោកចង់បញ្ជាក់ថា ជីដូនជីតារបស់គាត់ គឺជាកសិករ មិនមែនជាអ្នកមានពូជពង្សវង្សត្រកូលអភិជន អ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភនោះទេ គឺជាកសិករ ដូច្នេះ កុំឲ្យតាំងខ្លួនជាកូនអ្នកធំ តែត្រូវតាំងខ្លួនជាចៅរបស់កសិករហើយត្រូវរាប់អានមនុស្សគ្រប់ជំពួក កុំរាប់អានតែអ្នកមានទ្រព្យសម្បត្តិ ព្រោះទ្រព្យសម្បត្តិ អាចនឹងបាត់បង់ នៅថ្ងៃណាមួយ ប៉ុន្តែចិត្តមនុស្សធម៌ នៅតែមានជារៀងរហូត នៅក្នុងដួងចិត្តមនុស្សជានិច្ច។ នៅមានបណ្តាំជាច្រើនទៀតទៀតដូចជា ត្រូវតែរឹងប៉ឹង តែមិនរឹងត្អឹង ត្រូវសុភាព ទន់ភ្លន់ តែមិនត្រូវទន់ជ្រាយ។

ឆ្លងតាមការសម្ភាសន៍ កូនប្រុសទាំងបី របស់សម្ដេចតេជោ ហ៊ុនសែន លោកបានវាយតម្លៃខ្ពស់ថា កូនប្រុសរបស់សម្ដេចតេជោទាំងបី មានសក្ដានុពលដូចគ្នា ប៉ុន្តែការចង់ធ្វើជានាយករដ្ឋមន្រ្តី នាថ្ងៃមុខនោះ គឺជាការសម្រេចចិត្តរបស់បក្ស និងប្រជាជនកម្ពុជា។

លោកបន្តថា កូនប្រុសរបស់សម្ដេចទាំងបីសុទ្ធតែ មានសញ្ញាបត្រ ចេញមកពីប្រទេសមហាអំណាចដូចគ្នា។ ប៉ុន្តែគ្រាន់តែកូនប្រុសច្បង មានសមត្ថភាព ផ្នែកសញ្ញាបត្រខ្ពស់ជាងគេ ក្នុងចំណោមបងប្អូនទាំងប្រាំ គឺមានជំនាញខាងផ្នែកយោធា និងបណ្ឌិតផ្នែកសេដ្ឋកិច្ច។

លោកសង្កត់ធ្ងន់ថា ក្នុងចំណោមបងប្អូនទាំងប្រាំ គឺលោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បង មានកម្រិតសិក្សាជាន់ខ្ពស់ច្រើនជាងគេ ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្អូនប្រុសទាំងពីរ របស់ឯកឧត្តមឧត្តមសេនីយ៍ ហ៊ុនម៉ាណែត ក៏មានសមត្ថភាពមិនធម្មតាដែរ។

យ៉ាងណាក៏ដោយ លោក ឆាយ សុផល បានអះអាងថា សៀវភៅថ្មីនេះ លោកបានបោះពុម្ពរួចរាល់ហើយ ដែលមានកម្រាស់ជិត៤០០ទំព័រ ចំនួន១ម៉ឺនក្បាល នឹងមានដាក់លក់ នៅតាមតូបកាសែត និងបណ្ណាល័យ ផ្សារទំនើបនានា។ លោកមានសង្ឃឹមថា សៀវភៅនេះ នឹងលក់ដាច់ក្នុងចំណោមយុវជន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post