header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិមួយរូប បានទម្លាយរឿងសម្ងាត់ ដែលជាបញ្ហាផ្ទៃក្នុងបក្សថា កូនស្រីលោក កឹម សុខា មិនពេញចិត្តការធ្វើនយោបាយរបស់លោកសម រង្ស៊ី អតីតប្រធានគណបក្សតាំងពីដើម ។

លោក លី សុវិទ្យា ដែលជាអតិតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងបានលើកឡើងលើបណ្តាញសង្គមនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨ យ៉ាងដូច្នេះថា "ក្នុងនាមជាថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ មួយរូប ក្នុងចំណោម ១១៨នាក់ ដែលជាប់បម្រាមធ្វើនយោបាយ ថ្ងៃនេះ ខ្ញុំសូមលើកឡើងដោយសង្ខេបពី កឹម មនោវិទ្យា ដើម្បីឲ្យបងប្អូនបានស្គាល់ " ។

លោកបន្តថា ចាប់តាំងពីមុនគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការរំលាយមកម្ល៉េះ​ ថ្នាក់ដឹកនាំសំខាន់ៗ​ របស់គណបក្ស រួមទាំងចាស់ទុំនៅបរទេស មានដូចជា អាមេរិក​ បារាំង​ និងអូស្រ្តាលី​ ជាដើម​ ពួកគាត់ខំតាមអង្វ​រ​ កឹម មនោវិទ្យា​ ឲ្យមកធ្វើការរួមគ្នាជាមួយ​លោក សម​ រង្សុី​ ដើម្បីគោលដៅរួម​ ។ ប៉ុន្តែគ្រប់ពេល កឹម​ មនោវិទ្យា​ តែងតែបដិសេធយ៉ាងដាច់អហង្កា​រ មិនព្រមធ្វើការជាមួយ​លោកប្រធាន សម​ រង្សុី ទេ គឺថាទីណាមាន​ សម​ រង្សុី​ ទីនោះគ្មាន​ កឹម​ មនោវិទ្យា​ ឡើយ ។ នាងស្អប់លោក សម រង្ស៊ីជាងស្អប់លោក ហ៊ុន សែនទៅទៀត ។

លោកបញ្ជាក់ថា" រឿងនេះបើចង់ដឹងការពិត សួរទៅលោកស្រី មូរ សុខហួ និងលោក អេង ឆៃអ៊ាងដឹងហើយ ឬក៏អាចសួរទៅលោក ទួន យក់ដា និងលោក ពិនរតនាក៏បានដែរ ថាតើអ្នកក្រៅប្រទេសពិតជាបានធ្វើអ្វីៗ ដូចដែលនាងលើកឡើងមែនទេ ? "។

លោកបន្ថែមថា ជាក់ស្តែងថ្មីៗនេះ គណៈកម្មការរៀបចំសន្និសីទនៃសាខាគណបក្សសង្គ្រោះជាតិនៅឯនាយសមុទ្របានធ្វើលិខិតអញ្ជើញរូបនាងឲ្យចូលរួមសន្និសីទ តែនាងមិនត្រឹមបដិសេធមិនចូលរួមប៉ុណ្ណោះទេ ប៉ុន្តែនាងឆ្លើយថា មិនបានដឹង និងថែមទាំងបានទប់ស្កាត់ក្រុមរបស់នាងមិនឲ្យចូលរួមទៀតផង ។ ជាងនេះទៅទៀត ក្រោយពីសន្និសីទបានបិទបញ្ចប់ទាំងរូបនាង ប្អូនស្រីរបស់នាង និងមនុស្សជំនិតរបស់នាងមួយចំនួនទៀតបានបើកការវាយប្រហារជាប្រព័ន្ធ មកលើលោកប្រធាន សម រង្ស៊ី និងថ្នាក់ដឹកនាំក្រៅប្រទេសឥតឈប់ឈរ ដោយពួកគេចោទថា រំលោភលក្ខន្តិកៈគណបក្ស និងធ្វើបក្សប្រហារជាដើម។

ជាមួយគ្នានោះដែរ មន្ត្រីបក្សប្រឆាំងដែលគាំទ្រលោកនយោបាយលោក សម រង្ស៊ី រូបនេះបានលើកឡើងថា"

បងប្អូនសាកគិតមើល តើចម្លែកទេ !

ប្រជាពលរដ្ឋខ្មែរគ្រប់គ្នា គេដេកភ័យ ខ្លាច លោក សម រង្ស៊ី ឈប់ធ្វើនយោបាយ តែ កឹម មនោវិទ្យា និងមនុស្សជំនិតរបស់នាង បែរជានាំគ្នាភ័យខ្លាច សម រង្ស៊ី ចូលធ្វើនយោបាយវិញ ។ តាមពិតរឿងនេះ គួរតែសម្តេចទេ ដែលត្រូវភ័យនោះ ហេតុអ្វីក៏អ្នកទាំងនោះភ័យដូចសម្តេចដែរ ? តើក្រុមនោះមានគោលបំណងអ្វីឲ្យប្រាកដ ? ។

លោកបន្ថែមថាតាមការកត់សម្គាល់ កឹម មនោវិទ្យា ធ្វើនយោបាយសព្វថ្ងៃ ហាក់គ្មានបំណងរួមគ្នា ដើម្បីយកឈ្នះគូបដិបក្ខទេ តែនាងដូចជាភ័យខ្លាចតែរឿងលោក សម រង្ស៊ី មកធ្វើមេបក្ស។

លោកក៏បានអំពាវនាវយ៉ាងដូច្នេះ សូមឈប់ស្អប់ខ្ពើម និងឈប់ព្យាយាមកម្ចាត់លោក សម រង្ស៊ី ចេញពីឆាកនយោបាយទៀតទៅ បើអ្នកពិតជាស្រលាញ់ជាតិពិតប្រាកដ អ្នកគួរកែប្រែអត្តចារិក ចេះស្តាប់ចាស់ទុំ ឈប់អំនួត ហើយងាកមកដើរផ្លូវរួមគ្នាជាមួយលោកប្រធាន សម រង្ស៊ី និងថ្នាក់ដឹកនាំក្រៅប្រទេសផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឲ្យមានការដោះលែងលោកប្រធាន កឹម សុខាបានឆាប់ ឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ ផ្តល់តំណែងដល់ក្រុមប្រឹក្សាឃុំ សង្កាត់ទាំង៥០០៧រូប និងបោះឆ្នោតសកលឡើងវិញ នោះទើបជាជម្រើសដ៏ល្អ ដែលប្រជាពលរដ្ឋចង់ឃើញ និងចង់បាន ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post