
កោះកុងៈ លោក អ៊ឹម ជីវ៉ា ជួបគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តនៅស្រុកស្រែអំបិល ខេត្តកោះកុង។ នេះបើតាមលោក អ៊ឹម ជីវ៉ា បានសរសេរនៅលើហ្វេសប៊ុករបស់លោកផ្ទាល់នៅវេលាព្រឹកនេះ។
លោក អ៊ឹម ជីវ៉ា បានសរសេរថា បងប្អូនអើយពេលនេះ ខ្ញុំមានបញ្ហាធំហើយ ឡានខ្ញុំជួបញ្ហាគ្រោះថ្នាក់ចររាចរណ៍ ក្រឡាប់នៅស្រុកស្រែអំបិល ពេលធ្វើដំណើរទៅចូលរួមបុណ្យសមុទ្រនៅខេត្តកោះកុង បណ្តាលឲ្យមានមនុស្សស្លាប់ម្នាក់ តែខ្ញុំបាទ និងក្រុមការងារបួននាកទៀតមិនអីទេ។ អ៊ឹម ជីវ៉ា បន្តទៀតថា លើកទី១ហើយ ខ្ញុំជួបរឿងរន្ធត់បែបនេះ ព្រះអើយជួយខ្ញុំផង ខ្ញុំមានឡានតែមួយគ្រឿងនិងទេ ទុកសម្រាប់ទៅណាមកណា ជាពិសេសកម្មវិធីសិល្បៈ ពេលនេះចប់ហើយ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃសុក្រ ទី១៤ ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តពីរគ្រឿងសណ្ដោងអូសគ្នា ស្រាប់តែបើកធ្លាក់ផ្លូវ បណ្ដាលឲ្យក្រឡាប់មួយគ្រឿង នៅលើផ្លូវជាតិលេខ៤៨ ចន្លោះបង្គោលគីឡូលេខ ២២-២៣ ស្ថិតក្នុងភូមិជីខ ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។
រថយន្តទី១ ម៉ាក LEXUS ពាក់ស្លាកលេខភ្នំពេញ 2H-9069 ពណ៌ខ្មៅ និងរថយន្តទី២ ម៉ាកLEXUS ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2AP-9487 បានសណ្ដោងអូសគ្នាពីកោះកុង ទៅភ្នំពេញ ពេលមកដល់ចំណុចខាងលើ ស្រាប់តែរថយន្តទាំងពីរ បានធ្លាក់ថ្នល់ បណ្ដាលឲ្យក្រឡាប់១គ្រឿង ពណ៌ទឹកមាស ស្លាប់បុរសម្នាក់ ឈ្មោះ ញន ប្រុសភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ៤ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង (អ្នកបើកបររថយន្តទឹកមាស) រីឯអ្នកបើកបររថយន្ត ពណ៌ខ្មៅ គេចខ្លួនបាត់។
ក្រោយកើតហេតុសមត្ថកិច្ច បានចុះវាស់វែង និងស្ទូចយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅអធិការដ្ឋានស្រុកស្រែអំបិល ដើម្បីរង់ចាំដោះស្រាយពេលក្រោយ។ ចំណែកសាកសព ត្រូវបានយកមករក្សាទុកនៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ដើម្បីរង់ចាំសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។
យោងតាមហ្វេសប៊ុកលោក អ៊ឹម ជីវ៉ា ដដែលគេឃើញមានអ្នករួមដំណើរជាមួយលោកផ្ទាល់ មានដូចក្នុងរូបខាងក្រោមនេះ ដោយមិនបានបញ្ជាក់ឈ្មោះនោះទេ៕







