
ភ្នំពេញៈ មន្ត្រីជំនាញ បានរកឃើញដេប៉ូលក់ប្រេងតេលា ដែលមានយីហោ “ឫស្សីស្រស់” ក្នុងខណ្ឌច្បារអំពៅ លក់កេងបន្លំអតិថិជន ដោយលក់ប្រេងមិនគ្រប់ចំនួនលីត្រ នៅគ្រាដែលសមត្ថកិច្ចជំនាញ បន្តសកម្មភាពចុះត្រួតពិនិត្យតាមស្ថានីយ និងដេប៉ូលក់ប្រេងឥន្ធនៈមួយចំនួន ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងខណ្ឌច្បារអំពៅ កាលពីរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨។
ការចុះពិនិត្យនេះ ក្នុងគោលបំណងការពារផលប្រយោជន៍សេដ្ឋកិច្ចអ្នកប្រើប្រាស់ ការពារគ្រឿងម៉ាស៊ីននៃយានជំនិះគ្រប់ប្រភេទ និងការពារបរិស្ថាន ដែលកើតចេញពីចំហេះប្រេងឥន្ធនៈមិនសមស្រប និងពិសេសដើម្បីទប់ស្កាត់ការកែ្លងបន្លំ។ ការត្រួតពិនិត្យគុណភាព និងបរិមាណនេះ គឺផ្អែកទៅលើឧបករណ៍ត្រួតពិនិត្យនៅនឹងកន្លែង ដូចជាធុងក្រឹតមានមាឌដ្ឋានជាក់លាក់សម្រាប់វាស់បរិមាណប្រេង ដែលបាញ់ចេញពីកុងទ័រតាមទំហំផ្សេងៗ ខុសគ្នាមានចំណុះ៥លីត្រ ១០លីត្រ និង២០លីត្រ។ ចំណែកសន្ទស្សន៍អុកតាន និងសេតានវិញ គឺប្រើឧបករណ៍ក្នុងរថយន្តមន្ទីពិសោធន៍ចល័ត។
ជាលទ្ធផលនៃការត្រួតពិនិត្យគុណភាព និងបរិមាណប្រេងឥន្ធនៈរបស់ស្ថានីយ និងដេប៉ូ៣កន្លែង នៅទីតាំងខាងលើនេះ គឺមានស្ថានីយ និងដេប៉ូ១កន្លែង ឈ្មោះ TELA ឬស្សីស្រស់ ស្ថិតនៅដីឡូត៍លេខ៤៧ ផ្លូវលំ សង្តាត់និរោធ ខណ្ឌច្បារអំពៅ មានកង្វះបរិមាណប្រេងមិនត្រឹមត្រូវតាមបទដ្ឋានរង្វាស់រង្វាល់។
លោក មាន ចំណាប់ អនុប្រធាននាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ នៃអគ្គនាយកដ្ឋានកាំកុងត្រូល បានអះអាងថា ក្រុមមន្ត្រីត្រួតពិនិត្យបានឲ្យម្ចាស់ស្ថានីយ និងដេប៉ូធ្វើកិច្ចសន្យាកែតម្រូវម៉ាស៊ីនលក់ប្រេង តាមការធ្វើព្យាសកម្មឲ្យបានត្រឹមត្រូវឡើងវិញ តាមរយៈស្ថាប័នមានសមត្ថកិច្ចជំនាញ។
ក្រុមការងារត្រួតពិនិត្យប្រេងឥន្ធនៈរបស់អគ្គនាយកដ្ឋានកាំកុងត្រូល នឹងបន្តធើ្វការត្រួតពិនិត្យឲ្យបានគ្រប់ស្ថានីយទាំងអស់ទូទាំងប្រទេស ហើយក៏បានអំពាវនាវដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈ ចូលរួមសហការជាមួយក្រុមការងារចុះត្រួតពិនិត្យរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ក្នុងកិច្ចការពារអ្នកប្រើប្រាស់តាមផ្លូវច្បាប់។ ចំពោះក្រុមហ៊ុន/ដេប៉ូ ដែលបានរកឃើញមានការលក់ប្រេងឥន្ធនៈមិនសមស្រប ត្រូវធ្វើការបញ្ឈប់ និងកែតម្រូវឲ្យបានសមស្របឡើងវិញជាបន្ទាន់ បើមិនពុំនោះសោធនឹងត្រូវទទួលរងនូវចំណាត់ការតាមនីតិវិធីនៃច្បាប់ជាធរមាន។
លោក មាន ចំណាប់ ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់យានជំនិះទាំងអស់ ត្រូវពិចារណាជាមុនក្នុងការជ្រើសរើសស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ ដោយត្រូវជ្រើសរើសក្រុមហ៊ុនទុកចិត្ត ប្រើប្រាស់ឧបករណ៍ថ្មីលក់ប្រេងសាំងធម្មតា ឬស៊ុបពែរ និងម៉ាស៊ូត ដែលមានគុណភាពល្អ ហើយគ្រប់ចំនួនលីត្រ ពិនិត្យមើលលេខកុងទ័រនៅពីចំណុចសូន្យជានិច្ច មុនពេលចាក់តាមដានដំណើរការនៃលេខកុងទ័រ ដែលត្រូវចាប់ផ្កើមជាមួយគ្នានឹងម៉ាស៊ីនបាញ់ប្រេងរហូតដល់ចំនួនលីត្រ៕



