ភ្នំពេញៈ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចេញមុខបកស្រាយជាថ្មី ជុំវិញករណីកាសែត "ឌឹ ខេមបូឌា ដេលី" បិទទ្វារ ហើយចោទប្រកាន់ទៅលើរាជរដ្ឋាភិបាលកម្ពុជា ថា បានបញ្ឈប់ប្រតិបត្តិការ និងបានបិទគណនីធនាគាររបស់ខ្លួន ដោយសារតែជំហររិះគន់រដ្ឋាភិបាល។ នេះជាការចោទប្រកាន់ដោយគ្មានការពិត និងគ្មានសច្ចៈភាពទាល់តែសោះ។
យោងសេចក្ដីបំភ្លឺចំពោះកាសែត "ឌឹ ខេមបូឌា ដេលី" របស់ក្រសួងការបរទេស ចុះថ្ងៃទី១០ ខែធ្នូ ហើយទើបដល់ដៃអ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី១១ ខែធ្នូនេះ បានឲ្យដឹងថា នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ ដែលបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងលំហរនយោបាយ ដោយអនុលោមទាំងស្រុងតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងបានបញ្ជាក់ពីវិធានការបន្ថែមទៀត ក្នុងចំណោមវិធានការសំខាន់ៗដទៃទៀត ដើម្បីលើកតម្កើងសេរីភាពសារព័ត៌មាន និងសេរីភាពក្នុងការបញ្ចេញមតិ នៅកម្ពុជា។
សេចក្តីបំភ្លឺដដែល ឲ្យដឹងទៀតថា អង្គភាពផ្សព្វផ្សាយជាច្រើន កំពុងធ្វើប្រតិបត្តិការដោយសេរី ដោយសារពួកគេធ្វើប្រតិបត្តិការស្របតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា រួមមានការបំពេញកាតព្វកិច្ចបង់ពន្ធ។ នៅក្នុងបរិបទនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមធ្វើការបដិសេធទាំងស្រុង ចំពោះការចោទប្រកាន់របស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ដែលលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានបញ្ឈប់ប្រតិបត្តិការ និងបានបិទគណនីធនាគាររបស់ខ្លួន ដោយសារតែជំហររិះគន់រដ្ឋាភិបាល។ នេះជាការចោទប្រកាន់ដោយគ្មានការពិត និងគ្មានសច្ចៈភាពទាល់តែសោះ។
ជាក់ស្តែង អង្គភាពផ្សព្វផ្សាយជាភាសាខ្មែរ និងបរទេសជាច្រើន ដែលបានអនុវត្តតាមទាំងស្រុងចំពោះច្បាប់ជាធរមាន បានបន្តប្រតិបត្តិការផ្សព្វផ្សាយ និងប្រើប្រាស់សិទ្ធិបញ្ជេញមតិរបស់ខ្លួន ដោយគ្មានការរំខាន។
យោងតាមឯកសាររបស់អគ្គនាយកដ្ឋានពន្ធដា សារព័ត៌មានឌឹខេមបូឌាដេលី បានដំណើរការអាជីវកម្មរបស់ខ្លួន ចាប់តាំងពីឆ្នាំ២០០៧មក ដោយមិនបានបំពេញកាតព្វកិច្ចបង់ពន្ធនោះឡើយ។ ក្នុងករណីនេះ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជូនលិខិតមួយច្បាប់ ទៅសារព័ត៌មាន ឌឹខេបូឌាដេលី ដើម្បីមកដោះស្រាយពន្ធមិនបានបង់ ដែលមានទឹកប្រាក់៦,៣លានដុល្លារអាមេរិក ហើយដែលសារព័ត៌មានឌឹខេបូឌាដេលី មានរយៈពេល៣០ថ្ងៃ ក្នុងការឆ្លើយតប។ ទោះបីជាយ៉ាងណាក៏ដោយ ម្ចាស់សារព័ត៌មាននេះ មិនបានសហការជាមួយអគ្គនាយកដ្ឋានពន្ធដារ និងបានលើកពេលណាត់ជួបជាច្រើនលើក ហើយសារព័ត៌មាននេះ ក៏បានបញ្ឈប់ប្រតិបត្តិការផ្សាយដោយខ្លួនឯង ដោយសារតែការខកខានមិនបានបំពេញកាតព្វកិច្ចពន្ធ ស្របទៅតាមច្បាប់ពន្ធដារ។
ក្រោយពេលកាលបរិច្ឆេទ៣០ថ្ងៃ បានកន្លងផុតទៅ អគ្គនាយកដ្ឋានពន្ធដារ មិនមានជម្រើសអ្វីក្រៅតែពីអនុវត្តវិធានការស្របតាមច្បាប់ពន្ធដារ ដោយរួមមានការបិទគណនីធនាគាររបស់សារព័ត៌មាន ឌឹខេមបូឌាដេលី។ ការតម្រូវឲ្យបង់ពន្ធនេះ មិនមែនផ្តោតចំពោះតែសារព័ត៌មានឌឹខេមបូឌាដេលី នោះទេ។ អគ្គនាយកដ្ឋានពន្ធដារ បានរកឃើញករណីជាច្រើនទៀត ពាក់ព័ន្ធនឹងការមិនគោរពកាតព្វកិច្ចពន្ធ ហើយវិធានការច្បាប់នានា ត្រូវបានអនុវត្ត ដើម្បីបង្កើនសមត្ថភាពក្នុងការប្រមូលចំណូលពន្ធដារ។
ករណីស្រដៀងគ្នានេះដែរ ដែលគួរត្រូវលើកមកបង្ហាញ គឺវិទ្យុអាស៊ីសេរី (RFA) ។ ទីភ្នាក់ងារព័ត៌មាននេះ មិនបានទទួលច្បាប់អនុញ្ញាតណាមួយសម្រាប់ធ្វើប្រតិបត្តិការទេ។ ហេតុដូចនេះ អគ្គនាយកដ្ឋានពន្ធដារ បានស្នើឲ្យអង្គភាពនេះ មកធ្វើការបញ្ជាក់ពីការអនុវត្តកាតព្វកិច្ចពន្ធរបស់ខ្លួន។ ដោយខកខានមិនអាចបំពេញកាតព្វកិច្ចច្បាប់បាន វិទ្យុអាស៊ីសេរី បានបិទការិយាល័យ និងបញ្ឈប់បុគ្គលិករបស់ខ្លួន ហើយចាប់ផ្តើមធ្វើប្រតិបត្តិការជាសម្ងាត់នូវរបៀបវារៈដែលអវិជ្ជាជីវៈ ក្នុងការបង្ខូចកិតិ្តនាមរាជរដ្ឋាភិបាលកម្ពុជា និងបញ្ចុះបញ្ចូលសហគមន៍អន្តរជាតិ ឲ្យដាក់សម្ពាធមកលើរាជរដ្ឋាភិបាលកម្ពុជា។
ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ មានការសោកស្តាយចំពោះការចោទប្រកាន់ដែលមានចរឹកនយោបាយ ដែលធ្វើឡើងដោយសារព័ត៌មានឌឹខេមបូឌាដេលី ហើយសូមបញ្ជាក់សាជាថ្មីម្តងទៀតថា ក្នុងករណីដែលសារព័ត៌មាន ឌឹខេមបូឌាដេលី បានបំពេញកាតព្វកិច្ចពន្ធរបស់ខ្លួនសព្វគ្រប់នោះ សារព័ត៌មាននេះ នឹងអាចបន្តប្រតិបត្តិការរបស់ខ្លួនឡើងវិញបាន៕