header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានកំពុងដឹកនាំកិច្ចប្រជុំពិភាក្សា និងអនុម័តលើសេចក្តីសំណើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយមាត្រា៤៥ថ្មី(ស្ទួន) និងសេចក្តីព្រាងច្បាប់ស្តីពីបរធនបាលកិច្ច ដើម្បីកំណត់ថ្ងៃប្រជុំសម័យពេញអង្គរដ្ឋសភា។ កិច្ចប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា។

ការបើកកិច្ចប្រជុំនេះ ​ដើម្បីកំណត់ថ្ងៃប្រជុំពេញអង្គរដ្ឋសភានៅពេលឆាប់ៗនេះ បន្ទាប់ពីគណៈកម្មាធិការអចិន្ត្រៃយ៍ បានបើកកិច្ចប្រជុំកាលពីថ្ងៃទី៥ ធ្នូ ហើយបានសម្រេចបញ្ជូនសេចក្តីស្នើវិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយនេះ ទៅគណៈកម្មការ​ជំនាញរដ្ឋសភា ដើម្បីសិក្សារួចហើយ ដាក់បញ្ចូនមកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។

សូមជម្រាបថា សេចក្តីព្រាងច្បាប់វិសោធនកម្មមាត្រា៤៥ថ្មី(ស្ទួន) ត្រូវបានអ្នកតំណាងរាស្ត្រចំនួន៨៧រូប បានស្នើសុំធ្វើវិសោធនកម្មទៅជាសេចក្តីស្នើច្បាប់មាត្រា៤៥ ថ្មី(ស្ទូនមួយ)។ ដោយមាត្រា៤៥ថ្មី(ស្ទួនមួយ) ដែលអគ្គលេខាធិការដ្ឋានរដ្ឋសភា ចេញផ្សាយមានខ្លឹមសារយ៉ាងដូច្នេះថា បុគ្គលដែលត្រូវតុលាការសម្រេច ហាមឃាត់ការធ្វើសកម្មភាពនយោបាយមិនអាចបង្កើតគណបក្សនយោបាយ ឬចូលរួមក្នុងគណបក្សនយោបាយណាមួយ ឬឈរឈ្មោះឲ្យ គេបោះឆ្នោត ឬធ្វើសកម្មភាពណាមួយគាំទ្រ ឬប្រឆាំង គណបក្សណាមួយបានឡើយ។  បុគ្គល ដែលបានតុលាការសម្រេចហាមឃាត់ ការធ្វើសកម្មភាពនយោបាយនេះ នឹងអាច ទទួលបានវិញនូវសិទ្ធិនយោបាយពេញលេញ ដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត់ ដែលកំណត់ដោយសាលដីការរបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះ ត្រូវបានផ្តល់នីតិសម្បទាឡើងវិញ ដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្ត្រី តាមសេចក្តីស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

សេចក្តីស្នើច្បាប់វិសោធនកម្មខាងលើ មានគោលដៅសំខាន់ៗ គឺបញ្ជាក់តាមផ្លូវច្បាប់ អំពីករណីបុគ្គល ដែលត្រូវបានតុលាការហាមឃាត់ការធ្វើសកម្មភាពនយោបាយ។ បើកលទ្ធភាពឲ្យបុគ្គលប្រភេទខាងលើ អាចទទួលបាននីតិសម្បទាឡើងវិញ តាមច្បាប់នេះ។ វិសោធកម្មច្បាប់នេះ ក៏មានគោលបំណងពង្រឹងលទ្ធិប្រជាធិតេយ្យសេរីពហុបក្ស នីតិរដ្ឋព្រមទាំងលើកកម្ពស់ស្មារតីបង្រួបបង្រួមជាតិផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post