header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កណ្ដាលៈ ប្រជាពលរដ្ឋប្រមាណជាង៣០គ្រួសារ រស់នៅក្នុងភូមិប្ញស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល កាលពីម៉ោង១០៖៣០នាទីព្រឹក​ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ បានធ្វើការតវ៉ាពីបញ្ហាក្រុមហ៊ុនបូមខ្សាច់ទន្លេ ខណៈដែលពលរដ្ឋឮថា ជាក្រុមហ៊ុនចិនផងនោះ បានធ្វើការបូមខ្សាច់ធ្វើឲ្យមានការប៉ះពាល់ទៅដល់បាក់ច្រាំងទន្លេ និងបាក់ផ្ទះសម្បែងរបស់ពួកគាត់ទៀតផង។

តាមការបញ្ជាក់ពីបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិប្ញស្សីជ្រោយ ស្រុកមុខកំពូល បានប្រាប់មកអង្គភាពសារព័ត CAM POST ឲ្យ​ដឹងថា កន្លងមកក្រុមហ៊ុនបូមខ្សាច់ បានធ្វើការបូមទាំងយប់ទាំងថ្ងៃ តាំងពី​ឆ្នាំ២០១២ រហូតមកដល់ឆ្នាំ២០១៨ បើគិតទៅមានរយៈពេល៦ឆ្នាំហើយ ហើយដីមាត់ច្រាំងទន្លេ និងផ្ទះប្រជាពលរដ្ឋដំបូងបានបាក់បន្ដិតៗទេ លុះមកដល់អំឡុងពេលនេះឃើញថា ដីមាត់ច្រាំងទន្លេ គឺបានបាក់ខ្លាំងឡើងៗ ឈាន​មកដល់មាត់ផ្លូវខ្នល់ធ្វើឲ្យ​ប្រជាពលរដ្ឋ រស់នៅលែងបាន មានអ្នកខ្លះរុះរើផ្ទះលែង មិនហ៊ានរស់នៅ ដោយសារតែខ្លាចដីបាក់ច្រាំង ខ្លាចស្លាប់ ហើយអ្នកខ្លះទៀត បានរុះរើផ្ទះទៅសុំវត្ដស្នាក់អាស្រ័យ ។ តាមដងផ្លូវដែលធ្លាប់​ធ្វើដំណើរឆ្លងកាត់ ប្រជាពលរដ្ឋធ្វើដំណើរលែងកើតហើយ ព្រោះផ្លូវធ្វើដំណើរបានដាច់ ដោយសារក្រុមហ៊ុនបូមខ្សាច់ផងដែរ។

ប្រជាពលរដ្ឋបានបន្ថែមទៀតថា កាបូមខ្សាច់នេះទាំងយប់ទាំងថ្ងែ ចំណែកឯកប៉ាល់ដឹកខ្សាច់វិញដឹកពេញផ្ទៃទន្លេ ហាក់បីដូចជាបុណ្យកឋិនចឹង ។ ពួក​គាត់បន្ដទៀតថា កន្លងមកឃើញថ្នាក់ស្រុក បានចុះត្រួចពិនិត្យ និងបានចុះសួរសុខទុក្ខ ហើយក៏បានយកអំណោយថវិកាមួយចំនួន​យកមកចែកជូនដល់ប្រជាពលរដ្ឋដែរ ប៉ុន្ដែប្រជាពលរដ្ឋបានសំណូ​មពរឲ្យ​លោកជួយអន្តរាគមន៍ពីបញ្ហាបូមខ្សាច់នេះ តែមិនឃើញលទ្ធផលទាល់តែសោះ? ឬអាជ្ញាធរថ្នាក់ស្រុកថ្នាក់ខេត្តមិនមានលទ្ធភាពដោះស្រាយទេ?

ប្រជាពលរដ្ឋ ក៏បាន​រិះគន់ទៅដល់អាជ្ញាធរថ្នាក់ខេត្ត ថ្នាក់​ស្រុកយ៉ាងចាស់មាត់ ខណៈដែល​មិនឃើញពួកគាត់ចុះមកអន្តរាគមន៍ពីបញ្ហានេះសោះ? ឬក៏ពួកគាត់រវល់គិតពីរឿង ដែលមានប្រយោជន៍ចូលខោប៉ាវផ្ទាល់ខ្លួន?

ប្រជាពលរដ្ឋប្រមាណជា ៣០គ្រួសារ ក៏បានទទូចទៅដល់សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងពាក់ពន្ធ័ សូមមេត្តាលោកជួយអន្តរាគមន៍ពីបញ្ហា ក្រុមហ៊ុនបូមខ្សាច់មួយកន្លែងនេះ បានបូមខ្សាច់ទាំងយប់ទាំងថ្ងៃ ធ្វើឲ្យ​បាក់ដីច្រាំងទន្លេ ផ្ទះសម្បែង និងផ្លូវថ្នល់ ធ្វើឲ្យ​ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់តាមផ្លូវមិនបាន ហើយរស់នៅដោយភ័យខ្លាច និងអ្នកខ្លះអត់មានទីជម្រកស្នាក់ទៀតផង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post