header ads

Sponsor

រិទ្ធី

ក្នុងឱកាសឆ្លងឆ្នាំចាស់ ២០១៨ ឈានចូលឆ្នាំថ្មី ២០១៩ នេះ ខ្ញុំសូមជូនពរដល់ប្រជាពលដ្ឋជុំវិញពិភពលោកឲ្យជួបប្រទះនូវសេចក្តីសុខ និងសុភមង្គលគ្រប់ៗគ្នា។ ខ្ញុំសូមជូនពរជាពិសេសដល់ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរឲ្យទទួលបាននូវសុខសន្តិភាព និងវឌ្ឍនភាពតាមគោលការណ៍ប្រជាធិបតេយ្យ ដោយចាប់ផ្តើមពីការផ្សះផ្សាជាតិពិតប្រាកដ មិនយកខ្មែរណាជាសត្រូវ។ នេះជាសារជូនពររបស់លោក កឹម សុខា អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំនៅគេហដ្ឋាន។

អតីតប្រធានបក្សប្រឆាំងដ៏ធំនៅកម្ពុជារូបនេះ សង្ឃឹមយ៉ាងមុតមាំថា៖ ឆ្នាំថ្មីនេះ នឹងបើកនូវទំព័រប្រវត្តិសាស្ត្រថ្មីមួយ ដែលលប់បំបាត់ឱ្យអស់នូវជំងឺពីរយ៉ាងដែលកំពុងរាតត្បាតក្នុងសង្គមខ្មែរ៖ ទី១គឺ ការគាបសង្កត់ជិះជាន់ គំរាមកំហែង ជាពិសេសដោយអំពើហិង្សា និងទី២គឺ ការស្អប់ឈ្នានីស ជាពិសេសតាមរូបភាពលាបពណ៌ ជេរប្រមាថ និងបង្ខូចកេរ្តិ៍ឈ្មោះ។

តាមរយៈសំណេរនៅលើគេហទំព័រហ្វេសប៊ុក លោក កឹម សុខា សូមឱ្យទំព័រប្រវត្តិសាស្ត្រថ្មីនេះចាប់ផ្តើមពីមេដឹកនាំគ្រប់និន្នាការ ដើម្បីជាគំរូ ដោយបញ្ឈប់ការធ្វើនយោបាយតាមបែបអគុណធម៌ មិនថាតាមរយៈការគំរាមកំហែង ឬការមួលបង្កាច់ ហើយវិលទៅរកទសពិធរាជធម៌វិញ ដើម្បីត្រួសត្រាយផ្លូវជូនប្រជាពលរដ្ឋ ជាពិសេសកូនខ្មែរជំនាន់ក្រោយ។

នៅចុងបញ្ចប់ លោក កឹម​ សុខា សូមជូនពរឲ្យឆ្នាំថ្មី២០១៩ នេះ នាំមកនូវសុភមង្គល ភាពរុងរឿង យុត្តិធម៌ ភាពស្ងប់សុខ និងសេរីភាពពេញលេញបរិបូរណ៍ ដល់ខ្មែរគ្រប់រូប។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post