header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ទីបំផុតរដ្ឋសភា បានលើកដៃអនុម័តសេចក្តីស្នើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយមាត្រា៤៥ថ្មី ដែលមាន២មាត្រា ជាស្ថាពរដោយសំឡេង១១៥ នៃចំនួនសមាជិកសភាទាំងមូល។

ការធ្វើពិភាក្សា និងអនុម័តច្បាប់នេះ ក្នុងបន្តសម័យប្រជុំលើកទី១ នីតិកាលទី៦ នៃរដ្ឋសភា ក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា។ សម័យប្រជុំរដ្ឋសភានេះ គេមិនឃើញមានវត្តមានសម្តេចតេជោ ហ៊ុន សែន សម្តេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសម្តេចពិជ័យសេនា ទៀ បាញ់ នោះទេ។

ការអនុម័តច្បាប់នេះ ក៏ជាផ្នែកមួយនៃការបើកផ្លូវដល់អ្នកនយោបាយប្រឆាំង ដែលត្រូវបានតុលាការហាមឃាត់ក្នុងការធ្វើនយោបាយរយៈពេល៥ឆ្នាំផងដែរ។ ប៉ុន្តែការបើផ្លូវនេះ ត្រូវអនុលោមតាមខ្លឹមសារនៃច្បាប់។

លោក ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ បានលើកឡើងថា ច្បាប់ស្តីពីគណបក្សនយោបាយ ត្រូវបានធ្វើវិសោធនកម្មចំនួន៣ដងមកហើយ។ សេចក្តីស្នើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ មាត្រា៤៥ថ្មីនេះ ត្រូវបានស្នើសុំឲ្យសមាជិករដ្ឋសភា ចំនួន៨៧រូប ហើយកាមានគោលដៅសំខាន់ៗ គឺបញ្ជាក់ឲ្យច្បាប់តាមផ្លូវច្បាប់អំពីករណីបុគ្គលដែលត្រូវបានតុលាការហាមឃាត់ការធ្វើសកម្មភាពនយោបាយ។ បើកលទ្ធភាពឲ្យបុគ្គលប្រភេទខាងលើ អាចទទួលបាននីតិសម្បទាឡើងវិញ តាមច្បាប់នេះ។ វិសោធកម្មច្បាប់នេះ ក៏មានគោលបំណងពង្រឹងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស នីតិរដ្ឋ ព្រមទាំងលើកកម្ពស់ស្មារតីបង្រួបបង្រួមជាតិផងដែរ។

លោកបន្តថា សេចក្តីព្រាងច្បាប់វិសោធនកម្មមាត្រា៤៥ថ្មី(ស្ទួន) ត្រូវបានអ្នកតំណាងរាស្ត្ ចំនួន៨៧រូប បានស្នើសុំធ្វើវិសោធនកម្មទៅជាសេចក្តីស្នើច្បាប់មាត្រា៤៥ថ្មី(ស្ទូនមួយ) ដែលមានខ្លឹមសារយ៉ាងដូច្នេះថា បុគ្គលដែលត្រូវតុលាការសម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយ មិនអាចបង្កើតគណបក្សនយោបាយ ឬចូលរួមក្នុងគណបក្សនយោបាយណាមួយ ឬឈរឈ្មោះឲ្យគេបោះឆ្នោត ឬធ្វើសកម្មភាពណាមួយគាំទ្រ ឬប្រឆាំងគណបក្សណាមួយបានឡើយ។ បុគ្គលដែលបានតុលាការសម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយនេះ នឹងអាចទទួលបានវិញនូវសិទ្ធិនយោបាយពេញលេញ ដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត់ដែលកំណត់ដោយសាលដីការរបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះ ត្រូវបានផ្តល់នីតិសម្បទាឡើងវិញ ដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្ត្រី តាមសេចក្តីស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ចំណែកលោក ជាម យៀប តំណាងម្ចាស់ហត្ថលេខីបានលើកឡើងថា សេចក្តីវិសោធនកម្មច្បាប់នេះនឹងត្រូវបញ្ជូលទៅកាន់រាជរដ្ឋាភិបាលតាមច្បាប់កំណត់។ លោកបន្តថា ការធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយនេះ គឺជាលើកទី៣ហើយ។ ការធ្វើវិសោធនកម្មច្បាប់នេះ ធ្វើមិនស្ថិតក្រោមគំនាបពីបរទេសនោះទេ។ គឺការធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយនេះ ដើម្បីធ្វើការបង្រួបបង្រួមជាតិ សណ្តោប្រណីរបស់គណបក្សប្រជាជនកម្ពុជា ដែលគោរពលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ ការធ្វើវិសោធនកម្មច្បាប់នេះ ក៏ដើម្បីពង្រឹងតួនាទី និងការទទួលសុខត្រូវរបស់គណបក្សនយោបាយ នៅក្នុងប្រទេសកម្ពុជា ស្របតាមការសភាពការវិវត្តន៍របស់សង្គមកម្ពុជា និងស្របគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហបក្ស និងព្រមទាំងពង្រឹងសន្តិសុខជាតិឯករាជ្យ អធិបតេយ្យភាព។

លោកបានបន្តថា មូលហេតុ នៃការធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយនេះ គឺក៏ដើម្បីធានាភាពច្បាស់លាស់របស់បុគ្គលដែលត្រូវបានតុលាការជាប់ខ្ពស់សម្រេចមហាឃាត់ការធ្វើសកម្មភាពនយោបាយ និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់នេះ ស្របតាមគោលការណ៍នីតិរដ្ឋ ដើម្បីលើកកម្ពស់ស្មារតីបង្រួបបង្រួមជាតិ ក៏ដូចជា ពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

លោកបញ្ជាក់ថា “យើងខ្ញុំទាំងអស់គ្នាដែលជាតំណាងរាស្ត្រហត្ថលេខី ដូចជាមានបញ្ជីរាយនាមនេះយល់ឃើញថា ច្បាប់ស្តីពីគណបក្សនយោបាយ ចាំបាច់ត្រូវធ្វើវិសោធនកម្មបន្ថែម ដោយត្រូវថ្វាយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈ ដ៏ខ្ពស់ខ្ពស់បំផុត នូវព្រះរាជតួនាទី  ស្របតាមស្មារតី នៃរដ្ឋធម្មនុញ្ញ ក្នុងការផ្តល់នីតីសម្បទាឡើងវិញ ចំពោះអ្នកនយោបាយដែលត្រូវតុលាការកំពូលសម្រេចហាមឃាត់កាធ្វើសកម្មភាពនយោបាយតាមអំណាចសាលដីកា ហើយដែលអ្នកនយោបាយទាំងនោះមិនបាន ធ្វើសកម្មភាពណាមួយប្រឆាំង នឹងផលប្រយោជន៍ នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាមិនធ្វើឲ្យប៉ះពាល់ដល់គោលការណ៍នីតិរដ្ឋ និងសន្តិសុខជាតិ”៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post