header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ តំណាងរាស្ត្រចំនួន៨៧រូប មកពីគណបក្សកាន់អំណាច បានផ្តួចផ្តើមធ្វើសេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មមាត្រា៤៥ថ្មី(ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដើម្បីផ្តល់សិទ្ធិឲ្យនាយករដ្ឋមន្ត្រី អាចស្នើសុំផ្តល់នីតិសម្បទាដល់អ្នកនយោបាយរបស់ CNRP ដែលត្រូវតុលាការហាមឃាត់ ឲ្យមានសិទ្ធិធ្វើនយោបាយឡើងវិញ។

សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា បានឲ្យដឹងថា តំណាងរាស្ត្រហត្ថលេខីចំនួន៨៧រូប បានផ្តួចផ្តើមធ្វើសេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ទៅមាត្រា៤៥ថ្មី (ស្ទូនមួយ)។

មាត្រា៤៥ថ្មី (ស្ទួនមួយ) មានខ្លឹមសារយ៉ាងដូច្នេះថា បុគ្គលដែលត្រូវតុលាការសម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយ មិនអាចបង្កើតគណបក្សនយោបាយ ឬចូលរួមក្នុងគណបក្សនយោបាយណាមួយ ឬឈរឈ្មោះ ឲ្យគេបោះឆ្នោត ឬធ្វើសកម្មភាពណាមួយគាំទ្រ ឬប្រឆាំងគណបក្សណាមួយបានឡើយ។ បុគ្គល ដែលបានតុលាការ សម្រេចហាមឃាត់ ការធ្វើសកម្មភាពនយោបាយនេះ នឹងអាចទទួលបានវិញ នូវសិទ្ធិនយោបាយពេញលេញ ដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត់ ដែលកំណត់ដោយសាលដីការបស់តុលាការកំពូល ឬក្នុងករណី ដែលបុគ្គលនោះ ត្រូវបានផ្តល់នីតិសម្បទាឡើងវិញ ដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្ត្រី តាមសេចក្តីស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ប្រភពបន្តថា ដូចសេចក្តីថ្លែងហេតុ នៃសេចក្តីស្នើច្បាប់នេះ បញ្ជាក់ស្រាប់ វិសោធនកម្មខាងលើ មានគោលដៅសំខាន់ៗ គឺបញ្ជាក់ឲ្យច្បាស់តាមផ្លូវច្បាប់អំពីករណីបុគ្គល ដែលត្រូវបានតុលាការហាមឃាត់ធ្វើសកម្មភាពនយោបាយ។ បើកលទ្ធភាពឲ្យបុគ្គលប្រភេទខាងលើ អាចទទួលបាននីតិសម្បទាឡើងវិញ តាមច្បាប់នេះ។ វិសោធកម្មច្បាប់នេះ ក៏មានគោលបំណងពង្រឹងលទ្ធិប្រជាធិតេយ្យ សេរីពហុបក្ស នីតិរដ្ឋ ព្រមទាំងទាំងលើកកម្ពស់ស្មារតីបង្រួបបង្រួមជាតិផងដែរ។

លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា ឲ្យដឹងក្នុងសន្និសីទសារព័ត៌មាន នាល្ងាចថ្ងៃទី៣ ខែធ្នូនេះថា វិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ ត្រង់មាត្រា៤៥ថ្មី (ស្ទួនមួយ) ជាវិសោធនកម្មច្បាប់ ដែលមានការប្រញាប់ ហើយអចិន្ត្រៃយ៍រដ្ឋសភា នឹងបើកកិច្ចប្រជុំពិភាក្សាក្នុងពេលឆាប់ៗនេះ ដើម្បីដាក់ចូលសម័យប្រជុំរដ្ឋស ភាពេញអង្គ អនុម័តផងដែរ។

អ្នកនាំពាក្យរដ្ឋសភា បានឲ្យដឹងថា សេចក្តីវិសោធនកម្មច្បាប់នេះ ក៏មានការជាប់ពាក់ព័ន្ធនឹងមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូល ហាមឃាត់មិនឲ្យធ្វើនយោបាយផងដែរ។

លោកបញ្ជាក់ថា «អ៊ីចឹង ច្បាប់នេះ ធ្វើវិសោធនកម្មគិតគូរដល់អ្នក ដែលត្រូវបានតុលាការហាមឃាត់ធ្វើនយោបាយ មិនឲ្យធ្វើសកម្មភាពនយោបាយរបស់តុលាការកំពូល។ យើងគិតគូរយ៉ាងម៉េច គឺថា ធ្វើឲ្យច្បាប់ពាក់ព័ន្ធនឹង ឥឡូវយើងធ្វើហើយ។ អ្នកដែលច្បាប់ហាមឃាត់ គឺអាចទទួលបាននីតិសម្បទា អាចទទួលបានសិទ្ធិធ្វើនយោបាយវិញ បន្ទាប់ពីមានសំណើពីនាយករដ្ឋមន្ត្រី ស្នើព្រះមហាក្សត្រ តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ»

លោកបន្ថែមថា វិសោធនកម្មច្បាប់នេះ ក៏ដោយសារតែពេលកន្លងមក ច្បាប់មិនបានគិតគូរដល់អ្នក ដែលត្រូវតុលាការហាមឃាត់នោះទេ ប៉ុន្តែពេលនេះ ការធ្វើវិសោធនកម្មច្បាប់នេះ គឺបានគិតគូរដល់អ្នកត្រូវតុលាការកំពូលហាមឃាត់ផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post