ភ្នំពេញៈ ផ្អើលរត់ជាន់ជើងគ្នា ពេញហាងស៊ុប មួយកន្លែង បន្ទាប់ពីស្ត្រីជាប្រពន្ធ និងប្ដីដែលជាជនជាតិចិន និងកូន២នាក់ និងស្ត្រីម្នាក់ទៀត ទាំងអស់៥នាក់ ចូលមកញ៉ាំស៊ុប ស្រាប់តែមួយសន្ទុះក្រោយមក ក៏មានបុរសដែលគេអះអាងថា ជាប្ដីដើម បានជិះម៉ូតូមកធ្វើសកម្មភាពចាក់ទាំងក្រុមគ្រួសារ បណ្តាលឲ្យ ស្លាប់ រងរបួសធ្ងន់ និងស្រាលផងដែរ ហើយជនបង្កក៏បានរត់គេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍ដ៏រន្ធត់បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង០៧:២០នាទីយប់ ថ្ងៃចន្ទ ទី២៤ ខែធ្នូ ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្ទះលេខ៧៩៣ (ហាង Family BBQ Buffet) ផ្លូវ១០១ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បើតាមមន្ត្រីអាវុធហត្ថខណ្ឌចំការមន បានឲ្យដឹងមុននេះថា បុរសជនជាតិចិន ដែលជាប្ដីក្រោយនោះ បានស្លាប់ហើយ ក្រោយពីបញ្ជូនទៅមន្ទីរពេទ្យរុស្សី ។
បើតាមលោក ហៀង ណារ៉េត អធិការរងនគរបាលខណ្ឌចំការមន បានប្រាប់ឲ្យដឹងដែរថា បុរសដៃដល់ដែលធ្វើសកម្មភាពចាក់ទៅលើមនុស្ស៣នាក់ បណ្ដាលឲ្យស្លាប់ខាងលើនោះ គឺជាអតីតប្ដីរបស់នារីរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណទេ តែត្រូវបានគេស្គាល់ថាជាមន្ត្រីយោធា និងមិនទាន់ដឹងថា ជាករណីអ្វីនោះទេ ព្រោះកម្លាំងលោក កំពុងស្រាវជ្រាមួយជំហ៊ានសិន ។
បើតាមការរៀបរាប់ពីសន្តិសុខយាមម៉ូតូមុខហាង បានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុគេបានឃើញនារីរងគ្រោះ(ជាប្រពន្ធ) និងក្រុមគ្រួសារ (មានកូន២នាក់ និងស្ត្រីម្នាក់ទៀតជាម្ដាយ) បានជិះរថយន្ត Highlander មួយគ្រឿងមកហាងកើតហេតុខាងលើ មួយសន្ទុះក្រោយមក មានជនជាតិចិនដែលជាប្ដីក្រោយ ជិះកង់មួយគ្រឿងមកតាមក្រោយ ទើបនាំគ្នាហៅស៊ុបញាំជុំគ្នាមួយសន្ទុះក្រោយមក ស្រាប់តែលេចមុខជនដៃដល់ជិះម៉ូតូសមួយគ្រឿង ម៉ាក PCX មិនចាំស្លាកលេខ កាត់មុខហាងមួយជុំ រួចទើបជិះយកម៉ូតូទៅទុកនៅខាងក្រោយរថយន្តដែលគេចតចោលនៅក្បែរហាងខាងលើ រួចដើរចូលទៅក្នុងហាង ស្របពេលនោះ ក្រុមនារីរត់តុក៏បានសាកសួររកថា អញ្ជើញពិសារអ្វីដែរ តែបុរសដៃដល់ មិនឆ្លើយតបនោះទេ បែរជាប្រញាប់ដើរសំដៅទៅរកបុរសជនជាតិចិនរងគ្រោះ ដែលកំពុងអង្គុយហូបស៊ុបជាមួយប្រពន្ធ និងកូន រួមទាំងម្ដាយក្មេក រួចធ្វើសកម្មភាពដកកាំបិត ដែលទុកនៅក្នុងកាបូបស្ពាយនោះ ចាក់ទៅលើជនជាតិចិននោះ ជាច្រើនកាំបិត បណ្ដាលឲ្យរងរបួសធ្ងន់ ហូរឈាមពាសពេញហាង ចំណែកឯនារីជាប្រពន្ធ និងស្ត្រីជាម្ដាយក៏ត្រូវបានបុរសជាប្ដីនោះ ចាក់ជាច្រើនកាំបិត បណ្ដាលឲ្យរបួសធ្ងន់ទាំង២នាក់ដែរ ។
ក្រោយពីធ្វើសកម្មភាពចាក់ទៅលើមនុស្ស៣នាក់ខាងលើបណ្ដាលឲ្យរងរបួសធ្ងន់ហើយ ជនដៃដល់បានកំពុងដើរចេញពីហាងខាងលើ ទៅយកម៉ូតូវិញ ស្របពេលជាមួយគ្នានោះមានភ្ញៀវ និងបុគ្គលិកក្នុងហាង បានរត់ចេញមកជួយចាប់ដែរ តែដោយសារតែឃើញកាំភ្លើងនៅជាប់ចង្កេះរបស់ជនដៃដល់នោះ ទើបមិនមានអ្នកណាហ៊ានចូលទៅឃាត់ និងចាប់ឡើយ ទើបបានបណ្ដោយឲ្យជនដៃដល់ឡើងជិះម៉ូតូចេញទៅបាត់ស្រមោលតែម្ដង ។
បន្ទាប់មកស្ត្រីជាប្រពន្ធ និងស្ត្រីជាម្ដាយដែលរងរបួសត្រូវបានគេដឹកតាមម៉ូតូទៅសង្គ្រោះភ្លាមៗនៅឯគ្លីនិកឯកជនទំនើប ចំណែកឯបុរសជនជាតិចិនត្រូវបានបញ្ជូនទៅមន្ទីរពេទ្យរុស្សី ។
ក្រោយពេលកើតហេតុ គេឃើញមានកម្លាំងអាវុធហត្ថខណ្ឌចំការមន និងកម្លាំងនគរបាលខណ្ឌចំការមន ចុះមកកន្លែងកើតហេតុ ដើម្បីស្រាវជ្រាវ និងសើបអង្កេតតាមជំនាញរៀងៗខ្លួន៕