header ads

Sponsor

កំពតៈ គោលនយោបាយរបស់រាជរដ្ឋាភិបាលបានអនុវត្តលើគ្រប់វិស័យ ក្នុងនោះ មានអប់រំ សាសនា ហើយនេះគឺជាចំណុចខ្លាំងមួយរបស់ខ្មែរ​យើង ដែលមានសាសនាច្រើនប៉ុន្តែយើងមិន ដែលមានជម្លោះសាសនានោះទេ ដោយសារយើងរួមគ្នាធ្វើ រួមគ្នាសប្បាយ ជាសុខដុម្មនីយកម្មជាតិយើង ។

លោក ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតនៅក្នុងពិធីសម្ពោធប្រាសាទ និងសមិទ្ធផលនានា ក្នុងវត្តភ្នំស ស្ថិតក្នុងឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត ថ្ងៃទី៣០ ធ្នូ ២០១៨ ដោយអបអរសាទរនូវសមិទ្ធផលថ្មី និងថ្លែងអំណរគុណព្រះចៅអធិការ ព្រះសង្ឃគ្រប់ព្រះអង្គ គណៈកម្មការអាចារ្យវត្ត ពុទ្ធបរិស័ទ ប្រជាពលរដ្ឋនៅក្នុងឃុំនេះ ដែលបានរួមគ្នាកសាង និងទទួលនូវសមិទ្ធផលផ្សេងៗ ដែលកើតមាននៅក្នុងទីអារ៉ាមនេះ ទុកជាការប្រើប្រាស់ឆ្លើយតបទៅនឹងតម្រូវការនៅក្នុងវិស័យព្រះពុទ្ធសាសនារបស់ប្រជាពលរដ្ឋនៅទីនេះ ដែលសមិទ្ធផលទាំងអស់នេះបានចូលរួមកសាង និងបន្ថែមសមិទ្ធផលថ្មីៗ ។

លោកថា បើគ្មានសុខសន្តិភាព បើគ្មានការចូលរួមពីប្រជាពលរដ្ឋ យើងមិនអាចកសាងសមិទ្ធផលជាបន្តបន្ទាប់ដូចពេលនេះទេ យើងមានសុខសន្តិភាពធ្វើឲ្យប្រជាពលរដ្ឋនៅក្រៅប្រទេសមានឱកាសមកលេងស្រុកកំណើត យើងមានឱកាសធ្វើបុណ្យជាមួយគ្នា ធ្វើឲ្យប្រទេសកាន់តែសម្បូរសប្បាយថែមទៀត ។ ក្នុងឱកាសសម្ពោធវិមានឈ្នះឈ្នះ យើងបានតាំងនូវគ្រាប់ ដែលធ្វើឲ្យប្រជាពលរដ្ឋរងគ្រោះកាលពី២០ឆ្នាំមុន យើងក៏បានតាំងនូវសមិទ្ធផល ដែលយើងបានដោះមីនឲ្យប្រជាពលរដ្ឋយើងសុខសប្បាយ ក៏បានតាំងនូវសមទ្ធិផល ដែលកងទ័ពរបស់យើងបានចេញទៅបំពេញបេសកកម្មក្រៅប្រទេសលើកកិត្តិយសជាតិខ្មែរលើឆាកអន្តរជាតិ ក៏បានបង្ហាញអំពីសមិទ្ធផល ដែលយុវជនយើង ដែលបំបែកឯកត្តកម្មក្រោមសុខសន្តិភាព ក៏បានបង្ហាញពីការវិវត្តន៍របស់ប្រទេសយើងរហូតដល់សព្វថ្ងៃ ហើយសំខាន់បំផុតបានតាំងនូវដំណើរតស៊ូរបស់សម្ដេចតេជោហ៊ុន សែន និងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត ដែលតស៊ូតាំងពីឆ្នាំ៧០ជាង រហូតរំដោះប្រទេសជាតិ ហើយបានបញ្ចប់សង្គ្រាម ។

លោកបន្តថា អ្នក ដែលដើរតួសំខាន់នៅក្នុងការបញ្ចប់សង្គ្រាម មានសម្តេចតេជោ និងភាគីផ្សេងទៀត ដែលបានរួមគ្នាបញ្ចប់សង្គ្រាម ។ ២០ឆ្នាំមុនយើងទើបតែបញ្ចប់សង្គ្រាម ២០ឆ្នាំនៃនយោបាយឈ្នះឈ្នះគឺបានផលនៅទូទាំងប្រទេស ។ ទេវតាបានចារហើយថា យើងទាំងអស់គ្នាមានជីវិតមកដល់ថ្ងៃនេះ សុទ្ឋតែអ្នកមានបុណ្យហើយ ជាពិសេសលោកតាលោកយាយសង្រ្គាមរាប់ជំនាន់ ស្លាប់រាប់លាននាក់តែលោកតាលោកយាយនៅមានជីវិត មានកូនមានចៅបានឃើញប្រទេសជាតិបានបញ្ចប់សង្រ្គាមក្នុងរយៈពេល ៥០០ឆ្នាំដោយសារនយោបាយឈ្នះឈ្នះ ។ ដូច្នេះយើងសុទ្ធតែអ្នកមានបុណ្យហើយ ។

ការមានបុណ្យមានកុសលនេះហើយ​​ យើងរួមគ្នាធ្វើបន្តទៅទៀតក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ។ យើងមានសុខសន្តិភាព យើងមានឱកាសធ្វើបុណ្យកាន់តែច្រើនរួមគ្នាតទៅទៀតដើម្បីអោយប្រទេសយើងកាន់តែសម្បូរសប្បាយ ។ មានការអភិវឌ្ឍ ។ ស្រុកយើងមានសុខសន្តិភាពហើយ ប្រជាពលរដ្ឋមានជីវភាព ធូរធា សម្បូរសប្បាយជាងមុន យើងនៅតែបន្តភាពសម្បូរសប្បាយធ្វើអោយប្រជាពលរដ្ឋមានលទ្ធភាពជួយគ្នាអ្នកនៅក្នុងភូមិ អ្នកនៅក្នុងឃុំ អ្នកនៅក្នុងស្រុក អ្នកនៅក្នុងខេត្ត និងអ្នកនៅខាងក្រៅ រួមគ្នាកសាងសមិទ្ធផល ។ សូមថ្លែងអំណរគុណ ប្រជាពលរដ្ឋ សប្បុរសជន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមកសាងសមិទ្ធផល និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលលើគ្រប់វិស័យ អប់រំ សាសនា ។

លោកបានសង្កត់ធ្ងន់ថា នេះគឺជាចំណុចខ្លាំងមួយរបស់ខ្មែរ​ យើងមានសាសនាច្រើនប៉ុន្តែយើងមិន ដែលមានជម្លោះសាសនានោះទេ ដោយសារយើងរួមគ្នាធ្វើ រួមគ្នាសប្បាយ នេះហើយគឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលយើងមិនឲ្យបែងចែកគ្នា ។ នេះហើយគឺជាសុខដុម្មនីយកម្មជាតិយើងក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ។ បេះដូងសម្ដេចតេជោគឺមិនប្រែប្រួលសម្រាប់ប្រជាពលរដ្ឋ លះបង់ដើម្បីប្រជាពលរដ្ឋគ្រប់ពេលវេលា នឹងហើយគឺជាអ្វី ដែលប្រជាពលរដ្ឋបានឃើញបានគាំទ្រ និងគោរពស្រឡាញ់សម្ដេចតេជោ ។

លោកថ្លែងថា សម្តេចតេជោ គិតពីប្រជាពលរដ្ឋ ស្រឡាញ់ប្រជាពលរដ្ឋ ស្រឡាញ់ទឹកដី និងដឹកនាំប្រទេសបន្តទៅទៀតបើទោះបីឆ្លងកាត់ដំណាក់កាលដ៏លំបាកជាច្រើនយ៉ាងណាក៏ដោយ ។ នេះហើយគឺជាអ្វី ដែលស្ថិតស្ថេរក្នុងបេះដូងថ្នាក់ដឹកនាំជាតិរបស់យើង និងអ្វី ដែលលោកឲ្យមន្រ្តីគ្រប់ជាន់ថ្នាក់ក្នុងស្ថាប័នរដ្ឋអាជ្ញាធរក៏ដូចជាក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជាចុះជួយប្រជាពលរដ្ឋជាប់ជាប្រចាំ ។

លោកហ៊ុន ម៉ាណែត បានថ្លែងអំណរគុណលោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋ ដែលបានគាំទ្រ ទុកចិត្ត និងស្រឡាញ់សម្តេចតេជោ តាមរយៈការបោះឆ្នោតជាច្រើនអាណត្តិមកនេះជាពិសេសការបោះឆ្នោតនៅពេលថ្មីៗនេះ ដែលប្រជាពលរដ្ឋបានបោះឆ្នោតគាំទ្រឲ្យសម្ដេចតេជោបានដឹកនាំប្រទេសបន្តទៅទៀត ។

លោកបញ្ជាក់ថា សូមលោកតាលោកយាយ បងប្អូនប្រជាពលរដ្ឋបន្តជឿទុកចិត្ត គាំទ្រការដឹកនាំរបស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ។ យើងបន់សុំសេចក្តីសុខ យើងរួមគ្នាថែរក្សាសមិទ្ធផលសុខសន្តិភាព ស្ថេរភាព យើងរួមគ្នាខិតខំបម្រើប្រជាពលរដ្ឋតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងតាមប្រសាសន៍របស់សម្ដេចតេជោ ណែនាំឲ្យមន្ត្រីទាំងអស់ចុះជួយប្រជាពរដ្ឋជាប់ជាប្រចាំ ធ្វើអំពើល្អជូនប្រជាពលរដ្ឋ ហើយថា អ្វី ដែលយើងសប្បាយថ្ងៃនេះ យើងទាំងអស់គ្នាគួរតែមានមោទនភាព និងផ្ដល់តម្លៃក្នុងការបញ្ចប់សង្គ្រាម ដែលសម្ដេចតេជោបានលះបង់គ្រប់បែបយ៉ាង និងតស៊ូដោយលំបាក ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post