
ភ្នំពេញៈ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ ខណៈបុរសម្នាក់មានជំងឺសសៃប្រសាទធ្ងន់ធ្ងរព្យាបាលមិនជាសះស្បើយ មិនតែប៉ុណ្ណោះគាត់ចេះតែរវើរវាយថា មានគេតាមសម្លាប់ទៀតផង។
ទីបំផុតដោយមានការភ័យខ្លាចពេកខណៈដែលម្ដាយមានការចេញទៅក្រៅតែមួយភ្លែតប៉ុណ្ណោះស្រាប់តែបុរសនេះធ្វើអត្តឃាតចងកសម្លាប់ខ្លួនតែម្ដង។
ហេតុការណ៍នេះ បានកើតឡើងភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា បុសរងគ្រោះខាងលើឈ្មោះ កែវ ធារិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅក្នុងភូមិកើតហេតុបានយកខ្សែគោចងកសម្លាប់ខ្លួនបណ្ដាលឲ្យស្លាប់ដោយក្រុមគ្រួសារមិនអាចជួយទាន់ឡើយ។
បុរសរងគ្រោះរូបនោះមានជំងឺសរសៃប្រសាទ ហើយមួយរយះពេលកន្លងមកនេះគាត់តែងតែរវើរវាយថាមានគេតាមសម្លាប់ ដែលបានធ្វើឲ្យគាត់ទទួលរងការភ័យខ្លាចគ្រប់ពេល។
ប្រភពដដែលបានបន្តថា លុះថ្ងៃកើតហេតុខណៈស្រ្តីជាម្ដាយជាប់រវល់ចេញទៅក្រៅបានទុកបុរសនេះឲ្យនៅផ្ទះជាមួយបុរសជាឪពុក ប៉ុន្តែពេលនោះឪពុកដេកនៅខាងក្រោម បន្ទាប់មកបុរសនេះបានបិទទ្វារបន្ទប់ខ្ទាស់គន្លឹះពីខាងក្នុងជាប់រួចធ្វើអត្តឃាតចងកសម្លាប់ខ្លួនបែបនេះតែម្ដង៕

