header ads

Sponsor

ភ្នំពេញៈ លោក សេក ភូមី អគ្គស្នងការរង នគរបាលជាតិ បានបញ្ជាក់ថា ការរីកចម្រើនសម័យបច្ចេកវិទ្យាទំនើប បានធ្វើឲ្យសង្គមមានការវិវត្តន៍យ៉ាងគំហុក ដែលបណ្ដាលឲ្យមានផ្នែកខ្លះឈានទៅដល់ការប៉ះពាល់តម្លៃ និងការបាត់បង់ នៃសម្បត្តិបេតិកភ័ណ្ឌជាតិផងដែរ។

ក្នុងពិធីបិទសិក្ខាសាលាថ្នាក់ជាតិ ស្ដីពីការប្រយុទ្ធប្រឆាំងការជួញដូរ ដោយខុសច្បាប់ នូវសម្បត្តិវប្បធម៌ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ អគ្គស្នងការរងនគរបាលជាតិ បានវាយតម្លៃខ្ពស់ ចំពោះសកម្មភាពទាំងឡាយរបស់ ស្ថាប័ន អង្គភាព កម្លាំងប្រដាប់អាវុធគ្រប់ផ្នែក និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានរួមចំណែកតាមតួនាទីភារកិច្ចរៀងខ្លួន ខិតខំចូលរួមអនុវត្តតាមគោលនយោបាយជាតិ ក្នុងការងារការពារ និងទាមទារយកមកវិញ នូវសម្បត្តិវប្បធម៌បេតិកភ័ណ្ឌ ដែលបានបាត់បង់យូរឆ្នាំមកហើយ មកបង្ហាញដាក់តាំងឲ្យកូនខ្មែរជំនាន់ក្រោយ បានដឹង និងស្គាល់ឡើងវិញ។

លោក សេក ភូមី បានថ្លែងថា “ប៉ុន្ដែទោះបីដូច្នេះក្ដី គ្រោះប្រឈមក្នុងចរន្ដនៃសាកលភាវូបនីយកម្មសាកលលោក មានការរីកចម្រើន សម័យបច្ចេកវិទ្យាទំនើប ធ្វើឲ្យសង្គមមានការវិវត្តន៍យ៉ាងគំហុក មានផ្នែកខ្លះឈានទៅដល់ការប៉ះពាល់ដល់តម្លៃ និងការបាត់បង់ នៃសម្បត្តិបេតិកភ័ណ្ឌជាតិ និងរបស់មនុស្សជាតិ”។

លោកបន្ដថា ការប្រយុទ្ធប្រឆាំងការជួញដូរ ដោយខុសច្បាប់ នូវសម្បត្តិវប្បធម៌ បាននឹងកំពុងក្លាយទៅជាចលនាសាកលមួយ មិនមែនតែសម្រាប់កម្ពុជាឡើយ។ កន្លងមកនេះ អគ្គស្នងការដ្ឋានគរបាលជាតិកម្ពុជា បានខិតខំប្រឹងប្រែងក្នុងការពារសម្បត្តិវប្បធម៌ជាតិនេះ។

ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាល មានគោលនយោបាយជាតិ ស្ដីពីវិស័យវប្បធម៌ ដោយដាក់ចេញនូវចក្ខុវិស័យ “អភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម” ក្នុងគោលដៅថែរក្សា ការពារ និងអភិវឌ្ឍន៍បេតិកភ័ណ្ឌវប្បធម៌ជាតិ ឲ្យស្ថិតសេ្ថរគង់វង្សជានិរន្ដន៍ ដោយក្នុងនោះបានដាក់ចេញនូវយុទ្ធសាស្ដ្រ ជាច្រើនដោយឡែកតែយុទ្ធសាស្ដ្រថែរក្សា និងគ្រប់គ្រង់បេតិកភ័ណ្ឌវប្បធម៌ត្រូវយកចិត្តទុកដាក់ ក្នុងការចាត់វិធានការទប់ស្ដាត់ជាប្រចាំ ការលួច ការធ្វើចរាចរណ៍ជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់ និងធ្វើការស្រាវជ្រាវផ្សព្វផ្សាយនិងទាមទារយកមកវិញ នូវវត្ថុបុរាណខ្មែរដែលត្រូវបានលូច និងកាន់កាប់ដោយខុសច្បាប់នៅក្នុង និងក្រៅប្រទេសវិញ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post