
ភ្នំពេញៈ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីដីនៅទីក្រុងមានហាងឆេងឡើងថ្លៃ នៅតាមមាត់ព្រែក បឹង ទន្លេ ដែលជាដីរបស់រដ្ឋ ត្រូវបានឈ្មួញឃុបឃិតជាមួយមន្ត្រីអាជ្ញាធរខិលខូចមួយចំនួន ចាក់រំលោភយកអស់គ្មានអស់ ជាពិសេសដីចំណីព្រែក និងតួព្រែកតែម្តងដែលនៅជាប់កន្ទុយដីរបស់ឈ្មួញនីមួយៗ។
សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ បានឲ្យដឹងថា ជាក់ស្ដែងព្រែកតាគង់ ស្ថិតនៅក្នុងភូមិខ្ទរ សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ ត្រូវឈ្មួញចាក់លុបយ៉ាងអនាធិបតេយ្យ ជាពិសេសក្រុមហ៊ុនបុរីភ្នំពេញផាក ដែលគេស្គាល់ថា ជារបស់លោកឧកញ៉ា ខូវ គីមបាក់ តំបន់នេះ កំពុងចាក់លុបព្រែកតាគង់ ចង់ជិតពេញអស់ហើយ។
ប្រភពបន្តថា ព្រែកធម្មជាតិមួយនេះ គឺប្រជាជនរាប់រយគ្រួសារបានអាស្រ័យផលទឹកព្រែកនេះ និងដើម្បីឲ្យសត្វពាហនៈ គោ ក្របី និងសត្វចិញ្ចឹមផ្សេងៗផឹក ប៉ុន្តែបច្ចុប្បន្នត្រូវបានក្រុមហ៊ុនបុរីភ្នំពេញផាក ចាក់រំលោភយក ស្ទើរបាត់ទ្រង់ទ្រាយព្រែកតាគង់អស់ទៅហើយ។
ប្រភពបន្តទៀតថា បច្ចុប្បន្នត្រូវបានម្ចាស់បុរីមួយចំនួន ដូចជា បុរីភ្នំពេញផាក បុរីអ័រគីដេ និងបុរី ប៊ុនជេសជាដើម ដែលបានបង្ហូរទឹកស្អុយផ្ទាល់ដាក់ចូលទៅក្នុងព្រែកនេះ ក្លាយជាទឹកស្អុយដោយគ្មានការចម្រោះទឹកអ្វីឡើយ បណ្តាលឲ្យប្រជាជន និងសត្វចិញ្ចឹមអាស្រ័យផលទឹកព្រែកនេះប្រើលែងកើតតែម្តង ដែលគ្មានអាជ្ញាធរថ្នាក់ណាអើពើនោះឡើយ ព្រោះគេបានឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធរួចរាល់ មិនមានអ្នកណាហ៊ានតវ៉ានោះទេ ដោយពួកគាត់ដឹងថា បើតវ៉ាក៏គ្មានប្រយោជន៍អីដែរ។
ប្រជាពលរដ្ឋរាប់រយគ្រួសារ ដែលរស់នៅជុំវិញព្រែកនេះ បានសំណូមពរទៅក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ពិសេសមន្រ្តីពាក់ព័ន្ធទាំងអស់ ជួយចាត់វិធានការទប់ស្កាត់ការលុបបំបាត់ព្រែកធម្មជាតិនេះផង។
ពាក់ពន្ធ័នឹងការចាក់ដីរំលោភព្រែកតាគង់ខាងលើនេះ លោក ឃន សុជាតិ នាយករងរដ្ឋបាលខណ្ឌជ្រោយចង្វារ បានប្រាប់តាមទូរស័ព្ទឲ្យដឹងថា ការចាក់ដីលុបព្រែក គឺមានច្បាប់ពីសាលាក្រុងត្រឹមត្រូវ ដោយទីតាំងនោះគេចាក់ធ្វើស្ពាន ចំណែកតំណាងក្រុមហ៊ុនបុរីភ្នំពេញផាកមិនអាចសុំការបកស្រាយបានទេ៕










