header ads

Sponsor

ភ្នំ​ពេញៈ បុរសម្នាក់ ត្រូវបាន​គេប្រទះឃើ​ញដេកស្លាប់​ ដោយមានស្នាមចាក់ជាច្រើ​នកាំបិត និងមានកាំបិតចិតបន្លែមួយនៅក្បែរសពផងដែរ​ សង្ស័យជាករណីឃាតកម្ម ចាក់សម្លាប់ប្លន់យកម៉ូតូ​ នៅក្នុងបន្ទប់ផ្ទះសំណាក់មួយកន្លែង​យីហោ “ចន្ធូ ត្រជាក់ចិត្ត” បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះពិនិត្យមើ​លទាំងយប់។

ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលនៅវេលាម៉ោង៧៖៣០នាទីយប់ ថ្ងៃអាទិត្យ​ ទី២៧​ ខែមករា​ ឆ្នាំ២០១៩ នៅ​ផ្ទះលេខ២១៥B នៅតាមបណ្ដោយផ្លូវ៣១MC ក្រុម៥ ភូមិឫស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

តាមសម្តីប្អូនថ្លៃជនរងគ្រោះ បានប្រាប់ឲ្យភ្នាក់ងារ​ ខេមប៉ុស្តិ៍​ ឲ្យ​ដឹងថា បុរសរងគ្រោះដែលស្លាប់ចោលប្រពន្ធនិងកូន៣នាក់យ៉ាងអណោចអាធ័មនោះ ឈ្មោះ យ៉ាន់ ជឿន​ អាយុ​៣៧ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ​រត់ម៉ូតូឌុប​ ស្នាក់នៅបន្ទប់ផ្ទះជួលម្ដុំស្ទឹងមានជ័យ ខណ្ឌមានជ័យ​ ​មានស្រុកកំណើត​នៅឯ ភូមិព្រែកសំបួរ ឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ។ ប្រភពដដែលបានបន្តទៀតថា សម្ភារៈដែលបាត់រួមមាន ម៉ូតូមួយគ្រឿង ព្រមទាំងចិញ្ចៀនមួយវង់ និងលុយក្នុងការបូបមួយចំនួនទៀត។

ប្អូនថ្លៃ​ប្រុសជនរងគ្រោះ បានឲ្យដឹងទៀតថា ជនរងគ្រោះ គឺជាអ្នករត់ម៉ូតូឌុបនៅខេត្តតាកែវ ដោយយូរៗឡើងមកភ្នំពេញម្តងយកអីវ៉ាន់ដាក់ឲ្យម៉ូយ។ លុះដល់ថ្ងែកើតហេតុទាំងបងប្អូន និងប្រពន្ធកូន មិនឃើញជនរងគ្រោះចូលផ្ទះដូចសព្វដង ក្រោយមកក៏មានសមត្ថកិច្ច ខលមកប្រាប់ថា ជនរងគ្រោះខាងលើត្រូវបានគេចាក់សម្លាប់នៅក្នុងផ្ទះសំណាក់ “ចន្ធូ ត្រជាក់ចិត្ត”ស្លាប់បាត់ទៅហើយ។ ចំណែកឃាតកមិនស្គាល់អត្តសញ្ញាណនៅឡើយ បាន​ចាក់សម្លាប់ជនរងគ្រោះ ហើយ​ជិះម៉ូតូរបស់ជនរងគ្រោះចេញទៅបាត់។

ប្រភពព័ត៌មានពីម្ចាស់ផ្ទះសំណាក់បានឲ្យដឹងថា​ នៅវេលាម៉ោង​ជិត៥ល្ងាច​ ថ្ងៃកើតហេតុខាងលើ​ ជនរងគ្រោះ ​បានជិះម៉ូតូម៉ាក​ ហុងដា ឌ្រីមសង់ (Honda Dream) ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FL-9986 មួយគ្រឿង​ ឌុបគ្នា មកជួលបន្ទប់ស្នាក់នៅផ្ទះសំណាក់កើតហេតុខាងលើជាមួយបុរស(មិនស្គាល់អត្តសញ្ញាណម្នាក់ទៀត) មួយសន្ទុះក្រោយមកបុរស(មិនស្គាល់អត្តសញ្ញាណនោះ) បានចេញពីបន្ទប់​ចុះមកក្រោមមុន​ ហើយម្ចាស់ផ្ទះសំណាក់​ក៏បានសួរនាំ​ដែរ​ តែបុរសនោះបានឆ្លើយថា ចេញទៅយកមិត្តស្រីមកគេងជាមួយគ្នា​ ហើយក៏ជិះចេញទៅបាត់តែម្ដង។

ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីទៅបាត់យូរពេក​មកដល់ម៉ោង៧យប់​ ថ្ងៃកើតហេតុខាងលើ​ ម្ចាស់ផ្ទះសំណាក់ក៏បានឡើងទៅមើល​ ក៏ប្រទះឃើញបុរសរងគ្រោះដេកស្លាប់​ នៅក្នុងបង្គន់ បន្ទប់ជាន់ទី៣ ដោយមានស្នាមចាក់ជាច្រើនកាំបិត និងមានកាំបិតចិតបន្លែមួយ នៅក្បែរសពផងដែរ ទើ​បបង្កឲ្យមានការភ្ញាក់ផ្អើ​ល​ឡើងតែម្ដង​ ហើយគាត់ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ អោយចុះមកពិនិត្យមើលកន្លែងកើតហេតុ។

ក្រោយកើតហេតុគេ​បានឃើញឧត្តមសេនីយ៍ត្រី សុង​ លី ស្នងការរងទទួលផែនព្រហ្មទណ្ឌ និងលោក​វរសេនីយ៍ឯក​​ ម៉េង​ វិមានតារា​ អធិការរង​ព្រហ្មទណ្ឌ​ខណ្ឌមានជ័យ​​ និងលោកអនុសេនីយ៍ឯក​ គង់​ សុវង្ស​ អធិការរងខណ្ឌមានជ័យ​ និងលោក​អនុសេនីយ៍ឯក​ កឹម​កល្យាណ​ នាយផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌមានជ័យ​ និងលោក​អនុសេនីយ៍ឯក​ ឯម​ ភារី​ នាយប៉ុស្តិ៍ស្ទឹងមានជ័យទី៣ និងកម្លាំងអាវុធហត្ថខណ្ឌមានជ័យ សហការជាមួយសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច្ច័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ​ បានចុះត្រួតពិនិត្យ និង​ធ្វើកោសល្យវិច័យ​ផងដែរ។

យ៉ាងណាមិញតាមជំហានដំបូងសមត្ថកិច្ចបានបញ្ជាក់ប្រាប់ភ្នាក់ងារខេមប៉ុស្តិ៍ថា​ សង្ស័យជាករណីឃាតកម្មប្លន់សម្លាប់យកម៉ូតូ ចំពោះព័ត៌មានច្បាស់ការណ៍យ៉ាងណា សមត្ថកិច្ចសុំធ្វើការស្រាវជ្រាវសិន។ ចំណែកសាកសពសមត្ថកិច្ចប្រគល់ឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

ពាក់ព័ន្ធនិង​ការគ្រប់គ្រង​ផ្ទះសំណាក់នេះ ​កន្លងទៅក៏មានការរិះគន់យ៉ាងខ្លាំងទៅលើ​ផ្ទះសំណាក់ ដែលមិនមានការគ្រប់គ្រលក្ខណៈសន្តិសុខ​អោយបានត្រឹមត្រូវ ​និងធ្វេសប្រហែស​ នៅមុនពេលចូលមកស្នាក់នៅ​ មិនសាកសួររក​អត្តសញ្ញាណប័ណ្ណ​ ឬឈ្មោះអ្នកមកស្នាក់នៅ ហើ​យនៅពេលមនុស្សចេញពីបន្ទប់​ បុគ្គលិក​ផ្ទះសំណាក់ មិនបានសួរនាំនិងពិនិត្យមើ​លឲ្យបានច្បាស់​លាស់សិន​ មុននឹងអនុញ្ញតឲ្យចេញពីបន្ទប់​ ចំណែកឯកាម៉េរា​សុវត្ថិភាព​ត្រូវតែមានហើយ ព្រោះអាចថតសកម្មភាព ដែលគេចេញចូលស្នាក់នៅបន្ទប់ផ្ទះសំណាក់​ បានផងដែរ៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post