header ads

Sponsor

កំពង់ឆ្នាំងៈ រឿងក្តៅៗផ្ទុះឡើ​ងទៀតហើយ ប្រជាពលរដ្ឋឃុំស្វាយជ្រុំជាច្រើ​នគ្រួសារ ចេញមកធ្វើការ​តវ៉ាជាថ្មី ដោយសារមេការក្រុមហ៊ុនរបស់លោកឧកញ៉ាម្នាក់ នៅតែបន្តធ្វើបាបប្រជាពលរដ្ឋ ឥតឈប់ឈរ រហូតដល់យកកម្លាំង​កងរាជអាវុធហត្ថខេត្តមកចាប់ត្រាក់ទ័រពួកគាត់ដែលជួលគេយកមកធ្វើការភ្ជួររាស់ស្រែទៀតផង។

ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលរស់នៅក្នុងឃុំស្វាយជ្រំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានលើកគ្នាសារជាថ្មី​មកសាលាឃុំ ដើម្បីធ្វើ​ការតវ៉ានឹងមេការក្រុមហ៊ុនរបស់លោកឧកញ៉ាម្នាក់ ដែលតែងតែបានធ្វើបាបប្រជាពលរដ្ឋអស់រយៈពេលរាប់ឆ្នាំណាស់មកហើយ។

ជាក់ស្តែងណាស់ប៉ុន្មានថ្ងៃមុននេះ មេការរបស់លោកឧកញ៉ាម្នាក់នោះ បានដឹកនាំ និងបញ្ជាឲ្យ​មន្ត្រីកងរាជអាវុធហត្ថខេត្តធ្វើការចាប់ខ្លួនឃាត់ខ្លួនប្រជាពលរដ្ឋ២នាក់ រួមនិងត្រាក់ទ័រ មួយគ្រឿង ដែលពួកគាត់បានជួល រួចយកទៅឈូសឆាយលើដីស្រែរបស់គាត់ទៀតផង។

រាល់ទង្វើបែបនេះ ត្រូវបានអាជ្ញាធរឃុំស្វាយជ្រុំ ចាត់ទុកជាអំពើសាហាវព្រៃផ្សៃ លើប្រជាពលរដ្ឋស្លូតត្រង់ ក្នុងឃុំរបស់គាត់ ដែលមានមុខរបរធ្វើស្រែ។ ហេតុការណ៍តវ៉ានេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ នៅសាលាឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ។

ស្ត្រីម្នាក់ឈ្មោះ កែវ ផល្លា មានទីលំនៅឃុំស្វាយជ្រុំ ស្រុករលាប្អៀរ បាននិយាយអះអាងថា គាត់បានទិញដីនៅចំណុចអូររំដេញ ស្ថិតក្នុងភូមិស្វាយចេក ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ តាំងពីឆ្នាំ២០០៨មកម្ល៉េះ ក្រោយមកដោយការខ្វះខាតជីវភាពគាត់បានលក់ដីនេះបន្តទៅឲ្យស្ត្រីម្នាក់នៅរាជធានីភ្នំពេញ ក្រោយមកស្រ្តីជាម្ចាស់ដី បានអោយគាត់ជួលត្រាក់ទ័រ ទៅឈូសពង្រាបដីនោះ ដើម្បីធ្វើស្រែ ព្រោះមានក្រសួងអភិវឌ្ឍន៍ជនបទ បានជីកប្រឡាយទឹក ជិតដីរបស់ពួកគាត់ នៅថ្ងៃទី២៦ ខែមករាឆ្នាំ ២០១៩ ខណៈពេលត្រាក់ទ័រ កំពុងឈូសពង្រាបដីស្រែ ស្រាប់តែឈ្មោះ លន់ ឡន ហៅឡុង បាននាំមន្ត្រីកងរាជអាវុធហត្ថ ទៅចាប់ទាំងមនុស្ស និងត្រាក់ទ័រ យកមកទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត មកដល់ពេលនេះ ទើបតែត្រូវបានដោះលែងអ្នកបើកត្រាក់ទ័រ ពីរនាក់ ប៉ុន្តែត្រាក់ទ័រនៅមិនទាន់ដោះលែងអោយមកវិញនោះឡើយ។

ស្ត្រីដដែល បានបញ្ជាក់ថា ប្រជាពលរដ្ឋអ្នកឃុំស្វាយជ្រុំ មានក្តីវេទនាខ្លាំងណាស់ ដោយសារតែឈ្មោះឡុង ជាមេការក្រុមហ៊ុនរបស់ឧកញ៉ាម្នាក់ នៅរាជធានីភ្នំពេញ តែងតែដើរគំរាម និងធ្វើបាបពួគគាត់រហូត។

ប្រជាពលរដ្ឋដែលរងការធ្វើបាបគំរាមកំហែងបាននិយាយឲ្យ​ដឹងថា កន្លងមកឈ្មោះ លន់ ឡន ហៅឡុងនេះ ដើរបំផុសប្រជាពលរដ្ឋអោយលក់ដីឲ្យក្រុមហ៊ុនទៅ ក្រុមហ៊ុននឹងបង្កើតរោងចក្រសលារៀនមន្ទីពេទ្យនៅជិតផ្ទះ ដោយមិនបាច់អោយកូនទៅធ្វើការនៅក្រៅប្រទេស និងទៅរៀននៅទីឆ្ងាយៗ ពិសេសមិនបាច់ទៅព្យាបាលឆ្ងាយនោះទេ ។ ប្រជាពលរដ្ឋក៏ព្រមលក់ទៅឱ្យគាត់ខ្លះមួយហិចតាបាន៣០០ដុល្លារ ខ្លះ៤០០ដុល្លារជាដើម។

ក្នុងនាមគាត់តំណាងឲ្យប្រជាពលរដ្ឋរស់នៅក្នុងឃុំស្វាយជ្រុំ សូមអំពាវនាវដល់អាជ្ញាធរខេត្ត ពិសេសប្រមុខរាជរដ្ឋាភិបាលសូមមេត្តាជួយប្រជាពលរដ្ឋរស់នៅក្នុងឃុំស្វាយជ្រុំ ដែលរងទុក្ខបុកម្នេញដោយសារបុគ្គលឈ្មោះ លន់ ឡុង ហៅឡេង នេះផង។

នៅរសៀលថ្ងៃដដែលនេះដែរ មេឃុំស្វាយជ្រុំ ស្រុករលាប្អៀរ លោក យី ភួន បានឲ្យ​ដឹងថាប្រជាពលរដ្ឋបានយកត្រាក់ទ័រទៅភ្ជួរស្រែលើដីរបស់គាត់សោះ ហេតុអីឈ្មោះ លន់ ឡន ហៅឡុង បញ្ជាឲ្យកងរាជអាវុធហត្ថទៅចាប់គ្នាបែបនេះទៅវិញ។ លោកបានបញ្ជាក់ថា ឈ្មោះ ឡុងនេះជាមេការរបស់ឧកញ៉ា សុខ ប៊ុន ដែលបានទិញដីជាង១ពាន់ហិកតា នៅក្នុងឃុំស្វាយជ្រុំ។ក៏ប៉ុន្តែក៏មានប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលមិនទាន់បានលក់ទៅឱ្យឈ្មោះ ឡុង នេះដែរ  ដែលមានផ្ទៃដីប្រមាណជាង ១៥០ហិកតា  ផ្ទៃដីជាង១៥០ហិកតា នេះគឺនៅក្នុងរង្វង់គ្របដណ្តប់ពីលើ របស់ឈ្មោះ ឡុង ដែលជាមេការរបស់លោកឧកញ៉ា។ ប៉ុន្តែពេលប្រជាពលរដ្ឋទៅបង្កបង្កើនផល គឺមិនបានទេ សូម្បីតែការលក់ដូរក៏មិនបានដែរ បើចង់លក់លុះត្រាតែលក់ អោយក្រុមហ៊ុន។ កន្លងទៅឈ្មោះ ឡុង នេះក៏ធ្លាប់គំរាមកំហែងមិនឲ្យរូបលោក ចុះហត្ថលេខាលើការទិញលក់ដីរបស់ប្រជាពលរដ្ឋឡើយ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំមកលើគាត់ ដែលជាអាជ្ញាធរដែនដីទៅវិញ។

លោកមេឃុំស្វាយជ្រុំ បានបញ្ជាក់ទៀតថា ឈ្មោះ ឡុងនេះ កាលពីរដូវទឹកឡើង ប្រជាពលរដ្ឋមកតវ៉ាបានសន្យាចំពោះមុខប្រជាពលរដ្ឋអ្នកសារព័ត៌មានថា នៅពេលទឹកស្រក បងប្អូនប្រជាពលរដ្ឋ មានដីនៅចំណុចណា សូមទៅធ្វើស្រែជាធម្មតាចុះ ហើយរឿងដី ចង់លក់អោយអ្នកណាក៏បាន ក្រុមហ៊ុនមិនបង្ខំនោះទេ។ តែធាតុពិត ពេលបងប្អូនទៅធ្វើស្រែ បែរជាហៅកងរាជអាវុធហត្ថ ទៅចាប់គ្នាទៅវិញ ពិតជាសាហាវព្រៃផ្សៃពេកហើយធ្វើមកលើប្រជាពលរដ្ឋ។

កន្លងទៅលោកចេះតែសម្របសម្រួលប្រើភាពអត់ធ្មត់ជាមួយនឹងឈ្មោះឡុង ដែលជាមេការក្រុមហ៊ុនរបស់លោក សុខ ប៊ុន នេះច្រើនហើយ។ ប៉ុន្តែពេលនេះលោកទ្រាំលែងបានហើយដោយសារតែការធ្វើបាបប្រជាពលរដ្ឋខ្លាំងពេក និងមានការគំរាមមកលើលោកញយដងពេកហើយ។ ហេតុនេះហើយក្នុងនាមលោកជាអាជ្ញាធរឃុំស្វាយជ្រុំ សូមសំណូមពរដល់អាជ្ញាធរខេត្ត ពិសេសប្រមុខរាជរដ្ឋាភិបាលសូមមេត្តាជួយដោះស្រាយលើបញ្ហានេះផង។

ពាក់ពន្ធ័និងករណីខាងលើនេះ ឈ្មោះ លន់ ឡន ហៅឡុង ដែលជាមេការក្រុមហ៊ុន រងការចោទប្រកាន់ខាងលើ បាននិយាយដោយខ្លីថា លោកមិនបានចាប់គ្រឿងចក្រនោះទេ គឺមន្រ្តីជំនាញនោះទេ ជាអ្នកចាប់ ហើយពេលនេះ គេដោះលែងវិញអស់ហើយ ប៉ុន្តែម្ចាស់គ្រឿងចក្រមិនមកយក ព្រោះបានបា្រប់ថា កំពុងកោសខ្យល់។

ដោយឡែកលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទវិញបានប្រាប់ថាលោកមិនបានបញ្ជាឲ្យចាប់គ្រឿងចក្រនោះទេ ព្រោះពេលអោយមន្ត្រីជំនាញចុះទៅពិនិត្យឃើញថា ដីនោះជាដីស្រែរបស់ប្រជាពលរដ្ឋ ធ្វើស្រែរាល់ឆ្នាំ មិនមែនជាដីព្រៃលិចទឹកទេ ហើយលោកក៏បានឲ្យដោះលែងមនុស្ស និងត្រាក់ទ័រទៅវិញ ប៉ុន្តែដល់ម៉ោងនេះបើគេមិនដោះលែងជារឿងរបស់គេ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post