header ads

Sponsor

ភ្នំពេញ៖ នារសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩នេះ ស្ត្រីថៅកែហាងកែសម្ផស្ស «ឌែម៉ូគ្លីនិក» អ្នកស្រី ហូវ ដាណេ និងស្រ្តីម្នាក់ទៀត ដែលជាគ្រូពេទ្យផ្នែកដេរ វះកាត់ប្រដាប់ភេទ ប្រចាំគ្លីនិក ត្រូវបានចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ លោក ម៉ុង មុនីសោភា ចេញដីកាបង្គាប់ឲ្យឃុំខ្លួនអ្នកទាំង២ ដាក់ពន្ធនាគារជាបណ្តោះអាសន្នហើយ នឹងត្រូវបញ្ជូនទៅពន្ធនាគារ PJ នារសៀលថ្ងៃនេះតែម្ដង។

សូមជម្រាបជូនថា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៤ មករា ឆ្នាំ២០១៩នេះ បានសម្រេចចោទប្រកាន់ជាផ្លូវការលើម្ចាស់គ្លីនិកឌែរម៉ូ កែសម្ផស្សចំនួន៣បទល្មើស ជាសំណុំរឿងព្រហ្មទណ្ឌ រួចបញ្ជូនជនត្រូវចោទទៅឲ្យ​ចៅក្រមស៊ើបសួរសម្រេចតាមនីតិវិធី។

ប្រភពព័ត៌មានពីសាលាដំបូង បានឲ្យ​ដឹងថា បទចោទប្រកាន់ដែលតំណាងអយ្យការបានសម្រេចចោទលោកស្រី ហូវ ដាណេ ជាម្ចាស់គ្លីនិកឌែរម៉ូ និងឈ្មោះ ពៅ ស៊ី​ណាត ជាគ្រូពេទ្យដេរខ្ជិបប្រចាំគ្លីនិក រួមមាន ៖ ១- បទប៉ះពាល់ដល់សិទ្ធិខាងរូបភាពនៃបុគ្គល តាមមាត្រា៣០២នៃក្រមព្រហ្មទណ្ឌ ។ ២-បទកំហែងយក តាមមាត្រា៣៦៣ និងមាត្រា៣៦៤នៃក្រមព្រហ្មទណ្ឌ ។ ៣-បទការគំរាមកំហែងហែកកេរ្តិ៍ តាមមាត្រា២៧២ និងមាត្រា២៧៣ នៃក្រមព្រហ្មទណ្ឌ។

មាត្រា៣០២នៃក្រមព្រហ្មទណ្ឌចែងថា អំពើថតរូបភាពនៃបុគ្គនៅទីកន្លែងឯកជន ដោយគ្មានការព្រមព្រៀងពីបុគ្គលនេះទេ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពីមួយខែទៅមួយឆ្នាំ និងពិន័យជាប្រាក់ពី១សែនរៀលទៅ២លានរៀល លើកលែងតែករណីដែលច្បាប់អនុញ្ញាត។

មាត្រា៣៦៣នៃក្រមព្រហ្មទណ្ឌចែងថា អំពើកំហែងយក គឺជាអំពើដែលប្រព្រឹត្តដោយការប្រើហិង្សា ការគំរាមកំហែងថា នឹងប្រើហិង្សា ឬដោយការបង្ខិតបង្ខំ ដើម្បីទទួលបាននូវ ៖ ហត្ថលេខា ឬស្នាមមេដៃ, ការសន្យា ឬការបោះបង់ចោលអ្វីមួយ, ការបង្ហាញអាថ៌កំបាំងណាមួយ, ការប្រគល់មូលនិធិតម្លៃ ឬទ្រព្យសម្បត្តិអ្វីមួយ។

មាត្រា៣៦៤ អំពើកំហែងយកត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល។

មាត្រា៣៧២នៃក្រមព្រហកមទណ្ឌចែងថា អំពើគំរាមកំហែងហែកកេរ្តិ៍ គឺជាអំពើប្រព្រឹត្តដោយការគំរាមកំហែងបើកកកាយ ឬទម្លាក់​កំហុសដែលនាំឲ្យ​ប៉ះពាល់ដល់កិត្តិយស ការរាប់អាន ដើម្បីទទួលបាននូវ ៖ ហត្ថលេខា ឬស្នាមមេដៃ, ការសន្យា, ការបង្ហាញអាថ៌កំបាំងណាមួយ, ការប្រគល់មូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិអ្វីមួយ។

មាត្រា៣៧៣បានចែងកំណត់អោយផ្ដន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល។

ជនត្រូវចោទ ហូវ ដាណេ និងពៅ ស៊ី​ណាត ត្រូវបានសមត្ថកិច្ចអាវុធហត្ថលើផ្ទៃប្រទេសបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៤ មករា ឆ្នាំ២០១៩ ដែលសំណុំរឿងនេះ ត្រូវបានចាត់បញ្ជូនអោយលោក សឿន មុនីរ័ត្ន ជាព្រះរាជអាជ្ញារងចាត់ការ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post