header ads

Sponsor

កំពង់ស្ពឺៈ ក្រុមជនសង្ស័យ ជាចោរលួចម៉ូតូ និងរថយន្តចំនួន២នាក់ បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនហើយកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តកំពង់ស្ពឺ មិនបានប៉ុន្មានថ្ងៃផងស្រាប់តែឃើញត្រឡប់ទៅផ្ទះវិញ មានសេរីយ៉ាងរំភើយ ហើយគាប់ជួនប្រពន្ឋរបស់ក្រុមជនសង្ស័យខាងលើ ដើរអួតប្រាប់គេឯងថា បានចំណាយលុយអស់ចំនួន៦០០០ដុល្លារ រត់ការ ទើបប្តីរបស់ខ្លួនបានត្រឡប់មកផ្ទះវិញបែបនេះ ។

ការដែលមុខសញ្ញាត្រូវបានដោះលែងនេះ ត្រូវបានប្រភពខ្សឹបខ្សៀវគ្នាថា គឺលោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺទើបឡើងកាន់តំណែងថ្មីៗនេះ សម្រេចឲ្យដោះលែងវិញហើយ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ ។

ពាក់ព័ន្ធការសម្រេចដោះលែងក្រុមជនសង្ស័យជា ចោរលួចទាំង០២នាក់ខាងលើ ត្រូវក្រុមមន្ត្រីមូលដ្ឋាន ក្នុងស្រុកឧដុង្គ ក្នុងឃុំជំពូព្រឹក និងអ្នកភូមិព្រៃអន្សែ លើកឡើងថា ប្រពន្ធរបស់ជនសង្ស័យឈ្មោះ នោ ពន បានដើរនិយាយអួតក្អេងក្អាងប្រាប់អ្នកស្រុក និងនិយាយបញ្ឈឺមន្ត្រីនគរបាលមូលដ្ឋានថា មិនដឹងជាខំមកចាប់ប្តីនាងធ្វើអី បើគង់តែបញ្ជូនទៅដល់លើ គេដោះលែងមកវិញដដែលនោះ ។ សម័យនេះហើយ អស់លុយតែ៦០០០ដុល្លារប៉ុណ្ណោះគឺ មានសេរីភាពវិញហើយ ឃើញទេ ។

ពាក់ព័ន្ធជាមួយករណីដោះលែងក្រុមជនសង្ស័យជា ចោរលួចនេះ មិនទាន់អាចសុំការបញ្ជាក់ពីលោកព្រះរាជអាជ្ញារង អ៊ូ ផាត អ្នកនាំពាក្យស្ថាប័នអយ្យការ អមសាលាដំបូងខេត្តកំពង់ស្ពឺ បានទេ ព្រោះលេខទូរស័ព្ទរបស់លោក មិនអាចទាក់ទងបាននោះទេ ។

គួររំលឹកផងដែរថា ក្រុមជនសង្ស័យទាំង២នាក់ដែលដោះលែងឲ្យមានសេរីភាពនោះមាន ឈ្មោះ អាយ អ៊ីង ហៅ អឿន ម៉ៅ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិព្រែកតាម៉ែ ឃុំកំពង់អុស ស្រុកពញឮ ខេត្តកណ្ដាល និងឈ្មោះ នោ ពន ភេទប្រុសអាយុ៤៨ឆ្នាំ រស់នៅភូមិព្រៃអន្សែ ឃុំជំពូព្រឹក្ស ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

ដោយឡែកទាក់ទងនឹងរឿងដោះលែងក្រុមជនសង្ស័យជា ចោរលួចខាងលើនេះដែរលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានប្រាប់តាមទូរសព្ទ័ ថា "ជាករណីសង្ស័យលួចម៉ូតូដោយជនសង្ស័យជាមនុស្សប្លែកមុខមករស់នៅក្នុងឃុំជំពូព្រឹក្ស ស្រុកឧដុង្គ) ហើយកន្លងមកនៅស្រុកឧដុង្គធ្លាប់បាត់រថយន្ត នៅពេលឃើញមានមនុស្សប្លែកមុខទើបសមត្ថកិច្ចមានការសង្ស័យ ក៏បានតាមដានស៊ើបអង្កេតហើយឃាត់ខ្លួនយកមកសាកសួរ ។ ក្រោយឃាត់ខ្លួនជនសង្ស័យសារភាពថា ធ្លាប់លួចម៉ូតូម្តង ក៏កសាងសំណុំរឿងបញ្ជូនទៅតុលាការតែម្តង" ។

សូមបញ្ជាក់ថា ក្រុមជនសង្ស័យជាចោរលួចទាំង២នាក់ខាងលើ ត្រូវកម្លាំងនគរបាលស្រុកឧដុង្គចាប់ខ្លួនកាលពីព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ ពាក់ព័ន្ធបទល្មើស លួចមានស្ថានទម្ងន់ទោស ។

ជនសង្ស័យឈ្មោះ អាយ អ៊ីង ហៅ អឿន ម៉ៅ ត្រូវចាប់ខ្លួន ខណៈចោររូបនេះកំពុងបើករថយន្តម៉ាកសាំយ៉ុង ពណ័ស ពាក់ស្លាកលេខ ភ្នំពេញ 2W-7761 ស៊េរីឆ្នាំ ២០០២ ចេញពីផ្ទះរបស់ជនសង្ស័យ ឈ្មោះ នោ ពន នៅចំណុចភូមិព្រៃអន្សែ ឃុំជំពូព្រឹក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

បើតាមសមត្ថកិច្ច រថយន្តខាងលើត្រូវពួកគេលួចបាន រួចយកទៅលាក់ទុក នៅផ្ទះរបស់ឈ្មោះ នោ ពន កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យឈ្មោះ អាយ អ៊ីង ហៅ អឿន ម៉ៅ សមត្ថកិច្ចបានឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ នោ ពន ម្នាក់ទៀត យកទៅសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ច ក្រុមជនសង្ស័យបាន សារភាពថា ពួកគេធ្លាប់ធ្វើសកម្មភាពកាច់កម៉ូតូ នៅខេត្តផ្សេងៗទៀត(មិនមែនកំពង់ស្ពឺ) ចំនួន៣លើក យកមកលក់ឲ្យឈ្មោះ នោ ពន ។ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសចោរលួចឆ្លងខេត្ត ខាងលើ សមត្ថកិច្ច ដកហូតវត្ថុតាង ពីឈ្មោះ អាយ អ៊ីង ហៅ អឿន ម៉ៅ រួមមាន រថយន្តម៉ាកសាំយ៉ុងពណ័ស ពាក់ស្លាកលេខ ភ្នំពេញ 2W-7761 ចំនួន១គ្រឿ ប្រដាប់កឹបស្លាកលេខចំនួន១ កូនសោរឡានចំនួន០៧ផងដែរ ។

នៅពេលឃាត់ខ្លួន ឈ្មោះ នោ ពន សមត្ថកិច្ចដកហូតបានម៉ូតូ ម៉ាកសេ១២៥ ពណ៌ក្រហម ពាក់ស្លាកលេខ កំពត 1K-1421 និងទូរស័ព្ទដៃចំនួន១គ្រឿង ។

លុះឃាត់ខ្លួន ក្រុមជនសង្ស័យទាំង២នាក់បានហើយ ប្រពន្ធរបស់ជនសង្ស័យឈ្មោះ នោ ពន មានឈ្មោះ រដ្ឋា ចន្ទ្រា ភេទស្រី អាយុ២៩ឆ្នាំ បានយកប្រគល់វត្ថុតាងមួយចំនួនទៀតឲ្យសមត្ថកិច្ច ។

អ្វីដែលជាការប្រតិកម្មគឺប្រពន្ឋជនសង្ស័យបានដើរអួតក្អេងក្អាងបន្ទាប់ពីប្តូរបស់គេចេញពីគុកមកវិញ ។ មហាជនរង់ចាំមើលថា តើវាស់នារបស់ជនសង្ស័យទាំង២អាចត្រឡប់ចូលទ្រនំចាស់ (គុក)វិញដែរ ឬយ៉ាងណា? បន្ទាប់ពីរឿងនេះបានផ្ទុះឡើង ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post