
កោះកុងៈ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង១២៖១៥នាទី ថ្ងៃត្រង់ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ នៅចំណុចចន្លោះគីឡូម៉ែត្រលេខ៨៩-៩០ ស្ថិតនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង បង្កឡើងដោយរថយន្តបុកនឹងម៉ូតូរបស់យុវជនទាំងពីរ។
សមត្ថកិច្ចឲ្យដឹងថា រថយន្តកុងតៃន័រ សណ្តោងរ៉ឺម៉ក មានក្បាលពណ៌ស ចង្កូតស្តាំ ពាក់ស្លាកលេខ PSHN ០៥៥៨ ក្រុមហ៊ុនរាជសីហ៍ ឡូជីស្ទីក (អ្នកបើកបររត់គេចខ្លួនបាត់) បានបុកនឹងម៉ូតូម៉ាក ហុងដាឌ្រីម ធុនសេ២៥ ពណ៌ខ្មៅ (បុកដាច់ស្លាកលេខ) ជិះគ្នាចំនួន២នាក់ មានឈ្មោះ ធឿន ឌីន ភេទប្រុស អាយុ១៤ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ និងឈ្មោះ លោក វ៉ាន់អូ ភេទប្រុស អាយុ១៦ឆ្នាំ របួសធ្ងន់។ អ្នកទាំងពីរ មានទីលំនៅភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។
ក្រោយពេលកើតហេតុ កម្លាំងអធិការដ្ឋាននគរបាលស្រុកកោះកុង បានចុះអន្តរាគមន៍ជួយសង្រ្គោះជនរងគ្រោះ និងបញ្ជូនទៅមន្ទីរពេទ្យខេត្តកោះកុង ហើយសាកសពជនរងគ្រោះ បានធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី។ ដោយឡែក រថយន្តបង្ក ត្រូវកម្លាំងជំនាញយកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីធ្វើការដោះស្រាយតាមនីតិវិធីច្បាប់៕
