header ads

Sponsor

(ស្វាយរៀង)៖ ក្រោមអធិបភាពឯកឧត្តម តូច ប៉ូលីវា អភិបាលរងខេត្ត បានអញ្ជើញជាអធិបតីក្នុង ពិធីប្រកាសចូលកាន់តំណែងអភិបាលរង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ និងមានការចូលរួមពី លោកនាយករដ្ឋាបាលខេត្ត  លោកនាយកទីចាត់ការធនធានមនុស្សសាលាខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកប្រធានមន្ទីរ-អង្គភាព នានាជុំវិញខេត្ត ។

លោក តូច ប៉ូលីវា មានប្រសាសន៍ថា៖ ដោយបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះភារកិច្ចប្រកបដោយការសាមគ្គីភាព ក្នុងជួរគណៈអភិបាលក្រុង-ស្រុក និងមន្ត្រីរាជការទាំងអស់ ធ្វើឲ្យស្រុករបស់ខ្លួន សម្រេចបាននូវលទ្ធផលល្អប្រសើរទាំងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការថែរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ដោយឡែកចំពោះការតែងតាំងមុខតំណែងនៅថ្ងៃនេះ គឺជាដំណើរការរដ្ឋបាលធម្មតា ក្នុងការរៀបចំមុខតំណែងមន្ត្រីរាជការក្នុងមុខងារសាធារណៈ ស្របទៅតាមគោលការណ៍គ្រប់គ្រងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដោយ លោក តឹក ពិសិដ្ឋ ត្រូវបានតែងតាំងជា អភិបាលរងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។

លោកក៍បានថ្លែងនូវអំណរគុណ ចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលកន្លងមកបានរួមសហការគ្នាបំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងល្អប្រសើររួមចំណែកជាមួយរដ្ឋបាលខេត្ត តាមគោលនយោបាយដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលទាំងអស់នេះគឺជាផ្នែកមួយដ៏សំខាន់មិនត្រឹមតែចូលរួមចំណែកក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិប៉ុណ្ណោះទេប៉ុន្តែក៏ចូលរួមចំណែកលើកកម្ពស់សុខុមាលភាព ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។
លោកបានបញ្ជាក់ថា៖ មន្ត្រីរាជការដែលទើបទទួលបានការតែងតាំងថ្មី និងប្រកាសចូលកាន់មុខតំណែង នាពេលនេះត្រូវបន្តបេសកកម្ម ចូលរួមសហការជាពិសេសត្រូវខិតខំពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុងគោរពតាមឋានានុក្រមដឹកនាំស្របតាមការបែងចែកភារកិច្ចទទួលខុសត្រូវឱ្យបានល្អ ។

សូមបញ្ជាក់ថាៈយោងតាមប្រកាសស្តីពីការផ្ទេរភារកិច្ចនិងតែងតាំងមន្ត្រីរាជការ របស់ក្រសួងមហាផ្ទៃលេខ៨០០៥ប្រ.ក ចុះថ្ងៃច័ន្ទ៩រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ត្រូវបានតែងតាំង លោក តឹក ពិសិដ្ឋ ឋានន្តរស័ក្ដិនាយក្រមការ ថ្នាក់លេខ៦ ទៅជាអភិបាលរង នៃគណៈអភិបាលស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ៕ ដោយ៖ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post