
ភ្នំពេញៈ កម្លាំងនគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងប៉ុស្តិ៍ចាក់អង្រែលើ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ ដកហូតថ្នាំញៀន៥០កញ្ចប់តូច ស្របពេលជាមួយគ្នានោះ កម្លាំងបានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត បន្ទាប់ពីសុំធ្វើការឆែកឆេរឃើញមានគ្រឿងញៀន ចំនួន៣កញ្ចប់តូច នៅវេលាម៉ោង៩៖៣០នាទីព្រឹក ថ្ងៃចន្ទ ទី១៤ ខែមករា ឆ្នាំ២០១៩ នៅចំណុចមុខមិនរៀបរយ(វាលខ្សាច់) ផ្លូវ៦០ម៉ែត្រ ក្រុមទី៨ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោក អុំ រតនា នាយប៉ុស្តិនគរបាលចាក់អង្រែលើ បានប្រាប់ឲ្យភ្នាក់ងារ CAM POST ឲ្យដឹងថា នៅមុនកើតហេតុ កម្លាំងល្បាតប៉ុស្តិ៍នគរបាលចាក់អង្រែលើ បានសហការជាមួយនឹងកម្លាំងល្បាតអធិការខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀន ដោយធ្វើការត្រួតពិនិត្យ ឆែកឆេរ រកឃើញក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន៥០កញ្ចប់ថង់តូច ស្របពេលជាមួយគ្នានោះ កម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត បន្ទាប់ពីសុំធ្វើការឆែកឆេរ ឃើញមានគ្រឿងញៀនចំនួន៣កញ្ចប់តូច ហើយកម្លាំងសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ យកមកសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ចាក់អង្រែលើតែម្តង។
សមត្ថកិច្ចបន្តថា ជនសង្ស័យទាំង២នាក់ ទី១-ឈ្មោះ ឯក ឌីម ភេទស្រី អាយុ២០ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុខាងលើ, ទី២-ឈ្មោះ នុត ចន្ថា ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅការដ្ឋានសំណង់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើតនៅឯខេត្តស្វាយរៀង។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ខាងលើ រួមទាំងវត្ថុតាង ត្រូវសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធីច្បាប់៕












