ត្បូងឃ្មុំៈ យ៉ាងហោចណាស់មានប្រជាពលរដ្ឋម្នាក់ស្លាប់ និង៩នាក់ផ្សេងទៀត រងរបួសធ្ងន់ស្រាល ក្រោយពីមានហេតុការណ៍ផ្ទុះក្បាលគ្រាប់១០៥មីល្លីម៉ែត្រ ដែលបន្សល់ពីសម័យសង្គ្រាម។
ហេតុការណ៍ផ្ទុះនេះដែរ កើតឡើងនៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នៅចំណុចរោងឈ្មោះ ម៉ាត់ សាវី ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចាម ក្នុងភូមិព្រែកតូច ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
សមត្ថកិច្ច ស្រុកត្បូងឃ្មុំ បានឲ្យដឹងថា មុនពេលកើតហេតុ ប្រជាពលរដ្ឋខ្មែរឥស្លាម បានស្ល សំណ ដើម្បីចាក់ចូលក្បាលគ្រាប់១០៥ យកមកចងជើងអួនម៉ាញ់ (ឧបករណ៍នេសាទ) ស្រាប់តែផ្ទុះផ្លោងចូលក្នុងផ្ទះ បណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួស៩នាក់ (ធ្ងន់៥នាក់)។ ហើយជនរងគ្រោះទាំង៩នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ចាម៧នាក់ និងមន្ទីរពេទ្យ៧D ២នាក់។
ជនរងគ្រោះទី១ វ៉ាន់ គា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិព្រែកតូច ឃុំទន្លេបិទ ស្លាប់។ ២ ឈ្មោះ ហ៊ីម ហេត ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិព្រែកតូច ឃុំទន្លេបិទ រងរបួសធ្ងន់។៣ ឈ្មោះ ស្មើន ភេទប្រុស អាយុ១១ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិរួលពន្លៃ ឃុំជីរោទិ៍ទី១ រងរបួសធ្ងន់។ ៤ ឈ្មោះ ហឿន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិរួលពន្លៃ ឃុំជីរោទិ៍ទី១ រងរបួសធ្ងន់។៥ ឈ្មោះ ស៊ុំ ធឿន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិរួលពន្លៃ ឃុំជីរោទិ៍ទី១ រងរបួសធ្ងន់។ ៦ឈ្មោះ ថាំ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិរួលពន្លៃ ឃុំជីរោទិ៍ទី១ រងរបួសធ្ងន់។ ៧ ឈ្មោះ គ្រៀល ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិរួលពន្លៃ ឃុំជីរោទិ៍ទី១ រងរបួសស្រាល។ ៨ឈ្មោះ ឯល អ៊ី ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិចាម រស់នៅព្រៃតូច ឃុំទន្លេបិទ រងរបួសធ្ងន់។ ៩ឈ្មោះ គង់ អ៊ា ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិគោធំ ឃុំជីរោទិ៍ទី១ រងរបួសមធ្យម។១០ ឈ្មោះម៉ាត់ សុះ ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិរួលពន្លៃ ឃុំជីរោទិ៍ទី២ រងរបួសធ្ងន់ (ជាអ្នកដុត)។