header ads

Sponsor

កំពតៈ រដ្ឋបាលខេត្ត និងក្រុង បានប្រើប្រាស់កម្លាំង ពលកម្មជាច្រើន ដើម្បីថែរក្សា សម្អាត និងកែលម្អសោភ័ណភាពក្រុង ឲ្យកាន់តែមានភាពទាក់ទាញ ប៉ុន្តែការសម្អាតធូលីនៅតែមិនទាន់បានឆ្លើយតប ទៅតាមការរំពឹងទុកនៅឡើយទេ ហើយបើតាមការអះអាងរបស់លោកអភិបាលខេត្តកំពតថា លោកបានចំណាយថវិកាផ្ទាល់ខ្លួនបញ្ជា​ទិញរថយន្តបូមធូលីពីរគ្រឿង ដើម្បីជួយជំរុញលើការងារបរិស្ថានទីក្រុងស្អាតនេះ។

សកម្មភាពសម្អាតអនាម័យ និងការកែសោភ័ណភាពក្រុងកំពតឱ្យកាន់តែប្រសើរ និងមានភាពទាក់ទាញជារឿងចំាបាច់បំផុតសម្រាប់ រដ្ឋបាលខេត្ត និងក្រុង ក្នុងការចូលរួមចលនាប្រកួតប្រជែងទីក្រុងស្អាត ហើតដើម្បីជំរុញចលនានេះ លោក​ ជាយ តាយ អភិបាលខេត្តកំពតបានចំណាយថវិកាផ្ទាល់ខ្លួន បញ្ជា​ទិញរថយន្តបូម និងបោសសម្អាត ដោយរំពឹងថា និងអាចជួយកាត់បន្ថយ កម្លាំងពលកម្ម និងធ្វើឲ្យប្រសិទ្ធភាពខ្ពស់ជាងមុន។

ថ្លែងក្នុងកិច្ចប្រជុំ ស្តីពីអនាម័យ និងសន្តិសុខសម្រាប់ទទួលស្វាគមន៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចុះមកសំណេះសំណាលកម្មករនៅរោងចក្រពូចិន លោក ជាវ តាយ អភិបាលខេត្តកំពត បានមានប្រសាសន៍ថា ដើម្បីជួយដល់កម្លាំងកម្មករ ព្រមទាំងធ្វើឱ្យប្រសើរឡើងថែមទៀតនូវបរិស្ថាន អនាម័យស្អាត ដើម្បីជំរុញចលនាប្រកួតប្រជែង ទីក្រុងស្អាត លោកបានចំណាយថវិកាទិញរថយន្តបូមធូលីចំនួនពីរគ្រឿង ដើម្បីយកមកប្រើប្រាស់ក្នុងការសម្អាតបរិស្ថានក្រុងកំពត។ លោកបានបន្តថា  រថយន្តនោះនឹងមកដល់ឆាប់ៗនេះ តែមិនមែនជាប្រភេទទំនើបថ្មីទេ គឺរថយន្តដែលគេធ្លាប់ប្រើប្រាស់រួច និងថានេះជាការសាកល្បង ដើម្បីកាត់បន្ថយពលកម្ម របស់ក្រុមអ្នកសម្អាត កុំឱ្យមានភាពលំបាកធ្ងន់ធ្ងរពេក។

ដោយឡែកបណ្តាស្រុកនានាត្រូវបង្កើនការយកចិត្តទុកដាក់អំពីបញ្ហាអនាម័យ បរិស្ថាននេះដែរ ពោលគឺមិនត្រូវបណ្តែតបណ្តោយឱ្យគំនរសំរាម មាននៅតាមដងផ្លូវសំខាន់ៗឡើយ ព្រោះបច្ចុប្បន្ន តាមការកត់សម្គាល់ នៅអមសងខាងផ្លូវជាតិ ក្នុងស្រុកមួយចំនួនកំពុងមានការចាក់សំរាមពាសវាលពាសកាលតាមរូបភាពផ្សេងៗ។

ក្រៅពីរថយន្តបូមធូលីទាំងពីរគ្រឿង លោក​ ជាវ តាយ បានបង្ហើបឱ្យដឹងទៀតថា លោកបានទិញគ្រឿងចក្រ ចំនួនបួនគ្រឿងតម្លៃប្រហែល៤០ម៉ឺនដុល្លារ ដើម្បីសាកល្បងការងាកងវិស្វកម្មពិសេសក្នុងសកម្មភាពជួសជុល និងស្ថាបនាផ្លូវដោយមួយក្រុងស្រុកអនុវត្តលើប្រវែង៥០គីឡូម៉ែត្រ។ នេះជាការជួយសម្រាលកិច្ចការហេដ្ឋារចនាសម្ព័ន្ធ ព្រោះបើរង់ចាំមន្ទីរអភិវឌ្ឍន៍ជនបទដែលទទួលបន្ទុកប្រវែងផ្លូវ៣.០០០គីឡូម៉ែត្រនៅទូទាំងខេត្តនោះមិនដឹងថា ពេលណាទើបរួចរាល់ទេ។ កងវិស្វកម្មបានបើកការដ្ឋាននៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ ដោយចាប់ផ្តើមពីស្រុកឈូកមុនគេ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post