
ភ្នំពេញៈ បុរសម្នាក់ បានរងរបួសបាក់ស្នងជើងស្តាំធ្ងន់ធ្ងរ ខណៈកំពុងជិះម៉ូតូលើផ្លូវកំពុងកកស្ទះ គ្រាន់តែដាក់ទម្លាក់ជើងជ្រែងទប់ម៉ូតូ ចូលក្នុងកាំកង់រ៉ឺម៉ដឹកដែក បណ្តាលឲ្យកិនតែម្តង កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នៅតាមផ្លូវបេតុង ក្នុងភូមិតាងួន២ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ចាន់ ប៊ុនធឿន ភេទប្រុស អាយុ៦២ឆ្នាំ បម្រើការនៅមណ្ឌលព្រៃស្ពឺ មានទីលំនៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូចេញពីផ្ទះក្នុងគោលបំណងឆ្ពោះទៅកន្លែងធ្វើការងារ ដោយជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FL-4884 ធ្វើដំណើរកាត់តាមផ្លូវបេតុងខាងលើ ពីកើតទៅលិច ខណៈដែលស្ថានភាពកំណាត់ផ្លូវកំពុងកកស្ទះចរាចរណ៍ ជនរងគ្រោះបានទម្លាក់ជើងស្តាំចេញពីឈ្នាន់ដើម្បីទប់ជ្រែងម៉ូតូ គាប់ជួនប៉ះចំកង់រ៉ឺម៉កដឹកដែក ដែលក្នុងបើកស្របទិសនៅខាងស្តាំម៉ូតូជនរងគ្រោះស្រាប់ បណ្តាលឲ្យកិនបាក់ស្នងជើងស្តាំតែម្ដង។
ក្រោយកើតហេតុ ភាគីសាច់ញាតិខាងជនរងគ្រោះ មកដល់កន្លែងកើតហេតុ ទើបដឹងថា ទាំងជនរងគ្រោះ ទាំងអ្នកបើកបររ៉ឺម៉កដឹកដែក ជាអ្នកស្គាល់គ្នា ទើបសុំប៉ូលិសទៅរៀងខ្លួន ជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅមន្ទីរពេទ្យ មិនរំខានដល់សមត្ថកិច្ចឡើយ៕

