
សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឯម សុដាចាន់ ហៅលី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះលេខ៣២៩ ផ្លូវជាតិលេខ៥ សង្កាត់មិត្តភាព ខណ្ឌឫស្សីកែវ។ ចំណែកម្ចាស់ឈ្មោះ ហាស់ សុធាវី ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅផ្ទះលេខ៥៦L៨E0E១ ផ្លូវ២៣០ ភូមិ៦ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
នារីជាម្ចាស់ម៉ូតូ បានឲ្យដឹងថា មុនពេលកើតហេតុ ខ្លួនបានជិះម៉ូតូ១គ្រឿងម៉ាកហុងដា Beatសេរីឆ្នាំ២០១៨ ពណ៌ក្រហមលាយស ពាក់ស្លាកលេខភ្នំពេញ1HE 8737 មកធ្វើការនៅផ្សាររតនាផ្លាហ្សា ហើយទុកនៅកន្លែងផ្ញើ រួចខ្លួនក៏ចូលទៅធ្វើការ លុះដល់ម៉ោងកើតហេតុខាងលើស្រាប់តែមានសន្តិសុខទៅប្រាប់ថា មានគេហៅជាងមកធ្វើសោម៉ូតូ ពេលនោះខ្លួនក៏ចុះមកដល់ក៏ប្រាប់ថា នេះជាម៉ូតូរបស់ខ្លួន ទើបនាំគ្នាឃាត់ខ្លួនជនសង្ស័យយកមកប្រគល់ឲ្យសមត្ថកិច្ចតែម្តង។
ប្រភពពីជាងធ្វើសោ បានអោយដឹងថា មុនពេលកើតហេតុមានយុវជនម្នាក់(ជនសង្ស័យ)បានមកហៅគាត់អោយទៅធ្វើសោម៉ូតូឲ្យគេ ដោយប្រាប់ថា សោម៉ូតូគេខូច ពេលនោះគាត់ក៏មកដល់កន្លែងទុកម៉ូតូក្នុងផ្សាររតនាផ្លាហ្សា ប៉ុន្តែគាត់មានការសង្ស័យ ក៏ហៅសន្តិសុខ និងអ្នកគ្រប់គ្រង់អោយមកជួយមើល ពេលជនរងគ្រោះមកដល់ ទើបដឹងថា ជាម៉ូតូរបស់សន្តិសុខធ្វើការនៅក្នុងផ្សារនោះ ហើយក៏នាំគ្នាឃាត់ខ្លួនជនសង្ស័យយកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លាតែម្តង។
ក្រោយសមត្ថកិច្ចសួរចម្លើយតាមជំនាញ រួចទើបជនសង្ស័យឆ្លើយសារភាពថា កាលពីយប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ ខ្លួនបានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងនៅកន្លែងផ្ញើម៉ូតូផ្សារអ៊ីអន២ក្នុងសង្កាត់ភ្នំពេញថ្មី ដោយប្រើល្បិចហៅជាងសោអោយមកធ្វើសោ ហើយក៏ជិះចេញទៅបាត់យកទៅបញ្ចាំបានលុយ៣០០ដុល្លារចាយអស់ ក្រោយមកខ្លួនក៏បានហៅជាងធ្វើសោក្នុងបំណងលួចម៉ូតូគេបន្តទៀត តែត្រូវគេចាប់ប្រគល់ឲ្យសមត្ថកិច្ចតែម្តង៕
