
ភ្នំពេញៈ ម្ចាស់សង្វៀនជល់មាន់ មួយកន្លែង ត្រូវបានគេប្រាប់ថា មានឈ្មោះ ហាន និង ឈ្មោះ រ័ត្ន ជាមន្រ្តីកងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ ដែលយកឈ្មោះ លោក គួច ចំរើនអភិបាលខេត្ត កំពង់ចាម និង លោក បែន រ័ត្ន ស្នងការនគរបាល ខេត្តត្បូងឃ្មុំ មកកាងទីតាំងសង្វៀន ជល់មាន់ និងល្បែងអាប៉ោង នៅចំណុចព្រៃឬស្សីកប់ខ្មោច ស្ថិតក្នុងភូមិព្រែកជីក ឃុំទន្លេបិត ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ធ្វើអោយមានការរិះគន់។
អ្នកដែលញៀននិងល្បែង ជល់មាន់ បានបង្ហើបប្រាប់ថា ទីតាំងខាងលើ បើកលេង ចាប់ពីម៉ោង១០ព្រឹក រហូតដល់ម៉ោង៥ល្ងាច ចំពោះតំលៃជល់ ចាប់ពី៥០០ដុល្លារ ទៅដល់ ២០០០ដុល្លារ ដោយក្នុងមួយថ្ងៃជល់ពី ១៥គូរ ទៅ២០គូរ។ ក្រៅពីលេងជល់មាន់ ក៏មានលេងល្បែងអាប៉ោង ដោយចាក់ចាប់ពី ១លាន ទៅដល់ ៨លានរៀលក៏មានដែរ។
ប្រជាពលរដ្ឋបានអោយដឹងថា ឈ្មោះ ហាន ដើរអួតប្រាប់ថា គ្មានអ្នកណាហ៊ាន ចុះបង្រ្កាបទីតាំងរបស់ គេទេ ព្រោះតែរូបគេមានទំនាក់ទំនង យ៉ាងស្អិតរមួត ជាមួយលោក គួច ចំរើន និង លោក បែន រ័ត្ន ហើយឈ្មោះ ហាន ចង់ចេញចូលផ្ទះលោក គួច ចំរើន ពេលណាក៏បាន អោយតែរូបគេចង់ចូល។
ទោះបីជាយ៉ាងក៏ដោយ អង្គភាព CamPost មិនអាចសុំការបំភ្លឺ ពីលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម និង លោក បែន រ័ត្ន ស្នងការខេត្តត្បូងឃ្មុំ ចំពោះករណី ឈ្មោះ ហាន និង ឈ្មោះ រ័ត្ន ជាមន្រ្តីកងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ បានប្រើឈ្មោះ ទៅកាងសង្វៀង ជល់មាន់ និងល្បែងអាប៉ោង បាននោះទេ៕


