
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរឹបអូសយកម៉ូតូ១គ្រឿង ម៉ាកកាវ៉ាសាគី ពាក់ស្លាកលេខ ខេមរភូមិន្ទ ដែលគេជឿថាជាឧបករណ៍ នៃមធ្យោបាយប្រើប្រាស់សម្រាប់ធ្វើសកម្មភាពលួចទូទៅរបស់ជនសង្ស័យទាំង៣នាក់នោះ។ ចំណែកជនសង្ស័យទាំង៣នាក់ បានប្រើប្រាស់ទីតាំងហ្គេមបាញ់ត្រីនោះ ជាកន្លែងពួនសម្ងំ ក្រោយការធ្វើសកម្មភាពលួចនៅខាងក្រៅ។
បើតាមសម្តីពីសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា មុនពេលចុះចាប់មុខសញ្ញាជំនាញខាងកាច់ក.ម៉ូតូទាំង៣នាក់ ដែលជិះម៉ូតូម៉ាកកាវ៉ាសាគី ពាក់ស្លាកលេខ ខេមរភូមិន្ទ នៅផ្ទះបើកទូរហ្គេមបាញ់ត្រី ដែលជាប្រភេទល្បែងស៊ីសងនេះ គឺយោងតាមពាក្យបណ្តឹងពីជនរងគ្រោះ ដែលបានបាត់ម៉ូតូម៉ាក់ MSX (ស្លាកលេខត្រូវជនសង្ស័យកាច់ចេញបាត់ហើយ) កាលពីយប់វេលាម៉ោង៣ជាងទៀបភ្លឺ ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ នៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ដោយជនរងគ្រោះបានស្គាល់មុខសញ្ញា និងតាមដានដឹងថា ជនសង្ស័យដែលធ្វើសកម្មភាពលួចកាច់ក.ម៉ូតូ រួចមកពួនលាក់ខ្លួនក្នុងផ្ទះបើកទូរហ្គេមបាញ់ត្រីខាងលើ។ បន្ទាប់មកបានធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាលភ្លាមៗ ចុះមកក្របួចបានតែម្តង ដោយមិនរំខានដល់កម្លាំងសមត្ថកិច្ចស្ទឹងមានជ័យ២នោះទេ។
យោងតាមសម្តីជនរងគ្រោះ បានប្រាប់ឲ្យដឹងថា ម៉ូតូរបស់គាត់បានចតទុកនៅមុខបន្ទប់ជួល ដោយចាក់សោ.ក រួចដើរចូលក្នុងបន្ទប់ដោយដើរបញ្ច្រាស់ទិសជាមួយជនសង្ស័យ ស្រាប់តែបានប៉ុន្មានម៉ោងក្រោយមក ក៏បាត់ម៉ូតូ ទើបមានការភ្ញាក់ផ្អើល ហើយជិះដើររកទើបដឹងថា ជនសង្ស័យពួននៅទីតាំងខាងលើក៏ប្តឹងទៅសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាលចុះមកក្របួចបានតែម្តង។
ក្រោយក្របួចបានជនសង្ស័យចំនួន៣នាក់ ជំនាញខាងកាច់ក.ម៉ូតូរួច សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ម៉ូតូ២គ្រឿង មួយគ្រឿង ម៉ាកកាវ៉ាសាគី ដែលពាក់ស្លាកលេខ ខេមរៈភូមិន្ទ សម្រាប់ជិះធ្វើសកម្មភាព និងមួយគ្រឿងទៀត ម៉ាក MSX ជារបស់ជនរងគ្រោះ។
បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ និងវត្ថុតាង សមត្ថកិច្ចកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕





