ភ្នំពេញៈ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ ដោយស្ត្រីជនជាតិវៀតណាមម្នាក់ ត្រូវបានបុរសមិនស្គាល់មុខម្នាក់ បានដឹកយកមកប្លុងចោលនៅក្នុងមន្ទីរពេទ្យ ទាំងមានជំងឺធ្ងន់ រួចដាក់ឲ្យគ្រូពេទ្យត្រួតពិនិត្យ ហើយបុរសនោះគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍ខាងលើ កើតឡើងកាលពីវេលាម៉ោង៨៖៣០នាទីយប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមន្ទីរពេទ្យរុស្ស៊ី ស្ថិតនៅភូមិ៣ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោយមកក៏ដាច់ខ្យល់ស្លាប់ ទើបក្រុមគ្រូពេទ្យរាយការណ៍ប្រាប់ឲ្យសមត្ថកិច្ចមូលដ្ឋានបានដឹង និងចុះមកត្រួតពិនិត្យផងដែរ។
សពស្ត្រីខាងលើឈ្មោះ សុខ ថាវ អាយុ២៧ឆ្នាំ ជនជាតិវៀតណាម មុខរបរម៉ាស្សា មិនស្គាល់ទីកន្លែងស្នាក់នៅនោះទេ។
យោងតាមលិខិតមរណភាពចេញពីមន្ទីរពេទ្យរុស្ស៊ីដោយគ្រូពេទ្យ ដែលប្រចាំការនៅមន្ទីរពេទ្យរស្ស៊ី បានឲ្យសមត្ថកិច្ចដឹងថា នៅយប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ បុរសម្នាក់ បានបីអ្នកជំងឺធ្ងន់ម្នាក់ ចូលបន្ទប់សង្រ្គោះបន្ទាន់ ហើយក៏បានពិនិត្យសុខភាពមួយសន្ទុះ គ្រួពេទ្យបានសួររកអ្នកបុរសជាអ្នកបីអ្នកជំងឺចូល តែរកមិនឃើញ រហូតដល់ម៉ោងជាង៨យប់ ស្ត្រីអ្នកជំងឺបានដាច់ខ្យល់ស្លាប់ រួចក៏ឲ្យរថយន្តដឹកសព មកដឹកយកទៅសាលតម្កល់សព ដើម្បីឲ្យសមត្ថកិច្ចពិនិត្យនិងស្រាវជ្រាវរកក្រុមគ្រួសារសព។
លោក ផន អូន នាយនគរបាលប៉ុស្តិ៍រដ្ឋបាលទំនប់ទឹក ខណ្ឌចំការមន បានប្រាប់ថា នៅម៉ោងជិត១០យប់ ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ មានក្រុមគ្រូពេទ្យ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្សី) បានទាក់ទងរាយការណ៍ប្រាប់លោកថា មានបុរសម្នាក់ ដឹកស្ត្រីម៉ាស្សាម្នាក់ មានជំងឺធ្ងន់ យកមកប្លុងទម្លាក់ចោល ហើយគេចខ្លួនបាត់ស្រមោល តែក្រោយមកអ្នកជំងឺ ជួយសង្រ្គោះមិនទាន់ ក៏បានដាច់ខ្យល់ស្លាប់ ហើយសពរក្សាទុករង់ចាំសមត្ថកិច្ចធ្វោកោសល្យវិច័យ នៅសាលតម្កល់សព មន្ទីរពេទ្យរុស្ស៊ី។
លោកមេប៉ុស្តិ៍បន្តថា លុះព្រឹកឡើងថ្ងៃទី១០ ខែមករា ឆ្នាំ ២០១៩ លោកបានសហការជាមួយកម្លាំងការិយាល័យបច្ចេកទេសកោសល្យវិច័យសព ចុះមកត្រួតពិនិត្យសព និងមានគ្រូពេទ្យអមសាលាដំបូងមកជាមួយ ឃើញថា ករណីមនុស្សស្លាប់ សង្ស័យមានជំងឺមហារីកដោះ ដោយមានដំប៉ៅដោះរលួយមួយចំហៀងខាងឆ្វេង និងស្ដាំ។ សពនេះបើតាមការស្រាវជ្រាវ គឺជាជនអាណាថាទេ ដោយសមត្ថកិច្ចតែងតែឃើញដើរតាមចិញ្ចើមផ្លូវ និងដើររើសអេតចាយ។
បច្ចុប្បន្នសពមិនទាន់រកសាច់ញាតិឃើញទេ ដោយប្រគល់ឲ្យខាងសាលតម្កល់សព យកទៅបូជានៅវត្តសំបួរមាស ព្រោះមិនអាចទុកយូរបាន៕


