header ads

Sponsor

ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអះអាងថា រហូតមកដល់ពេលនេះ មិនទាន់ឃើញមានអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ដែលជាប់បម្រាមស្នើសុំទៅក្រសួងមហាផ្ទៃ ដើម្បីមានសិទ្ធិធ្វើនយោបាយឡើងវិញនោះទេ។

ការអះអាងរបស់ប្រមុខដឹកនាំក្រសួងមហាផ្ទៃនេះ ខណៈសេចក្តីស្នើវិសោធនកម្មមាត្រា៤៥ ថ្មី(ស្ទួន)នៃច្បាប់ស្តីពីគណបក្សនយោបាយ ត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញប្រកាសទទួលថា ជាសេចក្តីស្នើច្បាប់ស្របតាមធម្មនុញ្ញភាព កាលពីថ្មីៗកន្លងមកនេះ គឺនៅតែរង់ចាំព្រះមហាក្សត្រឡាយព្រះហត្ថលេខា ប្រកាសឲ្យប្រើជាផ្លូវការនោះទេ។

សម្តេច ស ខេង បានឲ្យដឹងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ថា មកដល់ពេលនេះ មិនទាន់មានអតីតមន្ត្រីគណបក្សសង្គ្រោះជាតិដាក់ពាក្យស្នើសុំ ដើម្បីទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញនៅឡើយទេ។

សម្តេចបន្តថា ​ការមិនទាន់ស្នើសុំនេះ ដោយសារតែមន្ត្រីទាំងនោះ គិតថា ច្បាប់សេចក្តីស្នើវិសោធនកម្មមាត្រា៤៥ថ្មី (ស្ទូន)នៃច្បាប់ស្តីពីគណបក្សនយោបាយ មិនទាន់ត្រូវបានព្រះមហាក្សត្រទ្រង់ឡាយព្រះហត្ថលេខានោះទេ។ នៅពេលច្បាប់នេះ ចូលជាធរមានទើបយើងដឹង។

ទោះបីជាមានសំណួរ ថាតើមានមន្ត្រីអតីតបក្សឆាំងណាខ្លះ នឹងទទួ​លបានការផ្តល់សិទ្ធិ ឬនីតិសម្បទាធ្វើនយោបាយឡើងយ៉ាងណាក្តី សម្តេច ស ខេង មិនបានបញ្ជាក់យ៉ាងណានោះទេ។ តែ​សម្តេច បានបញ្ជាក់ជា «បញ្ហា​នេះ ខ្ញុំមិនអាចនិយាយបានទេ។ វាមានករណី ប៉ុន្តែយើងមិន អាចវាយតម្លៃស្មានៗបានទេ ទាល់តែមានឯកសារត្រឹមត្រូវ»។

ចំពោះសំណួរ ថាតើករណីលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ អាចនឹងត្រូវបានផ្តល់សិទ្ធិសេរីភាពនយោបាយវិញដែរ ឬទេ? ត្រូវបានសម្តេច ស ខេង បានឲ្យដឹងថា ករណីលោក កឹម សុខា ត្រូវបានសិក្សាពីបញ្ហាដើម ឬអំពីមូលហេតុរបស់គាត់ ដែល​ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។

សម្តេចលើកឡើងថា ករណីលោក កឹម សុខា កំពុងតែស្ថិតក្នុងនីតិវិធីរបស់តុលាការ ដូច្នេះ គាត់មិនអាចនិយាយបានថា ត្រូវផ្តល់សិទ្ធិ ឬមិនផ្តល់សិទ្ធិនោះទេ។

សូមជម្រាបថា តុលាការកំពូល​បានចេញដីកាហាមឃាត់អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ១១៨នាក់ មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។ ដើម្បីដោះបម្រាមនេះ អ្នកតំណាងរាស្ត្រ គ ណបក្សប្រជាជនកម្ពុជា បានស្នើសុំធ្វើវិសោធនកម្មមាត្រា៤៥ថ្មី(ស្ទួន) ដែលជាការបើកផ្លូវដល់អ្នកនយោបាយទាំងនោះ ឲ្យមានសិទ្ធិធ្វើនយោបាយឡើងវិញ។

សេចក្តីស្នើវិសោធនកម្មមាត្រា៤៥ថ្មី(ស្ទួន) ត្រូវបានអ្នកតំណាងរាស្ត្រចំនួន៨៧រូប បានស្នើសុំធ្វើវិសោធនកម្មទៅជាសេចក្តីស្នើច្បាប់មាត្រា៤៥ ថ្មី(ស្ទួនមួយ) ដែលមានខ្លឹមសារយ៉ាងដូច្នេះថា បុគ្គលដែលត្រូវតុលាការសម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយមិនអាចបង្កើត គណបក្សនយោបាយ ឬចូលរួមក្នុងគណបក្សនយោបាយណាមួយ ឬឈរឈ្មោះឲ្យគេបោះឆ្នោត ឬធ្វើសកម្មភាពណាមួយគាំទ្រ ឬប្រឆាំងគណបក្សណាមួយបានឡើយ។ បុគ្គល ដែល បានតុលាការសម្រេចហាមឃាត់ ការធ្វើសកម្មភាពនយោបាយនេះ នឹងអាចទទួលបានវិញនូវសិទ្ធិនយោបាយពេញលេញ ដោយពេញច្បាប់  បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត់ ដែលកំណត់ដោយសាលដីការបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះ ត្រូវបានផ្តល់នីតិសម្បទាឡើងវិញ ដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្ត្រី តាមសេចក្តីស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post