header ads

Sponsor

ភ្នំពេញៈ ថៅកែហាងកែសម្ផស្ស ឌែម៉ូគ្លីនិក ដែលសមត្ថកិច្ចបានដោះលែងឲ្យមានសេរីភាពវិញ កាលពីព្រលប់ថ្ងៃទី២មករា ឆ្នាំ២០១៩ ត្រូវបានឃាត់ខ្លួនលើកទី២ នាថ្ងៃទី៣ ខែមករា ដើម្បីកសាងសំណុណរឿងបញ្ជូនឡើងតុលាការ ។

ប្រភពព័ត៌មានច្បាស់ការពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ហូវ ដាណេ ត្រូវបានឃាត់ខ្លួននាវេលាថ្ងៃត្រង់នេះ បញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសដើម្បីចាត់ការតាមច្បាប់ បន្ទាប់ពីសមត្ថកិច្ចពិនិត្យឃើញថា សកម្មភាព និងចម្លើយសារភាពរបស់ជនសង្ស័យមានចេតនាទុច្ចរិត ក្នុងការប្រើប្រាស់រូបភាពវីដេអូរនៅក្នុងទូរស័ព្ទដៃ ស្ដីពីសកម្មភាពក្រុមគ្រូពេទ្យវះកាត់ដេរប្រដាប់ភេទក្រុមតារា ដើម្បីជំរុញបង្ខំទារប្រាក់ពីជនរងគ្រោះជាថ្នូរនឹងការមិនបង្ហោះរូបភាព លើបណ្ដាញសង្គម ហ្វេសបុក ។

បើតាមប្រភពព័ត៌មានបានបញ្ជាក់ថា ជនសង្ស័យហូវ ដាណេ អាចនឹងត្រូវបញ្ជូនមកតុលាការនៅរសៀលថ្ងៃទី ៣មករា ឬក៏ព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩យ៉ាងយូរ ។

រហូតមកដល់ម៉ោង១៧ ព្រលប់ថ្ងៃទី ៣ មករា សមត្ថកិច្ចបានបញ្ជូនដៃគូរបស់ជនសង្ស័យ ហូវ ដេណេ មកដល់អយ្យការហើយ ដែលសំណុំរឿងនេះតំណាងអយ្យការកំពង់សាកសួរ ។ ជនសង្ស័យនេះឈ្មោះ ពៅ សុីណាត ភេទស្រី ជាគ្រូពេទ្យផ្នែកដេរ វះកាត់គ្រឿងក្រោមប្រចាំគ្លីនិកឌែរម៉ូ ។

ចំណែកជនសង្ស័យហូវ ដាណេ ត្រូវបានប្រភពមួយបង្ហើបឲ្យដឹងថា គ្រាន់តែដឹងថាត្រូវបញ្ជូនឡើងតុលាការស្រាប់តែវិលមុខធីងធោងរកកល់ដួលសន្លប់ ហើយក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ ។

សូមបញ្ជាក់ថា ជនសង្ស័យ ហូវ ដាណេ ត្រូវបានសមត្ថកិច្ចអាវុធហត្ថដោះលែងឲ្យមានសេរីភាពវិញកាលពីព្រលប់ថ្ងៃទី២ ខែមករា បន្ទាប់ពីមានអន្តរាគមពីសំណាក់លោកប្រធានតុលាការខេត្តម្នាក់ ចេញមុខធានា ថែមទាំងបានរារាំងមិនឲ្យសមត្ថកិច្ចដកហូតឯកសារថតរូបមួយចំនួនពីកាមេរ៉ានៅក្នុងគ្លីនិកឌែម៉ូនោះទៀតផង ។ ប៉ុន្តែក្រោយពីបានដោះលែងបានមួយយប់ ស្រាប់តែមានបញ្ជាឲ្យឃាត់ខ្លួនជនសង្ស័យវិញនាថ្ងៃទី ៣ ខែមករានេះដើម្បីបញ្ជូនឲ្យតុលាការសម្រេចតាមច្បាប់ ។

ជនសង្ស័យ ហូវ ដាណេ ត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួន ពាក់ព័ន្ធករណីថតវីដេអូ អតិថិជន ដែលទៅទទួលសេវាកម្ម កែសម្ផស្សដើម្បីគំរាមទារប្រាក់ ។

ប្រភពបញ្ជាក់ថាជនរងគ្រោះបានប្តឹង ស្ត្រីសង្ស័យ ដោយចោទប្រកាន់ថា ជនសង្ស័យ បានបើកហាងកែសម្ផស្សខាងលើដោយ ផ្តល់សេវាកម្មកែសម្ផស្សចាក់ថ្នាំឲ្យស និងដេរប្រដាប់ភេទស្ត្រីៗ (ធ្លាប់រួមភេទរួច) ឲ្យរួមតូចដូចនៅក្រមុំ ( ហ្ស៊ីន ) វិញដោយយកតម្លៃ៧០០ដុល្លារក្នុងប្រដាប់ភេទមួយ ។

លុះពេលពេលផ្តល់សេវារួចរាល់ ស្រាប់តែមានវិក្កយបត្រ២ គឺមួយតម្លៃ៧០០ដុល្លារ និងមួយទៀតតម្លៃ ២៨.០០០ដុល្លារ ដោយអះអាងថា តម្លៃ២៨.០០០ដុល្លារ ជាសេវាចាក់ថ្នាំផ្សេងៗ ។

ពេលនោះជនរងគ្រោះបានតវ៉ា លើសេវាផ្សេងៗ ដោយសុំបង់លុយត្រឹម២០០០ដុល្លារ ប៉ុន្តែស្ត្រីសង្ស័យ មិនយល់ព្រម ហើយបានទាមទារ៨០០០ដុល្លារ បើមិនបាន៨០០០ដុល្លារទេ គេនឹងបង្ហោះវីដេអូលើបណ្តាញសង្គមហ្វេសប៊ុកឲ្យខ្មាស់គេ អំពីរូបភាពជនរងគ្រោះកំពុងទទួលសេវាដេរកែប្រដាប់ភេទ ។

ក្រោយទទួលការគំរាមបែបនេះ ទើបជនរងគ្រោះសម្រេចដាក់ពាក្យប្តឹងទៅការិយាល័យកងរាជអាវុធហត្ថលើផ្ទៃ ប្រទេសឲ្យចាប់ខ្លួនស្ត្រីសង្ស័យ ឈ្មោះ ហូវ ដាណេ តែម្តង ។

សមត្ថកិច្ចជំនាញបានខ្សឹបប្រាប់ថា ក្រោយពេលចាប់ខ្លួន នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ ជនសង្ស័យ ហូវ ដាណេ បានសារភាពថា រាល់ពេលខ្លួនផ្តល់សេវកម្មជូនអតិថិជន គឺភាគច្រើនជាតារា និងស្រីស្អាត គឺតែងតែលួចថតវីដេអូនៅក្នុងទូរស័ព្ទដៃ និងកាមេរ៉ាជាដើម ដោយក្រុមតារាទាំងនោះមិនដឹងខ្លួនទេ ។

ខាងលើនេះគ្រាន់តែព័ត៌មានពីខាងសមត្ថកិច្ចប៉ុណ្ណោះ ចំណែកជនសង្ស័យនៅមិនទាន់មានការឆ្លើយបំភ្លឺបែបណាទេ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post