Sponsor

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ប្រទេសរុស្ស៊ី បានបន្សល់ទុកនូវស្នាដៃ ជាប្រវត្តិសាស្រ្តមួយចំនួននៅកម្ពុជា ដូចជា មន្ទីរពេទ្យរុស្ស៊ី និងសាលាតិចណូ ដែលស្នាដៃទាំងពីរនេះ បានផ្តល់ផលប្រយោជន៍ដល់ពលរដ្ឋ និងសិស្សនិស្សិតជាច្រើនរូបនៅកម្ពុជា។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោក Ilyas Umakhanov អនុប្រធានក្រុមប្រឹក្សា សហព័ន្ធនៃសហព័ន្ធរុស្ស៊ី នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ទំនាក់ទំនងរវាងកម្ពុជា-រុស្សី គឺជាទំនាក់ទំនងប្រវត្តិសាស្រ្ត ជាពិសេសមិត្តរុស្ស៊ីបានជួយកម្ពុជា នៅពេលជួបការលំបាកបំផុត ក្រោយពីទើបរំដោះប្រទេសចេញរួច ពីរបបប្រល័យពូជសាសន៍ប៉ុលពត។

សម្ដេចបន្តថា ប្រទេសរុស្ស៊ី ក៏បានបន្សល់ទុកនូវស្នាដៃ ប្រវត្តិសាស្ត្រមួយចំនួននៅប្រទេសកម្ពុជា ដូចជា មន្ទីរពេទ្យរុស្ស៊ី និងសាលាតិចណូជាដើម។ ទន្ទឹមនឹងនេះ មិត្តរុស្ស៊ី ក៏បានជួយដល់កម្ពុជា ក្នុងការបណ្ដុះបណ្ដាល ធនធានមនុស្សនៅប្រទេសរុស្ស៊ីផ្ទាល់ ដែលសព្វថ្ងៃនេះ បញ្ញវ័ន្តទាំងនោះ បាននឹងកំពុងបំពេញការងារ នៅក្នុងជួររាជរដ្ឋាភិបាលកម្ពុជា

សម្តេចតេជោ​ អំណរគុណចំពោះរដ្ឋាភិបាល និងប្រជាពលរដ្ឋរុស្ស៊ី ដែលបានជួយកម្ពុជាលើវិស័យផ្សេងៗ ជាច្រើនទៀតនៅកម្ពុជា។

ចំណែកលោក Ilyas បានគោរពថ្លែងអំណរគុណចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានទទួលស្វាគមន៍យ៉ាងរាក់ទាក់បំផុតចំពោះរូបលោកផ្ទាល់ ក៏ដូចជាប្រតិភូជាន់ខ្ពស់របស់លោកដែលបានមកកាន់កម្ពុជា ដើម្បីចូលរួមក្នុងវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ (APPF-27) និងអបអរសាទរ ការប្រកាសបើកជាផ្លូវការ ក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ។

លោក Ilyas អបអរសាទរចំពោះការរៀបចំវេទិការ (APPF-27) និង ការប្រកាសបើក ក្រុមប្រឹក្សា (ACC) នៅលើទឹកដីកម្ពុជាជាលើកដំបូង។ ទន្ទឹមនឹងនេះ លោក Ilyas ថា រុស្ស៊ីឆ្នាំនេះ ចាត់ទុកថា ជាឆ្នាំនៃវប្បធម៌របស់កម្ពុជា ដែលប្រតិភូជាន់ខ្ពស់របស់ លោកទាំងអស់នឹងខិតខំប្រឹងប្រែង ធ្វើយ៉ាងណាឲ្យព្រឹត្តិការណ៍ឆ្នាំ នៃវប្បធម៌កម្ពុជានៅ រុស្ស៊ីឆ្នាំនេះ ទទួលបានជោគជ័យ ដើម្បីរួមចំណែកក្នុងការជំរុញទំនាក់ទំនង រវាងប្រទេសទាំងពីរឲ្យកាន់តែល្អ ព្រោះកម្ពុជា- រុស្ស៊ី ធ្លាប់មានប្រវត្តិទាក់ទំនងជាយូរមកហើយ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor