header ads

Sponsor

ភ្នំពេញៈ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានទទូចឲ្យលោក សម រង្ស៊ី អញ្ជើញមកស្រុកខ្មែរ បើចង់ធ្វើជាវីរៈបុរសចំពោះអ្នកគាំទ្រខ្លួន និងបានដាក់រហស្សនាមថា ជាមនុស្សកំសាក និងពូកែបោក។ ការលើកឡើងរបស់អ្នកនាំពាក្យបក្សកាន់អំណាចនេះ បន្ទាប់លោក សម រង្ស៊ី អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ បានប្រកាសជាបន្តបន្ទាប់ប្រាប់អ្នកគាំទ្រខ្លួនតាមបណ្តាញសង្គមថា លោកនឹងវិលចូលស្រុកខ្មែរវិញឆាប់ៗនេះ។

យ៉ាងណាក្តី លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៩នេះថា លោក សម​ រង្ស៊ី ជាមេភូតកុហក និងបោកប្រាស់គ្មានគូប្រៀបនោះទេ។

លោកបន្តថា លោក សម រង្ស៊ី ប្រហែលជាមានសញ្ញាបត្រខ្ពស់ខាងភូតកុហក និងបោកប្រាស់ពីបរទេសហើយមើលទៅ ​បានជានៅពេលមកធ្វើនយោបាយនៅស្រុកខ្មែរ តាំងពីពេលណាមកជាងម្ភៃឆ្នាំហើយ​ ទណ្ឌិតរូបនេះចេះស្ទាត់ជំនាញតែម្តងខាងភូតកុហក និងបោកប្រាស់ ដែលមកដល់ពេលនេះ ត្រូវបានមន្ត្រីជាន់ខ្ពស់របស់ទណ្ឌិតរូបនេះ ដាក់រហស្សនាមឲ្យថា ជាមេដឹកនាំភូតកុហក និងបោកប្រាស់គ្មានគូប្រៀបក្នុងប្រវត្តិសាស្ត្រ។ តើការនិយាយនេះ ពិត ឬមិនពិត​?

ជាមួយគ្នានោះដែរ លោក សុខ ឥសាន ក៏បានលើកឡើងថា បើចង់បញ្ជាក់ថា លោក គង់​ គាំ និយាយមិនពិត ស្នើទណ្ឌិតសម រង្ស៊ី មានសេចក្តីក្លាហានចូលមកក្នុងស្រុកមក​ ពីព្រោះមានប្រជាជនកម្ពុជា នៅរង់ចាំទទួលស្វាគមន៍ច្រើនណាស់​ សូមអញ្ជើញចូលមកកុំបង្អង់យូរ។

លោកបញ្ជាក់ថា "សូមអញ្ជើញចូលមកឲ្យគេឃើញជាក់ស្តែងនឹងភ្នែកតែម្តងទៅ នោះនឹងក្លាយជាវីរបុសខ្មែរ មិនខានឡើយ"។

អ្នកនាំពាក្យបក្សកាន់អំណាចដដែល ក៏បានលើកឡើងថា ផ្ទុយទៅវិញ​បើទណ្ឌិត សម រង្ស៊ី នៅតែមិនហ៊ានចូលមកក្នុងប្រទេសកម្ពុជាទៀតទេ​ បានន័យថា​ ទណ្ឌិតជាមនុស្សមហាកំសាក ​និងគ្មានការទទួលខុសត្រូវ។ តែប្រាកដ​ជានឹងបានទទួលរហស្សនាមថា ជាវីរបុរសឆ្នើមគ្មានគូប្រៀប​ជាមិនខាន។

សូមជម្រាបថា ការលើកឡើងរបស់អ្នកនាំពាក្យនេះ បន្ទាប់លោក សម រង្ស៊ី បង្ហោះសារនៅលើបណ្តាញសង្គមថា លោកនឹងចូលស្រុកវិញ នៅឆ្នាំ២០១៩ឆាប់ៗនេះ។

លោកបានសរសេលើបណ្តាញសង្គមយ៉ាងដូច្នេះថា "នៅថ្ងៃមុនគេបង្អស់ក្នុងឆ្នាំថ្មី២០១៩នេះ ខ្ញុំបង្ហោះរូបថតទាំងនេះ ដែលរំលឹកពីការសប្បាយជួបជុំជាមួយបងប្អូនជនរួមជាតិ និងកូនក្មួយកន្លងមក។ ខ្ញុំជឿជាក់ថា យើងនឹងបានជួបជុំគ្នាវិញ ក្នុងឆ្នាំ២០១៩នេះ។ សូមជូនពរឲ្យបងប្អូនកូនក្មួយ ជួបប្រទះតែសេចក្តីសុខ និងសេចក្តីចម្រើនគ្រប់ប្រការ ចាប់ពីពេលនេះតទៅ"។

គួររំឭកថា បន្ទាប់ពីលោក សម រង្ស៊ី ប្រកាសចូលស្រុក ដោយមានការភ្នាល់ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីមក អ្នកគាំទ្រលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បានរិះគន់លោក សម រង្ស៊ី យ៉ាងខ្លាំង ដោយមិនសមហេតុផលនោះទេ ដែលយកលោក កឹម សុខា ជាកម្មវត្ថុនៃការភ្នាល់គ្នា។ ចំណែកក្រុមអ្នកគាំទ្រលោកឯណោះវិញ បានប្រកាសស្វាគនន៍ចំពោះការប្រកាសវិលចូលស្រុកនោះផងដែរ។ ដោយមន្ត្រីស្តាប់តាមបង្គាប់លោកខ្លះ ប្រកាសភ្នាល់គ្នារហូតឈប់ធ្វើនយោបាយជាមួយបក្សប្រឆាំងថែមទៀត។ អ្នកទាំងនោះ ក៏បានប្រកាសដុតឯកសារទាំងឡាយណា ដែលបានធ្វើការជាមួយគណបក្សបក្សប្រឆាំងនេះ ចោលទៀតផង៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post