header ads

Sponsor

ភ្នំពេញៈ ភ្ញៀវ​២ក្រុម ចូលផឹកស៊ី និងច្រៀងខារ៉ាអូខេក្នុងហាងមួយកន្លែង តែអង្គុយតុជាប់គ្នា ស្រាប់តែស្រវឹងរាងខ្លួន បែរជាច្រៀងឌឺដង មើលមុខ​ជល់កែវ លក្ខណៈឌឺដងដាក់គ្នា រហូតផ្ទុះហិង្សាវាយគ្នា ម្ខាងទាញចាន​ ម្ខាងទាញកែវ​ និងថូស្រាបៀរ និងកៅអី​ វាយនិងគប់គ្នាទៅវិញទៅមក បង្កឲ្យភ្ញាក់ផ្អើលដល់ភ្ញៀវផ្សេងទៀតរត់ជាន់ជើងគ្នា​ រហូតមានអ្នករងរបួសបែកក្បាលទាំងសងខាង​ និងខូចខាត​សម្ភារៈ​អស់ច្រើន ទើបម្ចាស់ហាងទាញទ្វារបិតចាក់សោបង្ខាំងទុកក្នុងហាង រួចរាយការណ៍ប្រាប់សមត្ថកិច្ច​ចុះមកជួយអន្តរាគមន៍​។

ករណីហិង្សា​វាយតប់គ្នាក្នុងហាងផឹកស៊ី បង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង១១៖២០នាទីយប់​ ថ្ងៃសុក្រ​ ទី១៨ ខែមករា ឆ្នាំ២០១៩ នៅចំណុចហាងផឹកស៊ីមួយកន្លែង​ យីហោ “KTV ហ្គោលឌីន ស៊ីធី២” តាមបណ្ដោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់ បានរៀបរាប់ភ្នាក់ងារ​ CAM POSR ថា​ នៅមុនពេលកើតហេតុ គេបានឃើញ​ភាគីទាំងសងខាង​ម្ខាងមានគ្នា៣នាក់​ ម្ខាងទៀតមានគ្នា៤នាក់ បានចូលផឹកស៊ីក្នុងហាងកើតហេតុខាងលើ​ ដោយអង្គុយតុជិតគ្នា លុះពេលស្រវឹងស្រឿងៗ សុំអ្នកលេងភ្លេងច្រៀងមួយបទពីរបទ ដោយស្រែកច្រៀងលក្ខណៈឌឺដង និងងាកមើលមុខ​ ជល់កែវគ្នាលក្ខណៈឌឺដងដាក់គ្នាថែមទៀតផង។

សាក្សីបានបន្តថា​ ក្រោយមកស្រាប់តែផ្ទុះហិង្សាដាក់គ្នាវាយទៅវិញទៅមក បង្កឲ្យភ្ញាក់ផ្អើលដល់ភ្ញៀវផ្សេងទៀតរត់ជាន់ជើងគ្នា​ និងធ្វើឲ្យមានអ្នករងរបួសបែកក្បាល ហូរឈាមជោកខ្លួនទាំងសងខាងភ្លាមនោះ ព្រោះក្នុងពេលវាយគ្នានោះ ភាគីទាំងសងខាង ក៏បានយកចាន​ យកកែវ​ និងថូស្រាបៀរ និងកៅអី​ វាយនិងគប់គ្នាទៅវិញទៅមក បណ្ដាលឲ្យបែកបាក់អស់ជាច្រើនផងដែរ ទើបម្ចាស់ហាងបានឲ្យសន្តិសុខទាញទ្វារបិទមិនឲ្យភាគីទាំងសងខាងចេញទៅក្រៅនោះទេ រួចរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍តែម្ដង។

ក្រោយកើតហេតុ ឃើញកម្លាំងល្បាតប៉ុស្តិ៍នគរបាលចាក់អង្រែលើ រួមទាំងលោកមេប៉ុស្តិ៍ចុះមកដល់ ហើយក៏ចូលទៅធ្វើការសាកសួរ និងសម្របសម្រួលនៅខាងក្នុង​ ហើយសន្តិសុខក៏បិទទ្វារចាក់សោរជាប់​ សូម្បីតែអ្នកសារព័ត៌មាននាំគ្នាសាកសួរ​ ក៏ក្រុមសន្តិសុខ និងនារីបម្រើការក្នុងហាងដែលនៅខាងក្រៅនោះ លាក់បាំង​មិនព្រមប្រាប់ឲ្យដឹងនោះទេ តែបើតាមបុរសម្នាក់ ដែលជាភ្ញៀវចូលផឹកស៊ីក្នុងហាងនោះ ហើយទើបដើរចេញមកបានប្រាប់ថា គ្រាន់តែកែវ និងចាន​ ហោះដូចក្នុងរឿងហុងកុងចឹង រួចក៏ឡើងជិះម៉ូតូចេញបាត់ទៅ។

តែមួយសន្ទុះក្រោយមក ទើបឃើញបើកទ្វារហាងចេញមកខាងក្រៅវិញ ហើយលោក អុំ​ រតនា​ មេប៉ុស្តិ៍ចាក់អង្រែលើ​ បានបញ្ចាក់ប្រាប់អ្នកយកព័ត៌មាន CAM POST ថា ពុំមានរឿងអ្វីកើតឡើងនោះទេ ព្រោះមានការយល់ច្រលំរវាងភាគីទាំងសងខាងប៉ុណ្ណោះ។ ទើបលោកជួយពន្យល់ណែនាំឲ្យភាគីទាំងសងខាងធ្វើការសម្រួលគ្នា ដោយភាគីរបួសទាំងសងខាង​ ក៏យល់ព្រមបញ្ចប់ជម្លោះនោះ ហើយត្រលប់ទៅផ្ទះរៀងខ្លួន ដោយពុំមានភាគីខាងណា សងទៅខាងណានោះទេ ព្រមទាំងម្ចាស់ហាងផងដែរ។

ក្រោយកើតហេតុ​ ភាគីទាំងសងខាង​បាននាំគ្នាត្រលប់ទៅផ្ទះវិញរៀងៗខ្លួន ទើបកម្លាំងសមត្ថកិច្ចខាងលើបានបន្តចេញល្បាត​ក្នុងភូមិសាស្ត្រ​ ដើម្បីរក្សាសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន​ ចំណែកឯហាងកើតហេតុ​វិញ​ បន្ទាប់ពីមានការវាយតប់ គប់គ្នាទៅវិញទៅមក ផ្អើលដល់ភ្ញៀវរត់ចែកជើងគ្នាទៅបាត់អស់នោះ​ ម្ចាស់ហាងបានឲ្យបុគ្គលិកមកបោសសម្អាត និងប្រមូលអំបែងកែវ​ អំបែងចាន​ និងថូស្រាបៀរ​ រួមទាំងកម្ទេចកៅអីបាក់​រាយប៉ាយ​ពេញក្នុងហាង​ យកចេញ​ឲ្យអស់​ ដើម្បីរៀបចំទទួលភ្ញៀវបន្តទៀត​ ដូចគ្មានអ្វីកើតឡើង៕

ផ្ដល់សិទ្ធិដោយ៖ Campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post