
ភ្នំពេញៈ រថយន្ត LEXUS RX400h មួយគ្រឿង ពាក់ស្លាកលេខនគរបាល បានបុកជាមួយរ៉ឺម៉កកង់បី PassApp បណ្តាលឲ្យក្រឡាប់ផ្ងារជើងម្ខាង ហើយសង្កត់អ្នកដំណើរ២នាក់ ធ្វើឲ្យរងរបួសស្រាលផងដែរ។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតមានឡើងនៅវេលាម៉ោង១៖៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ តាមចំណុចផ្លូវបំបែកជាបួន មុខភោជនីយដ្ឋានបុប្ផាគិរីរម្យ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរ៉ឺម៉កកង់បី Pass App មួយគ្រឿង ពណ៌លឿង ពាក់ស្លាកលេខកំពង់ចាម 1L-9041 បើកបរដោយយុវជនម្នាក់ ដឹកភ្ញៀវ២នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ១១៣ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ផ្លូវបំបែកជាបួនជាចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿង LEXUS RX400h ពណ៌ស ពាក់ស្លាកលេខនគរបាល 2-7270 បានធ្វើដំណើរតាមបណ្ដោយផ្លូវ២៧៨ ក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿនយ៉ាងលឿន បានទៅបុកចំផ្នែកចំហៀងខាងក្រោយ បណ្ដាលឲ្យក្រឡាប់ផ្ងារជើង សង្កត់អ្នករួមដំណើរទាំងពីរនាក់នោះ រងរបួសស្រាល ភ្លាមៗនោះប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបាននាំគ្នារត់ចូលមកជួយលើកកង់បីផ្ងារឡើងវិញ ចំណែករថយន្តបានបន្តដំណើរទៅមុខ ប្រហែលជា៤០ម៉ែត្រទៀត ត្រូវបានប្រជាពលរដ្ឋជួយស្ទាក់ឃាត់ ឲ្យឈប់ដោះស្រាយគ្នា នឹងរាយការណ៍ប្រាប់សមត្ថកិច្ចផងដែរ។
ពេលកើតហេតុគេឃើញមានសមត្ថកិច្ចមូលដ្ឋានក៏ដូចជាសមត្ថកិច្ចផ្នែកវាស់វែង នៃអធិការនគរបាលខណ្ឌចំការមន បានចុះមកដល់កន្លែងកើតហេតុ រួចអោយភាគីទាំងសងខាង ធ្វើការដោះស្រាយគ្នា ភាគីម្ចាស់រថយន្តព្រមសងសំណងទៅអោយម្ចាស់រ៉ឺម៉កកង់បី ចំនួន១៣០ដុល្លារ និងអ្នករបួស២នាក់ ៤០ដុលា្លរ ដើម្បីបញ្ចប់រឿង នៅចំពោះមុខសមត្ថកិច្ច និងអ្នកសារព័ត៌មានតែម្ដង៕
















