
ភ្នំពេញៈ មន្ត្រីសូរិយោដីខេត្តរតនគីរីម្នាក់ ជិះម៉ូតូ ICON មួយគ្រឿង ចេញពីញ៉ាំការគេ នៅផ្សារអ៊ីអន២ ត្រឡប់ទៅផ្ទះ តែមកដល់ពាក់កណ្ដាលផ្លូវ ទើបដឹងថា វង្វេងផ្លូវ ហើយឈប់ម៉ូតូអែបខាង ដកទូរស័ព្ទមើល Map ដើម្បីរកមើលផ្លូវ ខណៈផ្លូវស្ងាត់ ស្រាប់តែជនសង្ស័យ៣នាក់ ជិះម៉ូតូ Smash មួយគ្រឿងឌុបគ្នា មកស្ទាក់ពីមុខ រួចដកដាវគំរាមកាប់ ប្លន់យកម៉ូតូ និងទូរស័ព្ទដៃមួយគ្រឿង ហើយជិះគេចខ្លួនបាត់ដោយសុវត្ថិភាព មិនរំខានដល់សមត្ថកិច្ចនោះឡើយ។
ហេតុការណ៍ប្លន់នេះ បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩៖២០នាទីយប់ ថ្ងៃសៅរ៍ ទី១២ ខែមករា ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយផ្លូវមហាវិថីឈ្នះឈ្នះ ត្រង់ចំណុចមាត់បឹងតាមោក ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ឯក តារា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ ជាមន្រ្តីសូរិយោលដីខេត្តរតនគីរី ស្នាក់នៅភូមិចំការឪឡឹក សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកឯម៉ូតូ ដែលត្រូវជនសង្ស័យប្លន់យកទៅបាត់នោះ ម៉ាក Honda Icon ពណ៌ខៀវចាស់ ពាក់ស្លាកលេខភ្នំពេញ 1AZ-0492 នឹងទូរស័ព្ទ SAMSUNG មួយគ្រឿងទៀត។ ចំណែកឯជនសង្ស័យមានគ្នា៣នាក់ ជិះម៉ូតូម៉ាក Suzuki Smash ពណ៌ខ្មៅ (មិនចាំស្លាកលេខ) ប្រដាប់ដោយដាវមួយដើម។
តាមប្រភពព័ត៌មានបានឲ្យខេមប៉ុស្តិ៍ ដឹងថា មុនកើតហេតុជនរងគ្រោះបានមកចូលរួមមង្គលការកូនមិត្តភក្តិនៅផ្សារអ៊ីអន២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បន្ទាប់ពីផឹកស៊ីរួចហើយ បានជិះម៉ូតូមួយគ្រឿងម្នាក់ឯង ត្រឡប់មកផ្ទះវិញនៅខណ្ឌពោធិ៍សែនជ័យ។
ប្រភពបន្តថា ខណៈជិះម៉ូតូមកដល់ផ្លូវហាន់ណូយបានបត់ឆ្វេងជិះរហូតដល់ផ្លូវមហាវិថីឈ្នះឈ្នះបានបត់ឆ្វេងបន្តិច ទើបដឹងថា ខ្លួនជិះវង្វេងផ្លូវហើយ ក៏ឈប់ម៉ូតូអែបខាង ដកទូរស័ព្ទមើល Map ដើម្បីរកមើលផ្លូវ ត្រឡប់ទៅផ្ទះវិញ ខណៈកំពុងចុចមើលទូរស័ព្ទរកផ្លូវ ស្រាប់តែលេចមុខក្រុមជនសង្ស័យ៣នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក Smash ពណ៌ខ្មៅ (មិនចាំស្លាកលេខ) មកឈប់ស្ទាក់ពីមុខម៉ូតូគាត់ ហើយជនសង្ស័យម្នាក់ ដែលអង្គុយពីក្រោយ បានលោតចុះពីលើម៉ូតូ រួចធ្វើសកម្មភាពដកដាវ គំរាមកាប់ ប្លន់យកម៉ូតូរបស់គាត់ រួមទាំងទូរស័ព្ទ ដែលកាន់ជាប់ដៃនោះយកទៅ រួចនាំជិះគ្នាឡើងជិះម៉ូតូគេចខ្លួនចេញទៅបាត់ ដោយសុវត្ថិភាព ព្រោះផ្លូវស្ងាត់ឈឹង តែឃើញសមត្ថកិច្ចល្បាតដែរ តែល្បាតផ្លូវផ្សេង ខណៈជនសង្ស័យមកធ្វើសកម្មភាពផ្លូវផ្សេង ទើបមិនរំខានដល់សមត្ថកិច្ចនោះឡើយ។
ក្រោយកើតហេតុផ្លូវស្ងាត់ជ្រាប មិនដឹងស្រែករកអ្នកណាអោយជួយ ជនរងគ្រោះបានរត់ទៅដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ ដើម្បីឲ្យជួយស្រាវជ្រាវតាមចាប់ខ្លួន យកមកចាត់ការទៅតាមផ្លូវច្បាប់៕






