
ភ្នំពេញៈ ម៉ូតូកង់បី Pass App បើកវ៉ាជែងក្នុងល្បឿនលឿន ចូលទៅគន្លងផ្លូវម្ខាងទៀត ខ្វះការប្រុងប្រយ័ត្ន ក៏ត្រូវរថយន្តស្តារិច បើកទៅបុកចំពេញទំហឹង បណ្តាលឲ្យរមួលរួញគៀបជាប់អ្នកបើកបរនៅក្នុងកង់បី យកមិនចេញ នៅវេលាម៉ោង៥៖៤០នាទីព្រឹកព្រលឹម ថ្ងៃសៅរ៍ ទី១២ ខែមករា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវសហព័ន្ធរុស្ស៊ី មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្ថិតក្នុងភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញម៉ូតូកង់បី Pass App ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 1HF-0953 បើកបរដោយឈ្មោះ ឆាយ ថង ភេទប្រុស អាយុ៤៥ឆ្នាំ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ បើកតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ពីកើតទៅលិច លុះដល់ចំណុចខាងលើ បានវ៉ាជែងរថយន្តចូលទៅគន្លងផ្លូវម្ខាងទៀត ត្រូវក៏រថយន្តមួយគ្រឿង ម៉ាកស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AU-4017 បើកពីលិចទៅកើត ជ្រុលបុកចំពីមុខ បណ្តាលឲ្យរមួលរួញគៀបជាប់អ្នកបើកបរកង់បី ទាញយកមិនចេញ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ច។
បន្តិចក្រោយមកបងប្អូនប្រជាពលរដ្ឋ បានទាក់ទងហៅក្រុមសង្រ្គោះអង្គភាព៧១១ កងពលតូចលេខ៧០ មកជួយទៅជួយវះកាត់ដែកកង់បី ដើម្បីទាញយកជនរងគ្រោះចេញមកក្រៅ ហើយរថយន្តសង្គ្រោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ)។
បច្ចុប្បន្ន រថយន្ត និងម៉ូតូកង់បី PassApp ត្រូវសមត្ថកិច្ចជំនាញចុះទៅពិនិត្យជាក់ស្តែង និងធ្វើការវាស់វែងរួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយពេលក្រោយ៕








